ខ្មែរប៉ុស្ដិ៍ Close

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន៖ កំណើនសេដ្ឋកិច្ចកម្ពុជា កាន់តែរីកលូតលាស់រឹងមាំក្រោមដំបូលសន្តិភាព

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃសុក្រ ទី១៣ ខែធ្នូ ឆ្នាំ២០១៩ ព័ត៌មានទូទៅ 48
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន៖ កំណើនសេដ្ឋកិច្ចកម្ពុជា កាន់តែរីកលូតលាស់រឹងមាំក្រោមដំបូលសន្តិភាព លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន៖ កំណើនសេដ្ឋកិច្ចកម្ពុជា កាន់តែរីកលូតលាស់រឹងមាំក្រោមដំបូលសន្តិភាព

នៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៩ តាមរយៈហ្វេសប៊ុក លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបង្ហាញនូវមោទនភាពដែលកម្ពុជា មានកំណើនសេដ្ឋកិច្ចរីកលូតលាស់ យ៉ាងរឹងមាំ ក្រោមដំបូលសុខសន្តិភាព។

លោកនាយករដ្ឋមន្ត្រីបានលើកឡើងថា ច្បាស់ណាស់ កត្តាសន្តិភាព គឺមានសារៈសំខាន់ខ្លាំងបំផុត ជាពិសេសសម្រាប់ប្រទេសកម្ពុជា ដែលធ្លាប់បានឆ្លងកាត់សង្រ្គាម និងវិនាសកម្មនៃរបបប្រល័យពូជសាសន៍ កន្លងមកដែលបានបំផ្លាញជីវិតមនុស្សរាប់លាននាក់ និងបានធ្វើឲ្យប្រទេសជាតិអន្តរាយ ធ្លាក់ក្រោមចំណុចសូន្យ។ ពិតប្រាកដណាស់ «មានសន្តិភាព ទើបពលរដ្ឋមានសិទ្ឋិសេរីភាព, មានសន្តិភាព ទើបប្រទេសជាតិមានការអភិវឌ្ឍរីកចម្រើនទៅបាន»។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានលើកឡើងទៀតថា សន្តិភាពពេញលេញជាង២០ឆ្នាំមកនេះ គឺបានផ្តល់ឱកាសឲ្យកម្ពុជា បានកសាងអភិវឌ្ឍន៍សង្គមជាតិរីកចម្រើនដល់សព្វថ្ងៃ ដែលបានធ្វើឲ្យសេដ្ឋកិច្ចជាតិ កាន់តែរីកលូតលាស់ជាមួយកំណើនក្នុងរង្វង់ប្រមាណ៧.១% ដែលមានអត្រាអតិផរណាត្រឹមតែ ២.៥%ប៉ុណ្ណោះ។

ក្រោមការដឹកនាំលើមាគា៍ និងទស្សនៈវិស័យច្បាស់លាស់របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលបានអនុវត្តន៍យុទ្ធសាស្ត្រ «ចុងខ្សែពីរនៃចំណងខ្សែមួយ» ដែលសំដៅលើការគ្រប់គ្រងស្ថានភាព នយោបាយឲ្យមានស្ថិរភាពល្អ និង គ្រប់គ្រងស្ថានភាពម៉ាក្រូសេដ្ឋកិច្ច ឲ្យមានស្ថិរភាពរឹងមាំល្អកើនឡើងថែមទៀត។

លោកនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា គិតមកទល់ខែធ្នូ ២០១៩ នេះ ចំណូលដែលបានមកពីរដ្ឋករគយ បើតាមគម្រោងផែនការកំណត់ត្រូវប្រមូលឲ្យបាន២,២៦០លានដុល្លារ។ ប៉ុន្តែមកដល់ត្រឹមថ្ងៃទី៩ ខែធ្នូ ២០១៩ នេះ គឺយើងប្រមូលបាន ៣,០១៣ លានដុល្លារ លើសផែនការប្រមាណ៧៥៨ លានដុល្លារ (ស្មើនឹង៣៣.៥% )។ បើគិតជាមធ្យមចំណូលដែលមកពីរដ្ឋករគយ គឺប្រមូលបានប្រមាណ១០លានដុល្លារ ក្នុងមួយថ្ងៃៗ។ យើងនៅសល់ជិត២០ថ្ងៃទៀត ដែលមិនទាន់បានគិតបូកថែម ហើយដែលយើងរំពឹងថាចំណូលគយគឺនឹងកើនលើសផែនការប្រមាណជាង ៨០០លានដុល្លារ។

ចំពោះចំណូលពីអគ្គពន្ធដាវិញ គឺមានផែនការប្រមូលឲ្យបានប្រមាណ ២,២៨៨ លានដុល្លារ។ ប៉ុន្តែមកទល់ពេលនេះ គឺប្រមូលចំណូលបាន ២,៦៣៤ លានដុល្លាររួចហើយ ដែលពេលនេះបានលើសផែនការប្រមាណ ៣៤៥ លានដុល្លារ។ សរុបក្នុងច្បាប់ផែនការថវិកា ពីរដ្ឋករគយ និងអគ្គពន្ធដាដែលបានដាក់ចេញគឺមានគម្រោងប្រមូលចំណូលប្រមាណ ៤,៥៤៨លានដុល្លារ ។ ប៉ុន្តែរហូតដល់ពេលនេះ គឺប្រមូលបានប្រមាណ ៥,៦៥២ លានដុល្លារ ដែលប្រមូលបានលើសពីផែនការដែលបានកំណត់ប្រមាណ ១,១០៤លានដុល្លាររួចស្រេចទៅហើយ។ នៅសល់១ខែចុងក្រោយនេះ ថវិកាដែលយើងទទួលបានលើសផែនការ ប្រមាណជាង១,៣០០លានដុល្លារ ដែលជាថវិកាដ៏ល្អបានមកពីចំណូលសារពើពន្ធ ហើយដែលមិនទាន់បានបូកបញ្ចូល ពីចំណូល មិនមែនសារពើពន្ធ មានដូចជាចំណូលបានមកពីថ្លៃទិដ្ឋាការទេសចរណ៍, អាការយានដ្ឋាន, អាកាសចរណ៍, ប័ណ្ណចូលទន្សនាអង្គវត្ត និងពីដីកសិកម្ម (ដីសម្បទានសេដ្ឋកិច្ចដែលជួលទៅឲ្យឯកជនវិនិយោគ)…។ល។

លោកនាយករដ្ឋមន្ត្រី ក៏បានលើកឡើងថា នៅពេលនេះរាជរដ្ឋាភិបាលមានថវិកាជាសាច់ប្រាក់ប្រមាណ ៣,៥០០លានដុល្លារ ដែលអាចប្រើបា្រស់បានភ្លាមៗ ដែលមិនបានរួមបញ្ចូលពីទុនបម្រុងអន្តរជាតិប្រមាណ ១៥ពាន់លានដុល្លារ និង មាសប្រមាណ៣០តោន ទៀតផង។

លោកនាយករដ្ឋមន្ត្រី បានបន្ថែមទៀតថា កម្ពុជាដែលបានដើរមកដល់ដំណាក់កាលនេះ គឺដោយសារមានការចូលរួមពីប្រទេសជាដៃគូ ដៃគូវិនិយោគឯកជន និងពីបងប្អូនជនរួមជាតិទាំងអស់គ្នា ដែលបានចូលរួមថែរក្សាការពារសន្តិភាព និងចូលរួមទទួលខុសត្រូវបង់ពន្ឋទាំងអស់គ្នា ដើម្បីកម្ពុជាកាន់តែរីកលូតលាស់ឆាប់រហ័សលឿនទៅមុខ៕

អត្ថបទទាក់ទង