ខ្មែរប៉ុស្ដិ៍ Close

លិខិត្តមហាជន៖ «តើ កឹម សុខា ជានរណា?»

ដោយ៖ លី វិទ្យា ​​ | ថ្ងៃអង្គារ ទី១២ ខែវិច្ឆិកា ឆ្នាំ២០១៩ ទស្សនៈ - នយោបាយ 62
លិខិត្តមហាជន៖ «តើ កឹម សុខា ជានរណា?» លិខិត្តមហាជន៖ «តើ កឹម សុខា ជានរណា?»

ខ្ញុំពិតជាដេកមិនលក់ទេពេលឃើញលោក កឹម សុខា ត្រូវបានតុលាការក្រុងភ្នំពេញបន្ធូរបន្ថយទោសមួយកម្រិតធំទៀត ដោយអនុញ្ញាតឲ្យមានសេរីភាពអាចធ្វើដំណើរបានគ្រប់ទិសទីនៅក្នុងប្រទេស។ លោក កឹម សុខា ពេលនេះអាចមានសេរីភាពអាចជួបជុំមិត្តភ័ក្តិ និងអាចទទួលភ្ញៀវបរទេសបាន។ ទោះជាមិនទាន់មានសិទ្ធិចេញទៅក្រៅប្រទេសនិងមិនទាន់មានសិទ្ធិធ្វើនយោបាយមែនពិត ប៉ុន្តែខ្ញុំយល់ឃើញថា នេះជាការចាប់ផ្តើមជាថ្មីឡើងវិញក្នុងការរំកឹលខ្លួនទៅកាន់ទីខ្ពស់របស់លោក កឹម សុខា។ ប្រហែលបន្តិចទៀត លោក កឹម សុខា អាចនឹងមានសេរីភាពទាំងស្រុងឡើងវិញជាមិនខាន។

ហេតុអីខ្ញុំត្រូវខ្វល់រឿងនេះ? ពីព្រោះខ្ញុំចង់ឲ្យបងប្អូនទាំងអស់ស្វែងយល់ជាមួយខ្ញុំថា តើ កឹម សុខា ជាអ្នកណា?

រូបខ្ញុំដែលជាអតីតបុគ្គលិកបម្រើការងារនៅរោងចក្រសុរាគាកម្ពុជាក្រោយឆ្នាំ ១៩៧៩ ដែលធ្លាប់ជាសហការរីករាយជាមួយលោក កឹម សុខានិងធ្លាប់លួចបញ្ជេញមេស្រាទៅលក់យកលុយចាយជាមួយលោក កឹម សុខា ខ្ញុំពិតជាបានស្គាល់លោក កឹមសុខា ច្បាស់គួរសមដែរ។ ហេតុដូច្នេះហើយបានជាខ្ញុំតែងតាមដានសកម្មភាពនយោបាយរបស់លោក កឹម សុខា ជាប្រចាំ។ តាមការសង្កេតនិងការយល់ឃើញរបស់ខ្ញុំ រដ្ឋាភិបាល លោក ហ៊ុន សែន ដែលបានផ្តល់សេរីភាពឲ្យលោក កឹម សុខា កាន់តែទូលាយជាងមុនជាលំដាប់និងក៏ប្រហែលជាអាចឈានទៅទទួលបានសេរីភាពទាំងស្រុងនាពេលខាងមុខ គឺទំនងជាមិនមែនដើម្បីជាថ្នូរជាមួយ EBA និង GSP ដូចដែលអ្នកខ្លះបានវិភាគនោះឡើយ ពីព្រោះខ្ញុំយល់ថា សំរាប់លោក ហ៊ុន សែន «ពេលវេលាគឺជាអាវុធយុទ្ធសាស្ត្ររបស់គាត់»។ ដូច្នេះ ស្របពេលដែលមេធាវី លោក កឹម សុខា ដាក់ពាក្យស្នើសុំផងនោះ ការបើកក្រោលអោយ កឹម សុខាដើរហើរបានគឺប្រាកដជាលោក ហ៊ុន សែនមានបំណងឆក់ឱកាសនៃការបរាជ័យផែនការ ៩វិច្ឆិកា របស់លោក សម រង្ស៊ី ដើម្បីបញ្ចប់ជីវិតនយោបាយលោក សម រង្ស៊ី តែម្តង។

