កម្ពុជាផ្សព្វផ្សាយសក្តានុពលទេសចរណ៍ វប្បធម៌ និងប្រពៃណីខ្មែរ ក្នុងព្រឹត្តិការណ៍ពិភពលោក នៅប្រទេសបារាំង
ជាយុទ្ធសាស្រ្តក្នុងការទាក់ទាញភ្ញៀវទេសចរណ៍ចម្រុះ មកកាន់ប្រទេសកម្ពុជា កាន់តែច្រើនថែមទៀត កម្ពុជា បានផ្សព្វផ្សាយអំពីសក្តានុពលទេសចរណ៍ វប្បធម៌ និងប្រពៃណីរបស់ខ្លួន ក្នុងព្រឹត្តិការណ៍ពិភពលោក នៅប្រទេសបារាំង ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៩។ គណៈប្រតិភូក្រសួងទេសចរណ៍ដឹកនាំដោយ លោក នី ផល្លី អនុរដ្ឋលេខាធិការ និងសហការី បានចូលរួមព្រឹត្តិការណ៍ពិធីបុណ្យអគ្គកុងស៊ុលពិភពលោកឆ្នាំ២០១៩ (World Consular Festival 2019) នៅទីក្រុងលីយ៉ុង ប្រទេសបារាំង ដែលមានប្រទេសចូលរួមចំនួន៥០។
ព្រឹត្តិការណ៍នេះ មិនមែនត្រឹមតែជាឱកាសក្នុងការពង្រឹងចំណងមិត្តភាពរវាងប្រទេស និងប្រទេសប៉ុណ្ណោះទេ តែជាឱកាសដ៏វិសេសក្នុងការផ្សព្វផ្សាយពីសក្តានុពល និងគោលដៅទេសចរណ៍ដ៏សម្បូរបែបប្រកបដោយភាពទាក់ទាញ វប្បធម៌ និងប្រពៃណីខ្មែរដ៏ឧត្តុងឧត្តមរាប់ពាន់ឆ្នាំ ដល់ពិភពលោក។
ការរៀបចំព្រឹត្តិការណ៍នេះ ត្រូវបានចូលរួម និងជួយគាំទ្រផងដែរពីសមាគមន៍ខ្មែរ បងប្អូនខ្មែររស់នៅលីយ៉ុង និងនិស្សិតខ្មែរដែលកំពង់បន្តការសិក្សានៅបារាំង។ ដូចជារៀងរាល់ឆ្នាំដែរ ប្រតិភូក្រសួងទេសចរណ៍ តែងតែមានកម្មវិធីជួបជុំជាមួយតំណាងប្រទេស អគ្គរាជទូត អគ្គរដ្ឋទូត និងអគ្គកុងស៊ុលនានា។ លើសពីនោះ ក្រសួងទេសចរណ៍ និងអគ្គកុងស៊ុលកិត្តិយសខ្មែរប្រចាំទីក្រុងលីយ៉ុង ក៏មានរៀបចំស្តង់តាំងពិព័ណ៌ទេសចរណ៍និងការដង្ហែរក្បួនផងដែរ។
សម្រាប់ការតាំងពិព័ណ៌ទេសចរណ៍ ភ្ញៀវទេសចរជាច្រើនបានបង្ហាញការចាប់អារម្មណ៍ និងរៀបចំផែនការធ្វើដំណើរឆ្ពោះមកកាន់កម្ពុជាសម្រាប់រដូវក្តៅនាពេលខាងមុខនេះ។ គួរកត់សម្គាល់ថា ព្រឹត្តិការណ៍ខាងលើនេះ មានភ្ញៀវចូលរួមទស្សនាចម្រុះជាតិសាសន៍ ប្រមាណ៤ម៉ឺននាក់៕