នាយទាហានជាន់ខ្ពស់កម្ពុជា-ថៃ បើកកិច្ចប្រជុំស្តីពីកិច្ចសហប្រតិបត្តិការចម្រុះ និងពង្រឹងគោលដៅរួមគ្នាលើការរក្សាសន្តិភាពឱ្យកាន់តែរឹងមាំ
នាយទាហានជាន់ខ្ពស់ ក្រុមការងារប្រតិបត្តិការចម្រុះ ទ្វេភាគីកម្ពុជា-ថៃ បានជួបជុំគ្នា ដើម្បីបើកកិច្ចប្រជុំនាយទាហានជាន់ខ្ពស់ទ្វេភាគីកម្ពុជា-ថៃ លើកទី៤ របស់ខ្លួន ដើម្បីពិភាក្សា ត្រួតពិនិត្យឡើងវិញ នូវរាល់ខ្លឹមសាររបាយការណ៍ នៃកិច្ចប្រជុំទ្វេភាគីឆ្នាំមុនៗពីសកម្មភាព និងការអនុវត្តកិច្ចសហប្រតិបត្តិការរួម រវាងកងទ័ពប្រទេសទាំងពីរកន្លងមក ដែលសម្រេចបាន ហើយក៍នឹងពិនិត្យមើលផងដែរ ចំពោះភាពវិជ្ជមាន និងអវិជ្ជមាន នៅចំនុចខ្លះ ដែលពុំទាន់បានធ្វើ និងចំណុចខ្លះ ដែលបានធ្វើទទួលជោគជ័យកន្លងមកដើម្បីរៀបចំចងក្រងជាកំណត់ត្រារបាយការណ៍ និងដាក់ទិសដៅអនុវត្តបន្ត សម្រាប់កិច្ចសហប្រតិបត្តិការទ្វេភាគី លើផែនការ ៥ឆ្នាំខាងមុខទៀត ឲ្យកាន់តែមានប្រសិទ្ធភាព។ កិច្ចប្រជុំនេះ បានប្រព្រឹត្តធ្វើឡើងនៅឯសណ្ឋាគារ អង្គរសេនជូរី នាក្រុង និងខេត្តសៀមរាប ប្រទេសកម្ពុជា ចាប់ពីថ្ងៃទី២៨ ដល់ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៩ ទើបបញ្ចប់។
ក្នុងពិធីបើកកិច្ចប្រជុំនាពេលនោះ គេសង្កេតឃើញវត្តមានភាគីកងយោធពលខេមរភូមិន្ទ ដឹកនាំដោយឧត្តមសេនីយ៍ទោ វ៉ាន់ សុផាន់ណា នាយរងលេខាធិការដ្ឋានសេនាធិការចម្រុះ នៃកងយោធពលខេមរភូមិន្ទ ជាប្រធាន នៃកិច្ចប្រជុំភាគីកម្ពុជា រួមនឹងអនុប្រធាន សមាជិកមកពីអង្គភាពតំណាងឱ្យ ស្ថាប័នអគ្គមេបញ្ជាការ និងសេនាធិការចម្រុះ ស្ថាប័នតំណាងឱ្យមេបញ្ជាការកងទ័ពជើងគោក កងទ័ពជើងទឹក កងទ័ពជើងអាកាស កងរាជអាវុធហត្ថលើផ្ទៃប្រទេស ទីចាត់ការព្រំដែន ទីចាត់ការកលយុទ្ធ និងមន្ត្រីពាក់ព័ន្ធមកពីស្ថាប័នចំណុះឲ្យក្រសួងការពារជាតិ និងអគ្គមេបញ្ជាការជាច្រើនរូប។
ដោយឡែកភាគីកងទ័ពភូមិន្ទថៃ ដឹកនាំដោយ ឧត្តមសេនីយ៍ឯក ធីតធីឆៃ ធានថង (Thitichai Tiantong) នាយកប្រតិបត្តិការចម្រុះកងទ័ពភូមិន្ទថៃ រួមនឹងអនុប្រធាន សមាជិក នៃកិច្ចប្រជុំមកពីស្ថាប័នតំណាងឲ្យកងទ័ពជើងគោក កងទ័ពជើងទឹក កងទ័ពជើងអាកាស និងនាយទាហានមកពីស្ថាប័នពាក់ព័ន្ធរបស់កងទ័ពភូមិន្ទថៃ ជាច្រើនរូបផងដែរ។