សូមកុំភ្លេចថា វត្តមាន របស់កឹម សុខា ក្នុងឆាក នយោបាយជាថ្មីនាពេលខាងមុខ នឹងបញ្ចប់ស្ថានភាពដែលអតីតបក្សសង្គ្រោះជាតិមានក្បាលពីរដូចសព្វថ្ងៃពីព្រោះលោក កឹម សុខា នឹងត្រូវកាន់តួនាទីជាប្រធានគណបក្សពេញសិទ្ធិឡើងវិញ ហើយ សម រង្ស៊ី ក៏លែងអាចធ្វើអ្វីតាមតែអំពើចិត្តបានតទៅទៀតដែរ ។ ម្យ៉ាងទៀត ការវិលវិញរបស់លោក កឹម សុខា ក្នុងនាមជាប្រធានបក្សសង្គ្រោះជាតិ ក៏អាចបិទបញ្ចប់តួនាទីជានិមិត្តរូបរបស់លោក សម រង្ស៊ី ក្នុងនាមជាប្រធានស្តីទីដែលបានមកពីការប្លន់អំណាចដោយខុសលក្ខន្តិកៈបក្សត្រឹមនេះដែរ។ និយាយឲ្យចំ ខ្ញុំយល់ឃើញថា ពេលនេះ ជាពេលវេលាសមស្របដែលលោក ហ៊ុន សែនប្រើប្រាស់កូនអុករបស់ខ្លួនឈ្មោះ កឹម សុខា បន្តទៀតហើយបន្ទាប់ពីលោក សម រង្ស៊ី អស់តម្លៃ សម្រាប់គណបក្សប្រឆាំងនេះតទៅទៀតហើយនោះ។

ដើម្បីយល់ច្បាស់ថា តើកឹម សុខា ជានរណា គួរគប្បីស្វែងយល់ពីសាវតាលោកកឹម សុខា ហើយនឹងភាពពាក់ព័ន្ធជាមួយលោក ហ៊ុន សែន។

លោក កឹម សុខា ធ្លាប់បម្រើការងារនៅសង្កាត់ទឹកល្អក់និងនៅរោងចក្រសុរាគាកម្ពុជាទាំងនៅកំពង់សោមនិងភ្នំពេញក្រោមការគ្រប់គ្រងរបស់ក្រសួងឧស្សាហកម្មកាលពីក្រោយឆ្នាំ ១៩៧៩។ លោកក៏ធ្លាប់ត្រូវបានរដ្ឋាភិបាលគណបក្សប្រជាជនកម្ពុជាបញ្ជូនទៅរៀននៅប្រទេសឆេកូផងដែរ មុននឹងប្រឡួកចូលក្នុងឆាកនយោបាយ។ យើងត្រូវយល់ថា មុនឈានដល់ការដាក់ចេញគោលនយោបាយបង្រួបបង្រួមជាតិក្នុងចុងទស្សវត្ស៨០ មានមនុស្សច្រើនណាស់ដែលគណបក្សប្រជាជនកម្ពុជាបានបញ្ជូនចូលទៅក្នុងគ្រប់ភាគីបដិបក្ខដែលបោះទីតាំងនៅតាមបណ្តាយព្រំដែនកម្ពុជា-ថៃ។ លោក ហ៊ុន សែន គឺជាមេដឹកនាំដែលមានទស្សនៈវិស័យវែងឆ្ងាយហើយពោរពេញទៅដោយបទពិសោធន៍ និងសម្បូរដោយុទ្ធសាស្ត្រពិជ័យសង្គ្រាមយ៉ាងក្រាស់ក្រែល ហើយលោក ហ៊ុន សែន ក៏ជាអ្នកស្ទាត់ជំនាញក្នុងការប្រើយុទ្ធវិធីបែងភាគដែលនរណាៗក៏ពិបាកយល់និងពិបាកទាយទុកជាមុនដែរ។

