ខ្មែរប៉ុស្ដិ៍ Close

អតីតតំណាងរាស្រ្តគណបក្សសង្រ្គោះជាតិ លោក គង់ បូរ៉ា ចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃព្រហស្បតិ៍ ទី១០ ខែតុលា ឆ្នាំ២០១៩ ព័ត៌មានទូទៅ 43
អតីតតំណាងរាស្រ្តគណបក្សសង្រ្គោះជាតិ លោក គង់ បូរ៉ា ចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា អតីតតំណាងរាស្រ្តគណបក្សសង្រ្គោះជាតិ លោក គង់ បូរ៉ា ចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា

បន្ទាប់ពីទទួលបាននីតិសម្បទាដើម្បីធ្វើនយោបាយឡើងវិញនោះ លោក គង់ បូរ៉ា អតីតតំណាងរាស្រ្តមណ្ឌលខេត្តព្រៃវែង នៃអតីតគណបក្សសង្រ្គោះជាតិ បានចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជាហើយ។

ពិធីទទួលសមាជិកថ្មី គឺលោក គង់ បូរ៉ា និង លោក ដន វ៉ាន់ឌី សមាជិកអតីតគណបក្សសង្រ្គោះជាតិខេត្តព្រៃវែង បានធ្វើឡើងនៅរសៀល ថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៩​នេះ នាទីស្នាក់ការគណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ ក្រោមអធិបតីភាព លោក សក់ សេដ្ឋា សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានគណបក្ស​ប្រជាជនកម្ពុជា គ២៧។

នៅក្នុងពិធីនោះ លោក សក់ សេដ្ឋា បានប្រកាសស្វាគមន៍យ៉ាងកក់ក្តៅចំពោះសមាជិកថ្មីទាំង២រូប ហើយបានលើកឡើងអំពីសវតា និងគោលនយោបាយសំខាន់ៗរបស់គណបក្សប្រជាជនកម្ពុជា ក្នុងការបម្រើជាតិ និងប្រជាពលរដ្ឋ។

ចំណែកលោក គង់ បូរ៉ា និង លោក ដន វ៉ាន់ឌី បានឡើងប្តេជ្ញាចិត្តបម្រើគណបក្សប្រជាជនកម្ពុជា។ លោក គង់ បូរ៉ា បានបញ្ជាក់ប្រាប់ Fresh News ថា ការមកចូលរួមជីវភាពនយោបាយ ជាមួយគណបក្សប្រជាជនកម្ពុជានេះ គឺលោកមិនចង់ពាក់ព័ន្ធជាមួយអតីតគណបក្សសង្រ្គោះជាតិ ដោយសារតែ លោក សម រង្ស៉ី បានព្យាយាមធ្វើឱ្យច្របូកច្របល់ប្រទេស។

លោកអះអាងថា «ដំណាក់កាលនេះ ខ្ញុំបានឃើញថា មេដឹកនាំអតីតគណបក្សសង្រ្គោះជាតិ កាន់តែមានមហិចតាឈូសឆា ធ្វើឱ្យមានសភាពការណ៍វឹកវរក្នុងប្រទេស ធ្វើឱ្យជ្រួលច្របល់ អញ្ចឹងខ្ញុំជាអតីតតំណាងរាស្រ្ត អតីតគណបក្សសង្គ្រោះជាតិ ទោះជាសុំសិទ្ធិធ្វើនយោបាយ ក៏នៅតែមានអ្នកគិតថា ខ្ញុំជាអតីតតំណាងរាស្រ្តគណបក្សសង្រ្គោះជាតិ អញ្ចឹងខ្ញុំសម្រេចចិត្តថា ត្រូវតែចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជន និងរួមកម្លាំងជាមួយអ្នកស្នេហាជាតិនៅក្នុងគណបក្សប្រជាជន»៕

 

ប្រភព៖ Fresh News

អត្ថបទទាក់ទង