នាយឧត្តមសេនីយ៍ សៅ សុខា អនុញ្ញាតឱ្យប្រតិភូស្នងការកម្មាភិបាលកងទ័ពប្រជាជនវៀតណាម ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ
នៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៩ នៅបន្ទប់សវនាការ នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស នាយឧត្តមសេនីយ៏ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានទទួលស្វាគមន៏គណៈប្រតិភូស្នងការកម្មាភិបាល និងស្នងការការពារសន្តិសុខកងទ័ពប្រជាជនវៀតណាម ដឹកនាំដោយ លោកឧត្តមសេនីយ៍ត្រី ឡេ ឌឹកម៉ាញ់ អញ្ជើញមកបំពេញទស្សនៈកិច្ចការងារនៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស។
លោកឧត្តមសេនីយ៍ត្រី ឡេ ឌឹកម៉ាញ់ បានវាយតម្លៃខ្ពស់ពីការរីកចំរើន, ការអភិវឌ្ឃន៍លើគ្រប់វិស័យរបស់ប្រទេសកម្ពុជាក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និងការទំនាក់ទំនងនូវសាមគ្គីភាពយ៉ាងជិតស្និត រវាងប្រជាជនវៀតណាម និងប្រជាជនកម្ពុជា កងទ័ពវៀតណាម និងកងទ័ពកម្ពុជា ក្នុងនោះកងរាជអាវុធហត្ថបានសាមគ្គីយ៉ាងល្អជាពិសេសកងរាជអាវុធហត្ថ ដែលនៅជាប់ព្រំប្រទល់ខេត្តនានា ជាមួយវៀតណាម តែងតែសហការគ្នាជានិច្ច។ លោកឧត្តមសេនីយ៍ត្រីបានជម្រាបជូន អំពីការជួបពិភាក្សាការងាជាមួយ និងជំនាញស្នងការដ្ឋានកសាងកម្លាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេស ហើយកិច្ចការពិភាក្សានោះគឺបានលទ្ធផលកិច្ចសហប្រតិបត្តិការល្អ និងទិសដៅដែលត្រូវសហប្រតិបត្តិការបន្ត នៅក្នុងនោះមានការហ្វឹកហ្វឺន, បណ្តោះបណ្តាលធនធានមនុស្ស និងផ្លាស់ប្តូរទស្សនៈកិច្ចទៅវិញទៅមក។
មានមតិឆ្លើយតបវិញ នាយឧត្តមសេនីយ៍ សៅ សុខា បានថ្លែងអំណរគុណចំពោះប្រជាជន, រដ្ឋាភិបាល និងកងទ័ពវៀតណាម ជាពិសេសប្រតិភូទាំងអស់ ដែលបានមកធ្វើទស្សនៈកិច្ច និងសិក្សាស្វែងយល់រវាងកងរាជអាវុធហត្ថកម្ពុជានៅពេលនេះ ដែលប្រទេសយើងទាំងពីរមានចំណងសាមគ្គីភាពយ៉ាងស្អិតរមួត ហើយបានជួយគ្នាទៅវិញទៅមក។ នាយឧត្តមសេនីយ៏បានបន្តទៀតថា សូមសម្តែងនូវការគោរពដឹងគុណយ៉ាងជ្រាលជ្រៅ ចំពោះវីរៈកងទ័ពស្ម័គ្រចិត្តវៀតណាម ដែលហ៊ានលះបង់សាច់ស្រស់ ឈាមស្រស់មកជួយរំដោះប្រជាជនកម្ពុជា ឱ្យរួចផុតពីរបបប្រល័យពូជសាសន៍ប៉ុលពត។
ក្នុងឱកាសនោះដែរ នាយឧត្តមសេនីយ៍បានលើកឡើងអំពីការយកចិត្តទុកដាក់របស់កងទ័ពវៀតណាម មកលើកងយោធពលខេមរភូមិន្ទ និងកងរាជអាវុធហត្ថ មិនតែប៉ុណ្ណោះភាគីមិត្តបានទទួលនាយទាហាន នាយទាហានរង នៃកងយោធពលខេមរភូមិន្ទ និងកងរាជអាវុធហត្ថកម្ពុជា ទៅសិក្សានៅប្រទេសរបស់ខ្លួន ដើម្បីជួយបណ្ដុះបណ្ដាលធនធានមនុស្សបន្ថែមទៀត ៕