ខ្មែរប៉ុស្ដិ៍ Close

    លោកឧបនាយករដ្ឋមន្ត្រី ទៀ បាញ់ ថ្លែងបញ្ហាប្រឈម ៣ ធំៗ ក្នុងវេទិកាសៀងសានលើកទី៩ នៅទីក្រុងប៉េកាំង

    ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃព្រហស្បតិ៍ ទី២៤ ខែតុលា ឆ្នាំ២០១៩ ព័ត៌មានទូទៅ 831
    លោកឧបនាយករដ្ឋមន្ត្រី ទៀ បាញ់ ថ្លែងបញ្ហាប្រឈម ៣ ធំៗ ក្នុងវេទិកាសៀងសានលើកទី៩ នៅទីក្រុងប៉េកាំងលោកឧបនាយករដ្ឋមន្ត្រី ទៀ បាញ់ ថ្លែងបញ្ហាប្រឈម ៣ ធំៗ ក្នុងវេទិកាសៀងសានលើកទី៩ នៅទីក្រុងប៉េកាំង

    ក្នុងឱកាសអញ្ជើញទៅបំពេញទស្សនកិច្ចជាផ្លូវការ និងជាមិត្តភាពនៅសាធារណរដ្ឋប្រជាមានិតចិន នៅថ្ងៃទី២១ និង២២ ខែតុលា ឆ្នាំ២០១៩ លោកឧបនាយករដ្ឋមន្ត្រី ទៀ បាញ់ រដ្ឋមន្ត្រីក្រសួងការពារជាតិ អមតំណើរដោយ នាយឧត្តមសេនីយ៍ ណឹម សុវត្ថិ ទីប្រឹក្សាពិសេស និងជាអគ្គនាយក អគ្គនាយកដ្ឋាន នយោបាយ និងកិច្ចការបរទេស និងឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត អគ្គនាយក អគ្គនាយកដ្ឋានស្រាវជ្រាវចារកិច្ច ក្រសួងការពារជាតិ បានចូលរួមក្នុងវេទិកាសៀងសានលើកទី៩ នៅទីក្រុងប៉េកាំង ដែលនៅក្នុងវេទិកាសៀងសាននេះ ត្រូវបានពិភាក្សាលើប្រធានបទសំខាន់ៗ ដែលពាក់ព័ន្ធនឹងបញ្ហាសន្តិសុខក្នុងតំបន់ និងអន្តរជាតិ។

    ថ្លែងទៅកាន់កិច្ចប្រជុំពេញអង្គលើកទី៣ ក្រោមប្រធានបទ “ផលប្រយោជន៍នៃរាល់បណ្តាប្រទេសតូច ប្រទេសមធ្យម និងសន្តិសុខរួម” លោកឧបកនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ថា៖ វេទិកាសៀងសាន គឺជាឱកាសដ៏ល្អប្រសើរមួយ ដើម្បីលើកឡើងពីក្តីកង្វល់រួម និងរកដំណោះស្រាយជាមួយគ្នា លើបញ្ហាទាំងនោះ។

    តាមរយៈវេទិកាសៀងសានលើកទី៩នេះ លោកឧបកនាយករដ្ឋមន្ត្រីបានលើកឡើងនូវបញ្ហាប្រឈមចំនួន៣ ទៅកាន់កិច្ចប្រជុំ ក្នុងនោះបញ្ហាប្រឈមទី១ គឺក្នុងទិដ្ឋភាពទ្រឹស្តី នៃទំនាក់ទំនងអន្តរជាតិ តែងផ្តោតសំខាន់ពីសកម្មភាព នៃប្រទេសមហាអំណាច ធ្វើការសិក្សាពន្យល់ពីឬសគល់នៃជម្លោះរបស់ពួកគេ ហើយស្វែងរកវិធី ដើម្បីធ្វើយ៉ាងណាឱ្យមានតុល្យភាពអំណាចរវាងមហាអំណាច ហើយដែលគេជឿថានេះជាភាពចាំបាច់ដើម្បីរក្សាសន្តិភាពពិភពលោក។ លោកបានបញ្ជាក់ថា គេច្រើនតែមើលរំលងពីផលប្រយោជន៍ និងសំណូមពររបស់ប្រទេសតូច និងមធ្យម ហើយយ៉ាងច្រើនគេបានត្រឹមតែបង្ហាញការអាណិតអាសូរចំពោះប្រទេសតូច និងមធ្យមប៉ុណ្ណោះ។ ប៉ុន្តែជាទូទៅប្រទេសតូច និងមធ្យមត្រូវគេបង្ខំឱ្យលះបង់ផលប្រយោជន៍ជាតិខ្លួន ដើម្បីបុព្វហេតុសន្តិភាពរវាងប្រទេសមហាអំណាច។ លោកក៏បានបញ្ជាក់ទៀតថា ផ្អែកតាមប្រវត្តិសាស្រ្ត យើងបានដឹងហើយថា នៅពេលដែលប្រទេសមហាអំណាចមានទំនាស់នឹងគ្នា ប្រទេសតូចនិងមធ្យមត្រូវបានគេចាប់បង្ខំឱ្យជ្រើសរើសភាគីជម្លោះណាមួយ ឬពេលខ្លះទៀត គឺមហាអំណាចគឺជាអ្នកធ្វើការកំណត់ជំនួសតែម្តង។ ហើយនៅពេលដែលប្រទេសមហាអំណាចត្រូវគ្នា ប្រទេសតូច និងមធ្យមបែរជាក្លាយទៅជារបស់សម្រាប់ប្រទេសមហាអំណាចដោះដូរគ្នាទៅវិញ។

