ខ្មែរប៉ុស្ដិ៍ Close

លោក ទៀ បាញ់ អនុញ្ញាតឱ្យនាយកមជ្ឈមណ្ឌលគាំទ្រភស្តុភារចម្រុះ គណៈកម្មាការយោធាមជ្ឈិមកងទ័ពរំដោះប្រជាជនចិន ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃពុធ ទី៣០ ខែតុលា ឆ្នាំ២០១៩ ព័ត៌មានទូទៅ 53
លោក ទៀ បាញ់ អនុញ្ញាតឱ្យនាយកមជ្ឈមណ្ឌលគាំទ្រភស្តុភារចម្រុះ គណៈកម្មាការយោធាមជ្ឈិមកងទ័ពរំដោះប្រជាជនចិន ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ លោក ទៀ បាញ់ អនុញ្ញាតឱ្យនាយកមជ្ឈមណ្ឌលគាំទ្រភស្តុភារចម្រុះ គណៈកម្មាការយោធាមជ្ឈិមកងទ័ពរំដោះប្រជាជនចិន ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ

លោកឧត្តមសេនីយ៍ទោ រ៉េន ចាងប៊ីន (REN JANBING) នាយកមជ្ឈមណ្ឌលគាំទ្រភស្តុភារ ចម្រុះគណៈកម្មាការយោធាមជ្ឈិម កងទ័ពរំដោះប្រជាជនចិន បានចាត់ទុកប្រទេសកម្ពុជា គឺជាមិត្តដ៏រឹងមាំមួយ របស់ខ្លួនប្រៀបបានជាដែកថែប ស្ថិតនៅគ្រប់ពេលវេលាទាំងអស់ មិនថាកាលៈទេសៈណានោះឡើយ។ ការអះអាងបែបនេះ បានធ្វើឡើងនៅក្នុងឱកាស ដែលលោក ត្រូវបាន លោក ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការពារជាតិ អនុញ្ញាតឱ្យចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នាល្ងាចថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៩ នៅទីស្តីការគណៈរដ្ឋមន្ត្រី។ នៅក្នុងឱកាសនោះដែរ ឧត្តមសេនីយ៍ទោ រ៉េន ចាងប៊ីន ក៏បានលើកឡើងថា កងទ័ពនៃប្រទេស កម្ពុជា គឺជាមិត្តដ៏រឹងមាំជាមួយនឹងប្រទេសចិន ហើយទំនាក់ទំនងកិច្ចសហប្រតិបត្តិការនេះ កាន់តែប្រពៃបន្ថែមទៀត ដូចអ្វីដែលថ្នាក់ដឹកនាំកំពូល នៃប្រទេសទាំងពីរបានសន្យា។ លោក បានបញ្ជាក់ទៀតថា ចិននៅតែបន្តជួយដល់កងទ័ពកម្ពុជាជានិច្ច ទាំងធនធានមនុស្ស សម្ភារៈបច្ចេកទេស ហើយជំនួយទាំងនេះ គឺសុទ្ធតែជាការបញ្ជាក់អំពីទំនាក់ទំនងដ៏ល្អ នៃកងទ័ពទាំងពីរ។

ថ្លែងនៅក្នុងកិច្ចជំនួបនោះដែរ លោក ទៀ បាញ់ ក៏បានថ្លែងអំណរអគុណចំពោះប្រជាជន និងរដ្ឋាភិបាល នៃសាធារណរដ្ឋប្រជាមានិតចិន ដែលបានជួយជ្រោមជ្រែកដល់ប្រទេសកម្ពុជាជារៀងរហូតមក ជាពិសេសជួយដល់កងយោធពលខេមរភូមិន្ទ ទាំងមធ្យោបាយ សម្ភារៈបរិក្ខារ និងបណ្តុះបណ្តាលធនធានមនុស្សជារៀងរាល់ឆ្នាំ ដោយជំនួយឥតសំណងនេះ គឺបង្ហាញឱ្យឃើញថាចិន នៅជិតកម្ពុជាជានិច្ច។ លោក បានបន្តថា កិច្ចសហប្រតិបត្តិគ្រប់ជ្រុងជ្រោយ រវាងកងទ័ព និងប្រជាជនប្រទេសទាំងពីរ កាន់តែប្រសើរឡើងថែមទៀត ពីមួយថ្ងៃទៅមួយថ្ងៃ ហើយលោកសង្ឃឹម និងជឿជាក់ពីមិត្តភាពដូចដែកថែបនេះ មានជារៀងរហូតគ្មានថ្ងៃ ឃ្លាតពីគ្នានោះឡើយ។

សូមបញ្ជាក់ថា ប្រទេសចិន គឺជាប្រទេសទីមួយធំជាងគេ ដែលបានផ្តល់ជំនួយឥតសំណង និងប្រាក់កម្ចីការទាបដល់កម្ពុជាច្រើនជាងគេ ហើយរាល់ជំនួយដែលប្រទេសមហាយក្សនេះជួយ គឺមានដូចជាផ្នែកហេដ្ឋារចនាសម្ព័ន្ធ ធារាសាស្ត្រទឹក វិស័យអប់រំ សុខាភិបាល វិស័យយោធា និងវិស័យជាច្រើនទៀត។ នៅក្នុងឆ្នាំ២០២០ ខាងមុខនេះ រដ្ឋាភិបាលចិន តាមរយៈក្រសួងការពារជាតិរបស់ខ្លួន បានសន្យាថានឹងផ្តល់ជំនួយឥតសំណងទ្វេដង ដល់វិស័យការពារជាតិកម្ពុជា ដោយជំនួយទាំងនេះបើគិតជាទឹកប្រាក់ចំនួន៦០០លានយ័ន ស្មើនឹង ៨៤លានដុល្លារអាម៉េរិក៕់

អត្ថបទទាក់ទង