សម្រាប់លោក ហ៊ុន សែន ការបង្កើតឲ្យមានភ្នាក់ងារសម្ងាត់ម្នាក់បង្កប់នៅក្នុងជួរសត្រូវគឺស្មើនឹងគាត់មានកងទ័ព ១ម៉ឺននាក់នៅក្នុងដៃ។ យុទ្ធសាស្ត្រនេះត្រូវបានលោក ហ៊ុន សែន ប្រើតាំងពីទសវត្សទី៨០ មកតាមរយៈការ បញ្ជូនភ្នាក់ងារជាច្រើនទៅក្នុងជំរុំ ត្រីភាគីលើទឹកដីថៃ។ ក្រោយមក អ្នកទាំងអស់នោះបានជ្រៀតចូលទៅក្នុងបក្សនយោបាយនិងអង្គការសង្គមស៊ីវិលគ្រប់ផ្នែក។ ហេតុដូច្នេះហើយបានជាលោក ហ៊ុន សែន តែងតែដឹងជាមុននូវផែនការនិងជំហ៊ានដើររបស់គូប្រជែង រឺ សត្រូវរបស់គាត់។ ប្រការទាំងអស់នេះហើយបានជាគាត់អាចកាន់អំណាចបានយ៉ាងយូរនិងនៅតែរឹងមាំដដែល ហើយសត្រូវរបស់គាត់តែងតែវិនាសដោយការបែកបាក់ផ្ទៃក្នុង។

ឥឡូវយើងក្រឡេកមកមើលប្រវត្តិនយោបាយលោក កឹម សុខា វិញម្តង។

លោកកឹម សុខា ធ្លាប់ជា សមាជិករណសិរ្សជាតិរំដោះពលរដ្ឋខ្មែរចន្លោះឆ្នាំ ១៩៩២ ដល់ ១៩៩៣ និងធ្លាប់ជាសមាជិករបស់គណបក្សគណបក្សប្រជាធិបតេយ្យ សេរីនិយមព្រះពុទ្ធសាសនារបស់លោកតា សឺន សាន ចន្លោះពីឆ្នាំ ១៩៩៣ ដល់ ១៩៩៩។

មកដល់ចំណុចនេះ ខ្ញុំនឹកឃើញរឿងអាថ៌កំបាំងមួយ៖

មុនពេលឈប់ពីការងារទៅចូលជាមួយលោកតា សឺន សាន លោក កឹម សុខាបានជួបជាសម្ងាត់ជាមួយមន្ត្រីជាន់ខ្ពស់ក្រសួងឧស្សាហកម្មដែលខ្ញុំគិតថាជាចំណុចសំខាន់បំផុតមួយដែលយើងត្រូវពិចារណា។ បន្ទាប់មក កឹម សុខា បានទៅចូលរួមជាមួយគណបក្សហ្វ៊ុនស៊ិនប៉ិចចន្លោះឆ្នាំ ១៩៩៩ ដល់ ២០០២ ។ គណបក្សទាំងពីរចុងក្រោយនេះបានបែកបាក់ទាំងអង្គការចាត់តាំងនយោបាយ ទាំងមេដឹកនាំក៏ត្រូវជួបបញ្ហាចាក់ស្រេះ។ បន្ទាប់មកលោក កឹម សុខា ក៏បានចេញពីឆាកនយោបាយនៅឆ្នាំ ២០០២ ដើម្បីទៅដឹកនាំមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាដែលគេដឹងថា មានលោក ហ៊ុន សែន ជាអ្នកជួយជ្រោមជ្រែងពីក្រោយខ្នង។ ពេលដែលគណបក្ស សម រង្ស៊ី របស់លោក សម រង្ស៊ី កំពុងមានប្រជាប្រិយភាពកើនឡើងជាលំដាប់ លោក កឹម សុខា ក៏ហក់ចូលឆាកនយោបាយជាថ្មីដោយបង្កើតគណបក្សសិទ្ធិមនុស្សកម្ពុជានៅឆ្នាំ ២០០៧ ។

ហេតុអ្វីត្រូវបង្កើតគណបក្សសិទ្ធិមនុស្ស? គោលដៅគឺគ្មានអ្វីក្រៅពីដើម្បីបំបែកសំឡេងក្រុមប្រឆាំងកុំឲ្យលោក សម រង្ស៊ី ប្រមូលយកតែម្នាក់ឯងនោះឡើយ។

