ខ្មែរប៉ុស្ដិ៍ Close

សម្តេចតេជោ ហ៊ុន សែន រំលឹកពីរឿងអតីតកាលក្នុងសម័យប្រជុំព្រឹទ្ធសភានីតិកាលទី៥ លើកដំបូង

ដោយ៖ សុវណ្ណ បុត្រា ​​ | ថ្ងៃពុធ ទី៣ ខែមេសា ឆ្នាំ២០២៤ ព័ត៌មានទូទៅ 58

ក្នុងឱកាសព្រឹទ្ធសភាបើកសម័យប្រជុំលើកដំបូង សម្រាប់នីតិកាលទី៥ នាព្រឹកថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៤ ក្រោមព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតរបស់ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានរំលឹកពីរឿងអតីតកាលថា កាលពី៥៤ឆ្នាំមុន សម្ដេចក្នុងភាពជាយុវវ័យ បានចូលព្រៃតស៊ូតាមការអំពាវនាវរបស់សម្ដេចព្រះនរោត្តម សីហនុ «ព្រះបរមរតនកោដ្ឋ» មកដល់វ័យ៣២ឆ្នាំ សម្ដេច បានក្លាយជានាយករដ្ឋមន្ត្រី ហើយមកដល់វ័យ៧២ឆ្នាំនេះ ក៏បានក្លាយជាប្រធានព្រឹទ្ធសភា ពោលគឺមានលេខ២នៅខាងចុងដូចគ្នា ដែលជារឿងគាប់ជួនមួយ។

ឆ្លៀតក្នុងឱកាសនោះដែរ សម្ដេចតេជោ ហ៊ុន សែន បានផ្ដាំផ្ញើដល់ថ្នាក់ដឹកនាំ សមាជិក សមាជិកាព្រឹទ្ធសភាទាំងឡាយ សូមថែរក្សាសុខភាពឱ្យបានផុតនីតិកាលដែលនឹងចូលមកដល់នៅឆ្នាំ២០៣០ ខណៈសម្ដេចតេជោផ្ទាល់នៅឆ្នាំ២០៣០នោះនឹងឈានចូលដល់វ័យ៧៨ឆ្នាំ។

គួររំលឹកថា កាលពី៥៤ឆ្នាំមុនដែលសម្ដេចតេជោ ហ៊ុន សែន បានសម្រេចចិត្តចូលរួមចលនាតស៊ូព្រៃម៉ាក់គីនោះ គឺកើតឡើងក្រោយការធ្វើរដ្ឋប្រហារទម្លាក់សម្ដេចព្រះនរោត្តម សីហនុ ព្រះប្រមុខសង្គមរាស្ត្រនិយម ពីសំណាក់ក្រុមរបបសាធារណរដ្ឋខ្មែរ។ បន្ទាប់ពីទទួលជ័យជម្នះលើរបបសាធារណរដ្ឋខ្មែរ ខ្មែរក្រហម ក៏ប្រែជាកាប់សម្លាប់ប្រជាពលរដ្ឋខ្មែរគ្នាឯងរាប់លាននាក់ ដែលជាហេតុនាំឱ្យសម្ដេចតេជោ ហ៊ុន សែន និងក្រុមសមមិត្តនាពេលនោះ សម្រេចចិត្តរត់ទៅពឹងជំនួយពីប្រទេសវៀតណាម ដើម្បីវិលមកច្បាំងរំដោះប្រជាពលរដ្ឋខ្មែរពីរបបដ៏ខ្មៅងងឹតនោះ។

ជាមួយគ្នានេះដែរ ជ័យជម្នះលើពួកខ្មែរក្រហម ត្រូវបានប្រកាសជាផ្លូវការនៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ ហើយសម្ដេចតេជោ ហ៊ុន សែន ក៏បានក្លាយជារដ្ឋមន្ត្រីក្រសួងការបរទេស។ រហូតដល់ឆ្នាំ១៩៨៤ សម្ដេចតេជោ ហ៊ុន សែន ក៏បានឡើងកាន់តំណែងជានាយករដ្ឋមន្ត្រី បន្តរហូតដល់ឆ្នាំ២០២៣ ពោលគឺតាំងពីរបបសាធារណរដ្ឋប្រជាមានិតកម្ពុជា របបរដ្ឋកម្ពុជា និងរបបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ ឬព្រះរាជាណាចក្រទី២។ ដូច្នេះ ចាប់ពីឆ្នាំ២០២៤នេះរហូតដល់ឆ្នាំ២០២៩ សម្ដេចតេជោ ហ៊ុន សែន នឹងកាន់តំណែងជាប្រធានព្រឹទ្ធសភា៕

អត្ថបទទាក់ទង