ខ្មែរប៉ុស្ដិ៍ Close

វិស័យបោសសម្អាតមីននៅតែជាការងារអាទិភាពមួយ ក្នុងការចូលរួមផ្ដល់សុខសុវត្ថិភាព និងការកាត់បន្ថយភាពក្រីក្រនៅកម្ពុជា

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃពុធ ទី២៤ ខែកុម្ភៈ ឆ្នាំ២០២១ ព័ត៌មានទូទៅ 46
វិស័យបោសសម្អាតមីននៅតែជាការងារអាទិភាពមួយ ក្នុងការចូលរួមផ្ដល់សុខសុវត្ថិភាព និងការកាត់បន្ថយភាពក្រីក្រនៅកម្ពុជា វិស័យបោសសម្អាតមីននៅតែជាការងារអាទិភាពមួយ ក្នុងការចូលរួមផ្ដល់សុខសុវត្ថិភាព និងការកាត់បន្ថយភាពក្រីក្រនៅកម្ពុជា

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅតែចាត់ទុកវិស័យបោសសម្អាតមីនជាការងារអាទិភាពមួយរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការចូលរួមផ្ដល់សុខសុវត្ថិភាព និងការកាត់បន្ថយភាពក្រីក្រនៅកម្ពុជា ដើម្បីធ្វើយ៉ាងណាឱ្យប្រជាពលរដ្ឋរស់នៅដោយសុខក្សេមក្សាន្ត រួចចាកផុតទុក្ខពីគ្រាប់មីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម ។

តាមរយៈសារលិខិតក្នុងឱកាស ប្រារព្ធខួបលើកទី២២ នៃទិវាជាតិយល់ដឹងអំពីមីន ២៤ កុម្ភៈ ឆ្នាំ២០២១ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នាយក រដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា ក្នុងនាមជាប្រទេសស្រលាញ់សុខសន្តិភាព រាជរដ្ឋាភិបាលកម្ពុជា ក៏តែងតែយកចិត្តទុកដាក់គិតគូរនិងបានរួមចំណែកយ៉ាងសកម្មក្នុងការជួយសម្រាលទុក្ខ លំបាករបស់បណ្តាប្រទេសដែលរងផលប៉ះពាល់ដូចគ្នាតាមរយៈការបញ្ជូនកងកម្លាំងរក្សាសន្តិភាពចូលរួមបំពេញបេសកកម្មក្នុងក្របខ័ណ្ឌប្រតិបត្តិការរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ ក្នុងប្រទេសចំនួន ៩ រួមមាន ប្រទេសស៊ូដង់ ស៊ូដង់ខាងត្បូង លីបង់ ស៊ីប ស៊ីរី យេម៉ែន ឆាដ ម៉ាលី និងអាហ្វ្រិកណ្តាល សរុបចំនួន ៧ ១២៣នាក់ នារី ៤១៩នាក់។

សារលិខិតរបស់លោកនាយករដ្ឋមន្ត្រី បន្តថា ជាមួយនឹងសមិទ្ធផលគួរជាទីមោទនៈនេះ លោកនាយករដ្ឋមន្ត្រី សូមឆ្លៀតយកឱកាសនេះសម្តែងនូវអំណរគុណយ៉ាងជ្រាលជ្រៅនិងស្មោះស្ម័គ្របំផុតជូនចំពោះប្រទេសម្ចាស់ជំនួយ ដៃគូអភិវឌ្ឍ ប្រតិបត្តិករជាតិនិងអន្តរជាតិ ជាពិសេសប្អូនៗ ក្មួយៗជាអ្នកដោះមីនដែលបានខិតខំចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជាក្នុងកិច្ចការ បោសសម្អាតមីនលក្ខណៈមនុស្សធម៌នេះ ដែលលោកនាយករដ្ឋមន្ត្រី បានចាត់ទុកវិស័យបោសសម្អាតមីនជាការងារអាទិភាពមួយរបស់រាជ រដ្ឋាភិបាលកម្ពុជា ក្នុងការចូលរួមផ្ដល់សុខសុវត្ថិភាព និងការកាត់បន្ថយភាពក្រីក្រនៅកម្ពុជា។

សារលិខិតរបស់លោកនាយករដ្ឋមន្ត្រី បន្ថែមថា ថ្វីបើវិស័យសកម្មភាពមីនបាននិងកំពុងទទួលលទ្ធផលដ៏ធំធេងយ៉ាងណាក៏ដោយ កម្ពុជាត្រូវធ្វើការបោសសម្អាតផ្ទៃដីដែល មានមីនចំនួន ៨៣៥ គីឡូម៉ែត្រក្រឡា និងសំណល់ជាតិផ្ទុះពីសង្គ្រាមរួមទាំងគ្រាប់បែកចង្កោម ចំនួន១ ៣១៦ គីឡូម៉ែត្រក្រឡាបន្ថែម ទៀត ដើម្បីសម្រេចបាននូវចក្ខុវិស័យតាមផែនការយុទ្ធសាស្ត្រជាតិ-កម្ពុជាមួយគ្មានមីនឆ្នាំ២០២៥”។ ជាមួយគ្នានេះការងារអប់រំកាត់បន្ថយគ្រោះថ្នាក់ដោយសារមីន គ្រាប់បែកចង្កោម និងសំណល់ជាតិផ្ទុះពីសង្គ្រាម នៅតែជាកិច្ចការដ៏ចាំបាច់មួយ ក្នុងការកាត់បន្ថយគ្រោះថ្នាក់ និងផលប៉ះពាល់អវិជ្ជមាន ដោយសារគ្រឿងផ្ទុះទាំងនេះនៅតាមសហគមន៍៕

អត្ថបទទាក់ទង