កាលណោះ ខ្ញុំនៅចាំបានថា លោក កឹម សុខា បានវាយប្រហារលោក សម រង្ស៊ី យ៉ាងចាស់ដៃនិងបានបកអាក្រាតលោក សម រង្ស៊ី គ្រប់បែបយ៉ាងដែលធ្វើឲ្យលោក សម រង្ស៊ី មិនអាចងើបមុខរួច។ ការបំបាក់ប្រជាប្រិយភាពលោក សម រង្ស៊ី មិនគ្រប់គ្រាន់ទេ តែគោលដៅរបស់លោក ហ៊ុន សែន គឺបំផ្លាញចោលគណបក្សដឹកនាំដោយលោក សម រង្ស៊ី តែម្តងដោយប្រើដៃកូនអុករបស់គាត់គឺលោក កឹម សុខា។ ដូចការគ្រោងទុក នៅឆ្នាំ ២០១២ លោក ហ៊ុន សែន បានសម្រេចបញ្ជូន លោក កឹម សុខា ឲ្យចូលទៅពាក់ព័ន្ធដោយផ្ទាល់ជាមួយលោក សម រង្ស៊ី តាមរយៈការរួមគ្នាបង្កើតគណបក្សសង្គ្រោះជាតិ។

ខ្ញុំបានទាយទុកជាមុនថា សង្គ្រោះជាតិនឹងមានវាសនាមិនខុសពី BLDP របស់លោកតា សឺន សាន និង FUNCINPEC របស់ទ្រង់រណឬទ្ធិឡើយ។ ពិតជាដូចការទស្សន៍ទាយមែន! ទីបំផុតលោក កឹម សុខា រកមូលហេតុឲ្យលោក ហ៊ុន សែនដើម្បីរំលាយបក្សសង្គ្រោះជាតិទាល់តែបាន។ អ្វីដែលគួរឲ្យកត់សម្គាល់គឺ ក្នុងកំឡុងពេលដែលលោក កឹម សុខា ត្រូវបានចាប់ឃុំខ្លួន លោក កឹម សុខា បានប្រាប់ឲ្យក្រុមអ្នកគាំទ្រគាត់ទាំងអស់នៅស្ងៀមស្ងាត់ទុកឲ្យក្រុមលោក សម រង្ស៊ី លោតលេងប៉ាហ៊ីម្នាក់ឯងដើម្បីធ្វើឲ្យសង្គ្រោះជាតិបែកជាពីរ។

បច្ចុប្បន្ន ពេលបំបែកបក្សសង្គ្រោះជាតិបានសម្រេច និងជាពិសេសពេលលោក សម រង្ស៊ី កំពុងចុះដុនដាបយ៉ាងខ្លាំងក្រោយពីបរាជ័យនៃផែនការ ៩ វិច្ឆិកា លោក ហ៊ុន សែន ក៏ផ្តើមបញ្ចេញលោក កឹម សុខា ឲ្យមកដើរតួជំនួសលោក សម រង្ស៊ី វិញម្តង។ តើអ្នកណាខ្លះមិនជឿរឿងនេះ? មានអ្នកណាខ្លះចាំសម្តីលោក ហ៊ុន សែន ទេថា លោកនឹងធ្វើឲ្យ «សត្រូវរស់តែមិនខ្លាំង ខ្សោយតែមិនស្លាប់»។ នេះគឺជារឿងពិត! គណបក្សសង្គ្រោះជាតិមិនស្លាប់ទេ គឺត្រូវបន្តរស់តែមិនអាចខ្លាំងបានឡើយ។ នៅពេលសង្គ្រោះជាតិឡើងប្រជាប្រិយភាពខ្លាំង លោក ហ៊ុន សែន កម្ទេចចោល តែពេលនេះ សង្គ្រោះជាតិជិតដាច់ខ្យល់ស្លាប់ លោក ហ៊ុន សែន នឹងបន្តក់ឧកស៊ីហ្សែនឲ្យដើម្បីរស់បន្តទៀត។ តើពិតដែរឬទេបងប្អូន?

និយាយពីលោកនាយករដ្ធមន្ត្រីហ៊ុន សែន វិញម្តង!

