ខ្មែរប៉ុស្ដិ៍ Close

កម្ពុជា-ចិន បន្តកិច្ចសហប្រតិបត្តិការភាពជាដៃគូយុទ្ឋសាស្ត្រ គ្រប់ជ្រុងជ្រោយផ្នែកនយោបាយ សន្តិសុខ និងសេដ្ឋកិច្ច

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃពុធ ទី២៣ ខែមករា ឆ្នាំ២០១៩ ព័ត៌មានទូទៅ 94
កម្ពុជា-ចិន បន្តកិច្ចសហប្រតិបត្តិការភាពជាដៃគូយុទ្ឋសាស្ត្រ គ្រប់ជ្រុងជ្រោយផ្នែកនយោបាយ សន្តិសុខ និងសេដ្ឋកិច្ច កម្ពុជា-ចិន បន្តកិច្ចសហប្រតិបត្តិការភាពជាដៃគូយុទ្ឋសាស្ត្រ គ្រប់ជ្រុងជ្រោយផ្នែកនយោបាយ សន្តិសុខ និងសេដ្ឋកិច្ច

នៅថ្ងៃរសៀលថ្ងៃទី២២ ខែមករា ឆ្នាំ២០១៩ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានអញ្ជើញជួបពិភាក្សាការងារជាមួយ លោក វ៉ាង យ៉ាង ប្រធានសភាប្រឹក្សានយោបាយប្រជាជនចិន។ ក្នុងជំនួបនោះ លោក វ៉ាង យ៉ាង បានមានប្រសាសន៍ស្វាគមន៍លោកនាយករដ្ឋមន្ត្រី ដោយគូសបញ្ជាក់ថា ដំណើរទស្សនកិច្ចរបស់លោកមកប្រទេសចិននៅពេលនេះ គឺជាការរួមចំណែកក្នុងការជំរុញកិច្ចសហប្រតិបត្តិការរវាងប្រទេសចិន។

លោក បានមានប្រសាសន៍ថា លោកនាយករដ្ឋមន្រ្តី គឺជាមេដឹកនាំនយោបាយមួយរូបដែលមានបទពិសោធន៍ច្រើន ហើយលោក ក៏បានអបអរសាទរចំពោះលទ្ធផលនៃការបោះឆ្នោតរបស់ប្រទេសកម្ពុជានៅឆ្នាំ២០១៨កន្លងទៅនេះ ដែលគណបក្សប្រជាជនកម្ពុជា បានឈ្នះភ្លូកទឹកភ្លូកដី និងបានអបអរសាទរលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ដែលត្រូវបានជាប់ឆ្នោតសារជាថ្មីទៀតជានាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាសាជាថ្មីទៀត។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបន្តថា នៅឆ្នាំ២០១៨ កន្លងទៅនេះគឺប្រទេសកម្ពុជា និងប្រទេសចិនបានប្រារព្ធខួបលើកទី៦០ នៃទំនាក់ ទំនងការទូតរវាងប្រទេសទាំងពីរ ហើយលោកបានរំលឹកពីទំនាក់ទំនង និងតួនាទីរបស់សម្ដេចឪ ព្រះនរោត្តមសីហនុ ជាមួយថ្នាក់ដឹកនាំចិន ដូចជា លោកប្រធាន ម៉ៅ សេទុង និងស៊ូ អេនឡាយជាដើម ដែលបានបង្កើតទំនាក់ទំនងទ្វេភាគីនាពេលនោះរវាងប្រទេសយើងទាំងពីរ ហើយទំនាក់ទំនងរវាងប្រទេសទាំងពីរគឺជាពិសេសដោយសារព្រះអង្គបានចាប់ផ្ដើមក្នុងការកសាងទំនាក់ទំនងរវាងចិន និងកម្ពុជាដែលទោះបីជានៅពេលនោះស្ថានភាពអន្តរជាតិមិនផ្ដល់អនុគ្រោះសម្រាប់កម្ពុជាក៏ដោយ ក៏ប៉ុន្តែកម្ពុជាបានគាំទ្រប្រទេសចិនជាពិសេសកៅអីនៅអង្គការ សហប្រជាជាតិ ជាសមាជិកអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខនៃអង្គការសហប្រជាជាតិ ដែលនេះដោយសារសម្ដេចឪមានចក្ខុវិស័យយូរអង្វែងដែលគិតថាពេលនោះគឺចិនអាចតំណាងនៃប្រទេសចិនទាំងមូល ដូច្នេះលោក ក៏បានគោរពនូវចក្ខុវិស័យយូរអង្វែងរបស់ព្រះអង្គក្នុងការកសាងទំនាក់ទំនងចាប់ពីដើមទីរហូតមកដល់ពេលនេះ។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានគូសបញ្ជាក់ថា យើងពិតជាបានទទួលផលប្រយោជន៍ច្រើនពីប្រទេសចិនហើយការរីកចម្រើននេះមិនត្រឹមតែខ្លួនឯងទេគឺសម្រាប់ប្រទេសដទៃផ្សេងទៀតផងដែរ។ ចំពោះគំនិតផ្ដួចផ្ដើមខ្សែក្រវ៉ាត់មួយ ផ្លូវមួយវិញ លោកបានមានប្រសាសន៍ថាពិតជាបានផ្ដល់នូវអត្ថប្រយោជន៍សម្រាប់ភាគីទាំងអស់ដែលចូលរួមនៅក្នុងគំនិតនេះ ហើយផ្អែកទៅលើស្ថានភាពនេះ ចិនក៏ផ្សាភ្ជាប់ជាមួយនឹងយុទ្ធសាស្រ្តចតុកោណរបស់រាជរដ្ឋាភិបាលកម្ពុជាផងដែ។

