ខ្មែរប៉ុស្ដិ៍ Close

លោកឧបនាយករដ្ឋមន្រ្តី ទៀ បាញ់ បានបញ្ជាក់ថា ស្ថានភាពព្រំដែនកម្ពុជា-ឡាវ មិនមានភាពតានតឹងនោះទេ ហើយភាគីទាំងពីរកំពុងចរចាគ្នា

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃសៅរ៍ ទី២៤ ខែសីហា ឆ្នាំ២០១៩ ព័ត៌មានទូទៅ 40
លោកឧបនាយករដ្ឋមន្រ្តី ទៀ បាញ់ បានបញ្ជាក់ថា ស្ថានភាពព្រំដែនកម្ពុជា-ឡាវ មិនមានភាពតានតឹងនោះទេ ហើយភាគីទាំងពីរកំពុងចរចាគ្នា លោកឧបនាយករដ្ឋមន្រ្តី ទៀ បាញ់ បានបញ្ជាក់ថា ស្ថានភាពព្រំដែនកម្ពុជា-ឡាវ មិនមានភាពតានតឹងនោះទេ ហើយភាគីទាំងពីរកំពុងចរចាគ្នា

លោកឧបនាយករដ្ឋមន្រ្តី ទៀ បាញ់ រដ្ឋមន្រ្តីក្រសួងការពារជាតិ បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News នៅយប់ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៩ ថារហូតមកដល់ពេលនេះ ស្ថានភាពព្រំដែនកម្ពុជា-ឡាវ មិនមានភាពតានតឹង ឬមានអ្វីធ្ងន់ធ្ងរនោះឡើយ ហើយភាគីទាំងពីរកំពុងតែចរចាគ្នា ដើម្បីរកដំណោះស្រាយ។

លោកឧបនាយករដ្ឋមន្រ្តី ទៀ បាញ់ បានបញ្ជាក់យ៉ាងដូច្នេះថា៖ «តាមគម្រោងគឺស្អែកនេះ គឺមានការពិគ្រោះគ្នាថ្នាក់ខ្ពស់ហើយ មិនមានបញ្ហាទេ យើងនឹងដោះស្រាយហើយ កន្លែងហ្នឹងមានការបកស្រាយហួសហេតុពេក គឺថាទេមិនមានអ្វីដែលជាការប្រឈមខ្លាំងក្លាទេ រឿងតូចតាចមួយហ្នឹង»។

ការបញ្ជាក់របស់ រដ្ឋមន្រ្តីក្រសួងការពារជាតិកម្ពុជា បានធ្វើឡើងបន្ទាប់ពីមានការចែកចាយតគ្នា នូវដំណឹងក្លែងក្លាយដែលថា ស្ថានភាពកម្ពុជា-ឡាវ កំពុងតានតឹងដាក់គ្នាស្ទើតែផ្ទុះអាវុធ នៅពេលដែលកងទ័ពឡាវ និងកម្ពុជា មានវត្តមាននៅព្រំដែនត្រង់ចំណុចព្រំដែនទន្លេល្ពៅ ខេត្តព្រះវិហារ។

ចំពោះបញ្ហានេះ លោកបានបញ្ជាក់ថា ភាគីទាំងពីរកម្ពុជា-ឡាវ តាំងពីដំបូង គឺបានបញ្ជាដាច់ខាត គឺមិនឱ្យមានការប៉ះទង្គិចគ្នានោះទេ ដោយត្រូវឈរទៅលើការជជែកដោះស្រាយដោយសន្តិវិធី ហើយលោកសង្ឃឹមថា រឿងនេះនឹងបានដោះស្រាយចប់ឆាប់ៗនេះ។

បើតាមលោកឧបនាយករដ្ឋមន្រ្តី បញ្ហាព្រំដែនកម្ពុជា-ឡាវនេះ កើតឡើងដោយសារតែតំបន់នោះជាតំបន់មិនទាន់បោះបង្គោលព្រំដែនដាច់ស្រេចនៅឡើយ ហើយប្រជាជនខ្មែរ បានឃើញដីនោះទំនេរ ក៏ទៅបង្កបង្កើនផលទីនោះ ហើយកងទ័ពឡាវបានមកដកដំណាំរបស់ពួកគាត់ ទើបប្រជាជនបានរាយការណ៍ដល់កងកម្លាំងយោធារបស់កម្ពុជា៕

ប្រភព៖ Fresh News

អត្ថបទទាក់ទង