    បញ្ហាប្រឈមទី២ លោកបានលើកឡើងថា ទោះបីជាយើងបានឃើញបញ្ហាទី១ខាងលើនេះ យើងនៅតែមិនអាចគេចផុតពីវាបានទេ។ ពិភពលោកសព្វថ្ងៃគឺមានទំនាក់ទំនងយ៉ាងជិតស្និទ្ធិ និងពឹងពាក់គ្នាទៅវិញទៅមក។ គ្មានប្រទេសណាដែលអាចរស់នៅម្នាក់ឯង ដោយគ្មានការទាក់ទងជាមួយពិភពខាងក្រៅឡើយ ពីព្រោះការរស់នៅបែបនេះជាការលំបាកណាស់។ យ៉ាងណាមិញ នៅពេលដែលយើងបើកចំហទៅកាន់ពិភពលោក យើងច្បាស់ជានឹងត្រូវប្រាស្រ័យទាក់ទងគ្នា ហើយរងនូវឥទ្ធិពលពីទង្វើនៃប្រទេសដទៃ គ្រាន់តែតិច ឬច្រើនប៉ុណ្ណោះ។ ក្នុងន័យនេះ លោកក៏បានបន្ថែមថា ទោះបីចង់ ឬមិនចង់ យើងត្រូវតែទាក់ទងជាមួយប្រទេសទាំងអស់លើពិភពលោក ហើយជាទូទៅការទាក់ទងនេះមិនមែនគ្មានភាពលំអៀងទៅរកប្រទេសធំនោះទេ។

    បញ្ហាប្រឈមទី៣ គឺភាពផ្ទុយគ្នា ឬទំនាក់ទំនងជាវិចារវិទ្យា ក្នុងទំនាក់ទំនងអន្តរជាតិ។ ក្នុងទិដ្ឋភាពមួយ ប្រទេសនីមួយៗចាំបាច់ត្រូវស្វែងរកផលប្រយោជន៍ជាតិរបស់ខ្លួនឱ្យបានច្រើន តាមដែលខ្លួនអាចធ្វើបាន។ ប៉ុន្តែក្នុងទិដ្ឋភាពម្យ៉ាងទៀត គេត្រូវប្រកាន់ខ្ជាប់នូវគោលការណ៍សីលធម៌ក្នុងទំនាក់ទំនងអន្តរជាតិ។ ក្នុងតថភាពជាក់ស្តែងយើងឃើញថាពេលខ្លះប្រទេសធំៗ និងជាមហាអំណាចអាចស្វែងរកផលប្រយោជន៍ជាតិរបស់ខ្លួន ដោយពុំសូវគិតដល់គោលការណ៍សីលធម៌អន្តរជាតិទេ។ ផ្ទុយទៅវិញប្រទេសតូច និងមធ្យមមិនអាចធ្វើបែបនោះបានឡើយ។ នៅពេលដែលប្រទេសតូច និងមធ្យមព្យាយាមធ្វើបែបនេះ ពួកគេច្រើនត្រូវបានរារាំង ដោយលើកពីគោលការណ៍សីលធម៌អន្តរជាតិ។ ជាក់ស្តែងក្នុងករណីកម្ពុជាផ្ទាល់ បើទោះបីជារាជរដ្ឋាភិបាលកម្ពុជាបានប្រឹងប្រែងធ្វើគ្រប់យ៉ាង ដើម្បីជាប្រយោជន៍ដល់ប្រជាជន និងជាតិខ្លួនក៏ដោយ ក៏កម្ពុជានៅតែទទួលរងសម្ពាធពីប្រទេសមួយចំនួន ដែលរិះគន់ជុំវិញបញ្ហាសិទ្ធិមនុស្ស សេរីភាព និងប្រជាធិបតេយ្យ។

    នៅក្នុងកិច្ចប្រជុំវេទិកាសៀងសានលើកទី៩នេះ វាគ្មិនមកពីបណ្តាលប្រទេសដ៏ទែទៀតក៏បានចូលរួមពិភាក្សាផ្លាស់ប្តូរយោបល់គ្នា ដែលទាក់ទងទៅនឹងប្រធានបទថ្មីៗ ស្តីអំពីទំនាក់ទំនងប្រទេសមហាអំណាច និងសណ្តាប់អន្តរជាតិ ការគ្រប់គ្រងហានិភ័យសន្តិសុខនៅអាស៊ីប៉ាស៊ីហ្វិក ការគ្រប់គ្រងអាវុធអន្តរជាតិ និងសន្តិសុខសាកល និងការផ្លាស់ប្តូរទស្សនៈវិស័យដែលទាក់ទងទៅនឹងកិច្ចសហប្រតិបត្តិការរក្សាសន្តិសុខក្នុងតំបន់ និងពិភពលោក៕

    អត្ថបទទាក់ទង