លោកបានគូសបញ្ជាក់អំពីគម្រោងជាច្រើនដែលស្ថិតនៅក្រោមគំនិតផ្ដួចផ្ដើមខ្សែក្រវ៉ាត់មួយ ផ្លូវមួយ និងយុទ្ធសាស្ត្រចតុកោណនៃរាជរដ្ឋាភិបាលកម្ពុជា ដែលកាលពីម្សិលមិញ លោកបានជួបចរចាជាមួយលោកប្រធានាធិបតី ស៊ី ជីនពីង ក្នុងការពិគ្រោះយោបល់អំពីស្ថានភាពនៅកម្ពុជាជាពិសេសទៅលើសេដ្ឋកិច្ចនៅក្នុងប្រទេសកម្ពុជាកន្លងទៅនេះគឺមានការរីកចម្រើនជាពិសេសកំណើនសេដ្ឋកិច្ច ៧,៣ ភាគរយ ក្នុងឆ្នាំ ២០១៨ កន្លងទៅនេះ ហើយភាពរីកចម្រើននេះក៏ដោយសារមានវិនិយោគរបស់ចិនមកបណ្តាក់ទុននៅក្នុងប្រទេសកម្ពុជាផងដែរ។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏បានអរគុណមិត្តចិនដែលបានប្រកាសថាបង្កើនកូតាឱ្យកម្ពុជានាំអង្ករមកប្រទេសចិនពី ៣០ ទៅ ៤០ ម៉ឺនតោននៅ ២០១៩ នេះ។ លោក ក៏បានអញ្ជើញលោក វ៉ាង យ៉ាង មកទស្សនកិច្ចនៅប្រទេសកម្ពុជានៅពេលណាសមស្របទៅមុខ ហើយលោកប្រធាន ក៏បានឆ្លើយតបអរគុណលោកនាយករដ្ឋមន្រ្តីចំពោះការអញ្ជើញនោះហើយលោកនឹងរកពេលវេលាសមស្របណាមួយនាពេលខាងមុខ។

លោក វ៉ាង យ៉ាង បានគូសបញ្ជាក់ថា បច្ចុប្បន្ននេះចិនបានចាត់ទុកទំនាក់ទំនងរវាងចិន និងកម្ពុជាគឺល្អបំផុតនៅក្នុងប្រវត្តិសាស្ត្រនៃប្រទេសទាំងពីរហើយដោយសារមានកិច្ចសហប្រតិបត្តិការជាច្រើនគ្រប់លំដាប់លើគ្រប់វិស័យជាពិសេសទៀតគឺគេមានកិច្ចសហប្រតិបត្តិការ និងការសម្របសម្រួលរវាងប្រទេសទាំងពីរក្នុងកម្រិតអន្តរជាតិផងដែរ។

លោកបានបន្តថា ចិន នឹងបន្តធ្វើការជាមួយគ្នាទៅលើកិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរជាពិសេសកិច្ចសហប្រតិបត្តិការទៅលើភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយផ្នែកនយោបាយ សន្តិសុខ សេដ្ឋកិច្ច ប្រជាជននិងប្រជាជនផងដែរ។ លោក ពិតជាគាំទ្រចំពោះគ្រប់ទិសដៅរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ដែលបានបង្កើតឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់នោះដែលជាយន្តការថ្មីមួយទៀតក្នុងប្រទេសកម្ពុជានេះហើយលោកថា ស្ថាប័នទាំងសងខាង និងបន្តកសាងទំនាក់ទំនងកាន់តែជិតស្និទ្ធបន្ថែមទៀតហើយនឹងមានការផ្លាស់ប្ដូរការទស្សនកិច្ចគ្នាទៅវិញទៅមកក្នុងកម្រិតខ្ពស់ជាបន្តបន្ទាប់ទៀត៕

អត្ថបទទាក់ទង