ខ្មែរប៉ុស្ដិ៍ Close

រដ្ឋបាលក្រុងកែបបដិសេធទាំងស្រុងចំពោះការចុះផ្សាយរបស់សារព័ត៌មានCambostarក្រោមចំណងជើងថា «សង្ស័យអាជ្ញាធរក្រុងកែបជាអ្នកបើកដៃឲ្យអាជីវករព្រួតគ្នាកោរភ្ញៀវទេសចរក្នុងថ្ងៃភ្ជុំ»

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃព្រហស្បតិ៍ ទី៣ ខែតុលា ឆ្នាំ២០១៩ ព័ត៌មានទូទៅ 64

រដ្ឋបាលក្រុងកែប ខេត្តកែប បានចេញធ្វើការបំភ្លឺជូនសាធារណជនជ្រាបថា ករណីសារព័ត៌មាន Cambostar បានចុះផ្សាយបន្តលើគេហទំព័ររបស់ខ្លួននៅថ្ងៃទី០១ខែតុលា ឆ្នាំ២០១៩ ក្រោមចំណងជើងថា «សង្ស័យអាជ្ញាធរក្រុងកែបជាអ្នកបើកដៃឲ្យអាជីវករព្រួតគ្នាកោរភ្ញៀវទេសចរក្នុងថ្ងៃភ្ជុំ» គឺជារឿងមិនពិត ដែលបញ្ហានេះត្រូវបានរដ្ឋបាលក្រុងកែប ខេត្តកែប សូមបដិសេធទាំងស្រុង។

ចំពោះករណីកើតឡើងរវាងភ្ញៀវទេសចរ និងអាជីវករលក់ដូរនៅឆ្នេរលេងទឹក (ដូចមានក្នុងវីដេអូឃ្លី) គឺជាករណីយល់ច្រលំដែលកើតឡើងពីអាជីវករមួយចំនួនតូចនិងមិនមែនជាគោលការណ៍របស់រដ្ឋបាលខេត្ត ឬរដ្ឋបាលក្រុងកែបនោះទេ។ ក្រោយពីមានករណីនេះកើតឡើង សមត្ថកិច្ចរបស់រដ្ឋបាលក្រុងកែប ខេត្តកែប បានហៅអាជីវករដែលមានជម្លោះជាមួយភ្ញៀវមកធ្វើការណែនាំបន្ថែមនិងធ្វើកិច្ចសន្យាជាមួយសមត្ថកិច្ចទៀតផង។

កន្លងមកក៏ដូចជាពេលបច្ចុប្បន្ន ជាពិសេសនៅមុនពិធីបុណ្យផ្សេងៗ អាជ្ញាធរខេត្ត អាជ្ញាធរក្រុង បានខំប្រឹងប្រែងអភិវឌ្ឍខេត្ត រៀបចំសោភ័ណភាព សន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈ អប់រំណែនាំអាជីវករ និងទប់ស្កាត់នូវភាពមិនប្រក្រតីនានាជូនប្រជាពលរដ្ឋនិងភ្ញៀវទេសចរចូលមកសម្រាកកំសាន្តនៅខេត្តកែបបានយ៉ាងល្អប្រសើររហូតទទួលបានភ្ញៀវកើនឡើងជាលំដាប់ជាក់ស្ដែងក្នុងឱកាសបុណ្យភ្ជុំបិណ្ឌរយៈពេល៣ថ្ងៃនេះ ចំនួនភ្ញៀវទេសចរដែលមកកម្សាន្តនៅខេត្តកែបមានមានការកើនឡើងក្នុងរង្វង់១០%៕

អត្ថបទទាក់ទង