នរណាៗក៏ដឹងដែរថា គាត់ជាមនុស្សសម្បូរដោយយុទ្ធសាស្ត្រពិជ័យសង្គ្រាមយ៉ាងជ្រៅជ្រះ។ លោក ហ៊ុន សែន មិនគ្រាន់តែសិក្សាយ៉ាងច្បាស់លាស់ពីតម្រាពិជ័យសង្គ្រាមសាមកុកប៉ុណ្ណោះទេ ប៉ុន្តែអ្នកនយោបាយជើងចាស់ម្នាក់នេះថែមទាំងបានឆ្លងកាត់បទពិសោធន៍លើសមរភូមិជាក់ស្តែងយ៉ាងជោគជាំផងដែរ។ ក្នុងដំណើរនយោបាយរបស់ខ្លួន លោក ហ៊ុន សែន តែងប្រើវិធីបំបែកគូបដិបក្ខបានជោគជ័យជារៀងដរាបតាមរយៈការប្រើប្រាស់កូនអុករបស់ខ្លួនដែលបង្កប់នៅក្នុងជួរសត្រូវ។

ហេតុដូច្នេះហើយបានជាគ្រប់គណបក្សទាំងអស់ដែលប៉ះជាមួយលោក ហ៊ុន សែន សុទ្ធតែទទួលវាសនាដូចគ្នាគឺរលាយរលត់នៅទីបំផុត។ បច្ចុប្បន្ន លោក ហ៊ុន សែននៅតែខ្លាំងក្នុងរឿងនេះដដែលដោយគ្មានអ្នកណាប្រៀបបានឡើយ។ ជាក់ស្តែង ក្រឡាអុកនយោបាយដែលលោក ហ៊ុន សែន លេងពេលនេះក៏ស្ថិតក្នុងសេណារីយ៉ូរបស់គាត់ទាំងស្រុង។ ទាំង សម រង្ស៊ី ទាំង កឹម សុខា សុទ្ធតែជាកូនអុកដែល លោក ហ៊ុន សែន ប្រើបានទាំងអស់។ កាលពីឆ្នាំ ២០០៦ លោក ហ៊ុន សែន បានប្រើកូនអុក សម រង្ស៊ី ឲ្យជួយក្រែប្រែរដ្ឋធម្មនុញ្ញពី ២ភាគ៣ ទៅ ៥០%+១ វិញដោយជោគជ័យ។ បន្ទាប់មកទៀត លោក សម រង្ស៊ី ត្រូវបានលោក ហ៊ុន សែន ប្រើប្រាស់ដើម្បីឲ្យជួយលំអរសួនប្រជាធិបតេយ្យនៅកម្ពុជា និងជួយសង្គ្រោះសភាពការណ៍នៅពេលមានការជាប់គាំងខ្លាំង។ ការរត់ចូលសភាជាច្រើនលើកក្រោយមានការជាប់គាំងនយោបាយក្រោយការបោះឆ្នោតគឺជាឧទាហរណ៍ជាក់ស្តែង។ ពីពេលនេះតទៅ កូនអុកដ៏សំខាន់បំផុតរបស់លោក ហ៊ុន សែន គឺ កឹម សុខា នេះហើយ។ កឹម សុខា នឹងក្លាយជាតួឯកបន្ទាប់ពីចេញពីការឃុំឃាំង។ សារព័ត៌មានក្នុងស្រុកនិងបរទេស បានចាប់ផ្តើមនិយាយពីលោក កឹម សុខា គ្រប់គ្នាដោយបំភ្លេចចោលលោក សម រង្ស៊ី ជាបណ្តើរៗ។

តាមរយៈហេតុការណ៍ដែលខ្ញុំបានលើកឡើងខាងលើនេះ គេអាចមើលឃើញយ៉ាងច្បាស់ថា លោក កឹម សុខា គឺជាតួអង្គដែលជួយឲ្យនយោបាយរបស់លោក ហ៊ុន សែន សម្រេចជោគជ័យជាដរាប។ ដូច្នេះ ឆ្លងកាត់ហេតុការណ៍ទាំងនេះ ខ្ញុំអាចសន្និដ្ឋានបានហើយថា តើកឹមសុខាជានរណា? លោក ហ៊ុន សែនតែងតែប្រដៅជារឿយរឿយថា «ប្រយ័ត្នមេមាន់បណ្តើរកូនទា»។ ដូច្នេះ សូមបងប្អូនអ្នកនយោបាយប្រឆាំងពិចារណានិងស្វែងយល់អំពីអាថ៌កំបាំងដ៏សែនជ្រៅនេះផង៕

ដោយ: អតីតបុគ្គលិករោងចក្រសុរាគាកម្ពុជាក្នុងសម័យសាធារណរដ្ឋប្រជាមានិតុកម្ពុជា

អត្ថបទទាក់ទង