លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន៖ ប្រជាពលរដ្ឋយល់កាន់តែច្បាស់អំពីតម្លៃសន្តិភាព និងកេរ្តិ៍ដំណែលនៃទំនៀមទម្លាប់ប្រពៃណីដ៏ល្អឯករបស់កម្ពុជាយើង
នៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៩ តាមរយៈបណ្តាញសង្គមហ្វេសប៊ុកផ្លូវការរបស់ខ្លួន លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានគូសបញ្ជាក់ថា ព្រះរាជពិធីបុណ្យអុំទូក ៣ថ្ងៃបានបញ្ចប់ប្រកបដោយបរិយាកាសសប្បាយរីក រាយក្រៃលែងទាំងនៅក្នុងរាជធានីភ្នំពេញ និងនៅតាមបណ្តាខេត្តនានាទូទាំងប្រទេស។ ទន្ទឹមនឹងនេះដែរ បងប្អូនប្រជាពលរដ្ឋ កូនក្មួយយុវជន និងភ្ញៀវទេសចរអន្តរជាតិ បានយល់កាន់តែច្បាស់អំពីតម្លៃសន្តិភាព ក៏ដូចជាកេរ្តិ៍ដំណែលនៃទំនៀមទម្លាប់ប្រពៃណីដ៏ល្អឯករបស់កម្ពុជាយើង។ គ្មានសន្តិភាព គឺគ្មានអ្វីៗទាំងអស់។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានអរគុណដល់សមត្ថកិច្ច និងកងកម្លាំងប្រដាប់អាវុធគ្រប់ជាន់ថ្នាក់ ដែលបានចូលរួមថែរក្សាការពារសន្តិសុខសុវត្ថិភាពសាធារណៈជូនដល់បងប្អូនប្រជាពលរដ្ឋនិងភ្ញៀវទេសចរអោយមានឱកាសបានសប្បាយរីករាយនៅទូទាំងប្រទេស។ លោកក៏បានអរគុណដល់ក្រសួង មន្ទីរ និងស្ថាបន័ពាក់ព័ន្ធនានារួមទាំងអង្គការ សមាគម ភ្នាក់ងារក្រុមគ្រូ ពេទ្យ សិល្បៈករ សិល្បៈការិនី វិទ្យុ និងទូរទស្សន៍ ព្រម ទាំងបណ្តាក្រុមហ៊ុនទាំងអស់ដែលបានចូលរួមចំណែកនៅក្នុងការរៀបចំព្រះរាជពិធីបុណ្យអុំទូកដែលមានរយៈ ពេល៣ថ្ងៃកន្លងមកនេះជូនបងប្អូនប្រជាពលរដ្ឋបានសប្បាយរីករាយប្រកបដោយភាពអធិកអធម្មបំផុត។ ការចូលរួមរបស់បងប្អូន គឺកំពុងជំរុញអោយសង្គមកម្ពុជាយើងកាន់តែរីកចម្រើនទៅមុខ។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បានជូនពរអោយការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ ក៏ដូចជាកូនក្មួយយុវជន និងកូនក្មួយកម្មករកម្មការនីមានសុខសុវត្ថិភាពតាមផ្លូវពេលវិលត្រឡប់មកកាន់លំនៅដ្ឋាន និងកន្លែងធ្វើការរៀងៗខ្លួនរបស់កូនក្មួយទាំងអស់គ្នា៕