ខ្មែរប៉ុស្ដិ៍ Close

ទ័ពកម្ពុជា-វៀតណាម ឯកភាពគ្នាពង្រឹងចំណងមិត្តភាព កិច្ចសហប្រតិបត្តិការការពារព្រំដែនផ្អែកលើយន្តការក្របខណ្ឌច្បាប់ជាតិ-អន្តរជាតិ

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃអង្គារ ទី២៩ ខែតុលា ឆ្នាំ២០១៩ ព័ត៌មានទូទៅ 44
ទ័ពកម្ពុជា-វៀតណាម ឯកភាពគ្នាពង្រឹងចំណងមិត្តភាព កិច្ចសហប្រតិបត្តិការការពារព្រំដែនផ្អែកលើយន្តការក្របខណ្ឌច្បាប់ជាតិ-អន្តរជាតិ ទ័ពកម្ពុជា-វៀតណាម ឯកភាពគ្នាពង្រឹងចំណងមិត្តភាព កិច្ចសហប្រតិបត្តិការការពារព្រំដែនផ្អែកលើយន្តការក្របខណ្ឌច្បាប់ជាតិ-អន្តរជាតិ

សម្រាប់ទិសដៅការងារឆ្នាំ២០១៩-២០២០ខាងមុខនេះ ភាគីកងទ័ពកម្ពុជា និងភាគីកងទ័ពវៀតណាម បានឯកភាពគ្នាពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការ ឱ្យកាន់តែសកម្ម និងរឹងមាំបន្ថែមទៀតលើការងារគ្រប់គ្រង និងការពារព្រំដែន ដោយផ្អែកលើយន្តការ និងក្របខណ្ឌច្បាប់ជាតិ និងអន្តរជាតិ និងការងារហ្វឹកហ្វឺនបណ្តុះបណ្តាលធនធានមនុស្ស។

ការឯកភាពគ្នាលើចំណុចទាំងនេះ បានធ្វើឡើងនៅថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៩ ក្នុងឱកាសដែលលោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង និងជាមេបញ្ជាការកងទ័ពជើងគោកកម្ពុជា បានដឹកនាំគណៈប្រតិភូកងទ័ពជើងគោក ទៅចូលរួមកិច្ចប្រជុំប្តូរវេនប្រចាំឆ្នាំស្តីពីកិច្ចសហប្រតិបត្តិការលើការងារគ្រប់គ្រង និងការពារព្រំដែនឆ្នាំ២០១៩-២០២០ ជាមួយនឹងបញ្ជាការដ្ឋានកងទ័ពការពារព្រំដែន ក្រសួងការពារប្រទេស នៃសាធារណរដ្ឋសង្គមនិយមវៀតណាម នៅរដ្ឋធានីហាណូយ។

ក្នុងនោះភាគីទាំងពីរ បានធ្វើការពិនិត្យ ពិភាក្សាបូកសរុបលទ្ធផលកិច្ចសហប្រតិបត្តិការលើការងារគ្រប់គ្រង និងការការពារព្រំដែន ក្នុងឆ្នាំ២០១៩ និងលើកទិសដៅឆ្នាំ២០២០។ ភាគីទាំងពីរ បានធ្វើការវាយតម្លៃខ្ពស់ចំពោះលទ្ធផលវិជ្ជមាន នៃកិច្ចសហប្រតិបត្តិការកន្លងមករវាងកងទ័ពនៃប្រទេសទាំងពីរ ដែលបានចូលរួមចំណែកយ៉ាងសំខាន់ ដល់ការថែរក្សាសន្តិភាព ស្ថិរភាព សណ្តាប់ធ្នាប់សាធារណៈ និងសន្តិសុខនៅតាមបណ្តោយព្រំដែន ដែលអំណោយផលដល់ការជំរុញទំនាក់ទំនងសេដ្ឋកិច្ចពាណិជ្ជកម្ម ទៅវិញទៅមក និងបង្កលក្ខណៈងាយស្រួលដល់ជីវភាព រស់នៅរបស់ប្រជាជននៃប្រទេសទាំងពីរ ធានាបាននូវភាពសុខសាន្ត និងឱកាសក្នុងការអភិវឌ្ឍសេដ្ឋកិច្ចទាំងអស់គ្នា។

លទ្ធផលទាំងនេះ គឺផ្លែផ្កានៃកិច្ចសហប្រតិបត្តិជិតស្និទ្ធរវាងបញ្ជាការការដ្ឋានកងទ័ពជើងគោកនៃកងយោធពលខេមរភូមិន្ទ និងបញ្ជាការដ្ឋានកងទ័ពការពារព្រំដែនវៀតណាម ដោយឈរលើស្មារតីមិត្តភាព ការយោគយល់គ្នា និងការទុកចិត្តគ្នាទៅវិញទៅមក ដោយមានការគាំទ្ររបស់ក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងការពារប្រទេស នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ក៏ដូចជាការចូលរួមរបស់ប្រជាជននៃប្រទេសទាំងពីរ។

នៅចុងបញ្ចប់នៃកិច្ចប្រជុំភាគីទាំងពីរ បានចុះហត្ថលេខាលើកំណត់ហេតុកិច្ចប្រជុំទ្វេភាគី និងការជូនវត្ថុអនុស្សាវរីយ៍គ្នាទៅវិញទៅមក ក្នុងបរិយាកាសសប្បាយរីករាយ ស្និទ្ធស្នាល និងស្មារតីកិច្ចសហប្រតិបត្តិការខ្ពស់៕

អត្ថបទទាក់ទង