សូមបញ្ជាក់ថា កិច្ចប្រជុំនាយទាហានជាន់ខ្ពស់ប្រតិបត្តិការទ្វេភាគីកម្ពុជា-ថៃ ឬថៃ-កម្ពុជានេះ មានអត្ថន័យសំខាន់ណាស់ សម្រាប់កងទ័ពប្រទេសទាំងពីរ ក្នុងការផ្លាស់ប្ដូរ និងផ្ដល់ព័ត៌មានពីគ្នាទៅវិញទៅមក តាមរយៈនៃកិច្ចប្រជុំនេះ កងទ័ពប្រទេសទាំងពីរបានរៀបចំកិច្ចប្រជុំជាច្រើនលើក ក្នុងរយៈពេលឆ្នាំកន្លងមក ដែលរួមមាន៖ កិច្ចប្រជុំលើកទី១, កិច្ចប្រជុំលើកទី២, និងលើកទី៣ បានរៀបចំប្រជុំឆ្លាស់គ្នានៅប្រទេសថៃ និងនៅប្រទេសកម្ពុជា ពិសេសកិច្ចប្រជុំលើកទី៣ នៅទីក្រុងបាងកក ភាគីទាំងពីរ បានឯកភាពគ្នាលើចំណុចមួយចំនួន ដែលភាគីទាំងពីរបានអនុវត្ត និងសម្រេចបានលទ្ធផលជាផ្លែផ្កា និងទទួលបានផលប្រយោជន៍រួមពីគ្នាទៅវិញទៅមក។
យោងតាមកិច្ចសហប្រតិបត្តិការនេះ បានធ្វើឲ្យកងទ័ពប្រទេសទាំងពីរ មានការយោគយល់គ្នា មានទំនាក់ទំនងកាន់តែជិតស្និទ្ធគ្រប់ថ្នាក់ជាមួយគ្នា ក្នុងនោះមានការផ្លាស់ប្ដូរទស្សនកិច្ចពីគ្នាទៅវិញទៅមក ការចាត់បញ្ជូនប្រតិភូទៅចូលរួមកិច្ចប្រជុំផ្សេងៗជាច្រើនលើក ដែលភាគីទាំងពីរទទួលបានផលប្រយោជន៍រួមគ្នាលើការរក្សាសន្តិភាព ស្ថិរភាព ការអភិវឌ្ឍសេដ្ឋកិច្ចរីកចម្រើន និងភាពសុខសាន្តសម្រាប់ប្រជាជនរស់នៅ តាមបណ្ដោយព្រំដែនប្រទេសទាំងពីរ ជាពិសេសការទប់ស្កាត់រាល់ការប៉ុនប៉ងផ្ដួលរំលំ ឬការបង្កវិនាសកម្មគ្រប់បែបយ៉ាងមកលើប្រទេសជិតខាង។
ជាក់ស្ដែងថ្មីៗកន្លងមកនេះ ក្នុងនាមថ្នាក់ដឹកនាំក្រសួងការពារជាតិ អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ ពិសេសរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ប្រធាននៃកិច្ចប្រជុំភាគីកម្ពុជា បានថ្លែងនូវអំណរគុណដល់រាជរដ្ឋាភិបាល និងកងទ័ពភូមិន្ទថៃ ដែលបានផ្ដល់កិច្ចសហប្រតិបត្តិការទប់ស្កាត់មិនឲ្យក្រុមប្រឆាំងកម្ពុជា ប្រើប្រាស់ទឹកដីថៃ ក្នុងការបង្កភាពវឹកវរ ចលាចលដល់កម្ពុជា៕