ខ្មែរប៉ុស្ដិ៍ Close

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន៖ កម្ពុជាលើកទឹកចិត្ត និងគាំទ្រដល់ការសិក្សារបស់យុវជននៅក្រៅប្រទេស

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃពុធ ទី៩ ខែតុលា ឆ្នាំ២០១៩ ព័ត៌មានទូទៅ 51
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន៖ កម្ពុជាលើកទឹកចិត្ត និងគាំទ្រដល់ការសិក្សារបស់យុវជននៅក្រៅប្រទេស លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន៖ កម្ពុជាលើកទឹកចិត្ត និងគាំទ្រដល់ការសិក្សារបស់យុវជននៅក្រៅប្រទេស

នៅថ្ងៃទី៩ ខែតុលា ឆ្នាំ២០១៩ នៅក្នុងទំព័រហ្វេសប៊ុកផ្លូវការរបស់ខ្លួន លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបញ្ជាក់ថា សុខសន្តិភាព និងស្ថិរភាពសង្គម និងនយោបាយនៅកម្ពុជាជាង៣០ឆ្នាំមកនេះ បានផ្តល់ឱកាសយ៉ាងច្រើនដល់យុវជនក្នុងការសិក្សារៀនសូត្រទាំងនៅក្នុង និងក្រៅប្រទេស និងមានសិស្សានុសិស្ស និងនិស្សិតជាច្រើន បានចេញទៅបន្តការសិក្សានៅឯបរទេសលើមុខជំនាញជាច្រើនក្នុងនោះរួមទាំងវិស័យកងទ័ពផងដែរ។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបញ្ជាក់បន្តថា «វិស័យកងទ័ព គឺជាវិស័យដ៏មានសារៈសំខាន់បំផុតក្នុងការថែរក្សាការពារសន្តិភាព និងបូរណភាពទឹកដីដែលតម្រូវអោយមានការបណ្តុះបណ្តាលធនធានមនុស្សប្រកបដោយគុណភាពទាំងនៅក្នុងនិងក្រៅប្រទេសដែលយើងអាចមានលទ្ធភាពធ្វើទៅបាន។ កន្លងមករាជរដ្ឋាភិបាលកម្ពុជា បានលើកទឹកចិត្ត និងផ្តល់ឱកាសដល់យុវជនជំនាន់ក្រោយអោយទទួលបានសិក្សានៅក្រៅប្រទេសដើម្បីស្វែងរកចំណេះដឹងថ្មីៗ និងបទពិសោធន៍ល្អៗមកជួយអភិវឌ្ឍប្រទេសជាតិ។ មិនថាពួកគេមានប្រភពមកពីណា ឬស្ថិតក្នុងជីវភាពគ្រួសារបែបណា ជាកសិករ អាជីវករ ឬជាមន្ត្រីរាជការ គឺពួកគេទាំងអស់សុទ្ធតែត្រូវបានរាជរដ្ឋាភិបាលផ្តល់ឱកាស ជំរុញ និងលើកទឹកចិត្តឱ្យបានរៀនសូត្រនៅសាលាល្អៗដែលមានកម្មវិធីហ្វឹកហ្វឺនប្រកបដោយគុណភាព។ ជាក់ស្តែងដូចយុវជនប៉ុន្មានរូបនេះ គឺបានតស៊ូ និងអំណត់អត់ធន់រៀនសូត្រនៅបរទេសរហូតបញ្ចប់ការសិក្សាហើយបានវិលមកកាន់មាតុប្រទេសវិញ។ ទន្ទឹមនឹងនោះ ក៏មានយុវជន យុវតីខ្មែរយើងជាច្រើនរូបទៀតដែលបាន និងកំពុងសិក្សាយ៉ាងច្រើននៅបរទេសដើម្បីស្រូបយកចំណេះដឹងថ្មីៗ បទពិសោធន៍ល្អៗ និងជំនាញមកបម្រើប្រទេសជាតិ»។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក្នុងនាមជាប្រមុខដឹកនាំ បានបន្តថា រាជរដ្ឋាភិបាល តែងតែគាំទ្រ ជំរុញ និងលើកទឹកចិត្តដល់យុវជនពីគ្រប់ស្រទាប់វណ្ណៈឱ្យទទួលបានការសិក្សាជ្រៅជ្រះទាំងក្នុងវិស័យកងទ័ព និងនៅក្នុងវិស័យដទៃៗទៀតសម្រាប់យកមកចូលរួមកសាងនិងអភិវឌ្ឍប្រទេសជាតិយើងឱ្យកាន់តែរីកចម្រើន៕

អត្ថបទទាក់ទង