ខ្មែរប៉ុស្ដិ៍ Close

    សិង្ហបុរីចាប់អារម្មណ៍ខ្លាំងចំពោះការវិនិយោគនៅកម្ពុជា លើវិស័យកសិកម្ម វិស័យសំណង់ និងវិស័យជាច្រើនទៀត

    ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃព្រហស្បតិ៍ ទី៣១ ខែតុលា ឆ្នាំ២០១៩ ព័ត៌មានទូទៅ 996
    សិង្ហបុរីចាប់អារម្មណ៍ខ្លាំងចំពោះការវិនិយោគនៅកម្ពុជា លើវិស័យកសិកម្ម វិស័យសំណង់ និងវិស័យជាច្រើនទៀតសិង្ហបុរីចាប់អារម្មណ៍ខ្លាំងចំពោះការវិនិយោគនៅកម្ពុជា លើវិស័យកសិកម្ម វិស័យសំណង់ និងវិស័យជាច្រើនទៀត

    នៅរសៀលថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៩ លោក ងួន រតនៈ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងាជាមួយលោកMichael Tan អគ្គរដ្ឋទូតសិង្ហបុរី ប្រចាំនៅកម្ពុជា ព្រមទាំសហការី នៅសាលប្រជុំសាលាខេត្តបាត់ដំបង។ ក្នុងជំនួបពិភាក្សារនេះផងដែរ គឺផ្តោតសំខាន់ទៅកិច្ចសហប្រតិបត្តិការ និងសិក្សាស្វែងយល់ពីសក្តានុពលរបស់ខេត្តបាត់ដំបងលើការវិនិយោគ ជាពិសេសវិស័យកសិកម្ម ទេសចរណ៍ និងវិស័យសំណង់។

    លោកអភិបាលខេត្តបាត់ដំបង បានមានប្រសាសន៍ថ្លែងអំណរគុណដល់លោក Michael Tan អគ្គរដ្ឋទូតសិង្ហបុរី ប្រចាំនៅកម្ពុជា ព្រមទាំសហការី ដែលបានអញ្ជើញមកបំពេញទស្សនកិច្ចនៅទឹកដីខេត្តបាត់ដំបងព្រមទាំងបានបង្ហាញជូននូវសក្តានុពល និងភូមិសាស្ត្រមួយចំនួននៅក្នុងខេត្តបាត់ដំបង។ លោក ក៏បានស្នើឱ្យ ឯកអគ្គរាជទូតសិង្ហបុរី ប្រចាំនៅកម្ពុជា ជួយជំរុញដល់អ្នកវិនិយោគទុកសិង្ហបុរី មកធ្វើការវិនិយោគលើវិស័យមានសក្ដានុពលមួយចំនួននៅខេត្តបាត់ដំបងខណៈពួកគេកំពុងមានការចាប់អារម្មណ៍ នៅខេត្តមួយចំនួនក្នុងប្រទេសកម្ពុជា។

    លោកអភិបាលខេត្ត បានបន្តថា ចំណែកនៅខេត្តបាត់ដំបងពុំទាន់មានការវិនិយោគលើវិស័យនានា ពីសំណាក់វិនិយោគទុនសិង្ហបុរីនោះទេ ខណៈដែលខេត្តមួយនេះកំពុងមានការរីកចម្រើនលើវិស័យ កសិកម្ម ទេសចរណ៍ និងវិស័យសំណង់ និងវិស័យផ្សេងៗជាច្រើនទៀត។

    លោក Michael Tan បានមានប្រសាសន៍តាមរយៈអ្នកបកប្រែថា សិង្ហបុរីមានការចាប់អារម្មណ៍ខ្លាំងចំពោះខេត្តបាត់ដំបងទៅលើវិស័យមួយចំនួន មានវិស័យកសិកម្ម និងសំណង់ជាដើម ខណៈដែលប្រទេសមួយចំនួន ក៏បានចាប់អារម្មណ៍ផងដែរ ដែលចំណុចនេះហើយ ទើបលោក បានដឹកនាំគណៈប្រតិភូចុះមកមើលដោយផ្ទាល់ ព្រមទាំងពិនិត្យមើលវិស័យផ្សេងៗទៀត ក្នុងការវិធ្វើនិយោគទុនរវាងសិង្ហបុរី និងកម្ពុជា ក្នុងខេត្តបាត់ដំបង។

    លោកឯកអគ្គរដ្ឋទូត បានបន្ថែមថា ក្នុងខែធ្នូ ឆ្នាំ២០១៩ នឹងមានសហការីមកពីប្រទេសសិង្ហបុរីជំនាញផ្នែកនគរូបនីយកម្ម មកកាន់ខេត្តបាត់បាត់ដំបង ដែលនេះជាឱកាសមួយសម្រាប់អាជ្ញាធរខេត្ត ក្នុងការជួបពិភាក្សាលើការងារនគរូបនីយកម្ម ព្រមទាំងអាចលើកយកបញ្ហាទីក្រុងវៃឆ្លាត អេកូរទេសចណ៍ និងវិស័យមួយចំនួនទៀតមកពិភាក្សាក្នុងជំនួបនោះ។

    លោកអភិបាលខេត្តបាត់ដំបង បានបញ្ជាក់ថា អាជ្ញាធរខេត្តមានសូមស្វាគមន៍យ៉ាងកក់ក្ដៅ ចំពោះគណៈប្រតិភូសិង្ហបុរី ដែលនឹងមកខេត្តបាត់ដំបង នាចុងឆ្នាំ២០១៩ ដោយនឹងជួបពិភាក្សាជាមួយពួកគេ លើបញ្ហាមួយចំនួនរួមមាន បញ្ហាទឹកស្អាត ភាពកក់ខ្វក់នៅក្នុងទីក្រុង និងបញ្ហាផ្សេងទៀត និងវិស័យមានសក្ដានុពលមួយចំនួន ដើម្បីឲ្យអ្នកទាំងនោះមានការចាប់អារម្មណ៍ ហើយគៀរគរអ្នកវិនិយោគទុនសិង្ហបុរី មកវិនិយោគនៅខេត្តបាត់ដំបង៕

    អត្ថបទទាក់ទង