ខ្មែរប៉ុស្ដិ៍ Close

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដឹកនាំគណៈប្រតិភូអញ្ជើញចាកចេញពីរាជធានីភ្នំពេញ ដើម្បីចូលរួមសន្និសីទអង្គការសហប្រជាជាតិ ស្ដីពីមហាសមុទ្រ លើកទី៣ នៅប្រទេសបារាំង

ដោយ៖ Sreyleak ​​ | ថ្ងៃអាទិត្យ ទី៨ ខែមិថុនា ឆ្នាំ២០២៥ ព័ត៌មានទូទៅ 1293
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដឹកនាំគណៈប្រតិភូអញ្ជើញចាកចេញពីរាជធានីភ្នំពេញ ដើម្បីចូលរួមសន្និសីទអង្គការសហប្រជាជាតិ ស្ដីពីមហាសមុទ្រ លើកទី៣ នៅប្រទេសបារាំង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដឹកនាំគណៈប្រតិភូអញ្ជើញចាកចេញពីរាជធានីភ្នំពេញ ដើម្បីចូលរួមសន្និសីទអង្គការសហប្រជាជាតិ ស្ដីពីមហាសមុទ្រ លើកទី៣ នៅប្រទេសបារាំង

 

 

(ភ្នំពេញ)៖ ថ្ងៃអាទិត្យ ១៣កើត ខែជេស្ឋ ឆ្នាំម្សាញ់ សប្ដស័ក ព.ស. ២៥៦៩ ត្រូវនឹងថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៥នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ដដឹកនាំគណៈប្រតិភូជាន់ខ្ពស់អញ្ជើញចាកចេញពីរាជធានីភ្នំពេញហើយដើម្បី​ចូលរួមសន្និសីទអង្គការសហប្រជាជាតិ ស្តីពីមហាសមុទ្រលើក​ទី៣ (UNOC3) ដែលរៀបចំធ្វើឡើងនៅទីក្រុងនីស ប្រទេសបារាំង។

ដំណើរអញ្ជើញចូលរួមសន្និសីទនេះ ធ្វើឡើងតបតាមការអញ្ជើញ​របស់​លោក Emmanuel Macron ប្រធានាធិបតីបារាំង និងលោក António Guterres អគ្គលេខាធិការអង្គការសហប្រជាជាតិ។

សន្និសីទអង្គការសហប្រជាជាតិស្តីពីមហាសមុទ្រលើក​ទី៣ នឹងប្រព្រឹត្ត​ទៅ​ចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៥ ក្រោមប្រធានបទ «ការ​ពន្លឿនសកម្មភាព និងការកៀរគរគ្រប់តួអង្គដើម្បីរក្សា និងប្រើប្រាស់ មហា​សមុទ្រប្រកបដោយចីរភាព»។

ថ្នាក់ដឹកនាំអញ្ជើញអមដំណើរសម្ដេចមហាធិបតី និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត រួមមាន៖ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ រដ្ឋមន្ត្រី និងមន្ត្រីជាន់ខ្ពស់ផ្សេងទៀតនៃរាជរដ្ឋាភិបាល។

យោងតាមក្រសួងការបរទេសកម្ពុជា បានឱ្យដឹងថា ក្នុងសន្និសីទខាង​លើ​នេះ សម្ដេចមហាធិបតី នឹងធ្វើសេចក្តីថ្លែងការណ៍ជាតិនៅក្នុងកិច្ចពិភាក្សា ទូទៅ ដោយគូសបញ្ជាក់ពីចក្ខុវិស័យ ការប្តេជ្ញាចិត្ត និងគំនិតផ្តួចផ្តើម​របស់​កម្ពុជាពាក់ព័ន្ធអភិបាលកិច្ចមហាសមុទ្រ ភាពធន់នឹងអាកាសធាតុ និងការ​អភិវឌ្ឍ​ប្រកបដោយចីរភាព។

សម្ដេចមហាបវរធិបតី នឹងមានជំនួបទ្វេភាគីជាមួយថ្នាក់ដឹកនាំនានា​នៅ​អំឡុង​ពេលសន្និសីទ ដើម្បីពង្រឹងទំនាក់ទំនងទ្វេភាគី និងពង្រឹងការ​ប្ដេជ្ញា​ចិត្តរបស់កម្ពុជាចំពោះកិច្ចសហប្រតិបត្តិការពហុភាគី។

ការចូលរួមរបស់កម្ពុជាក្នុងសន្និសីទនេះ បញ្ជាក់ពីការយកចិត្តទុកដាក់​យ៉ាង​មុតមាំចំពោះកិច្ចខិតខំប្រឹងប្រែង ជាសកលក្នុងការដោះស្រាយ​បញ្ហា​ប្រឈមទាក់ទងនឹងមហាសមុទ្រ និងការលើកកម្ពស់ការប្រើប្រាស់ ប្រកប​ដោយចីរភាពនៃធនធានមហាសមុទ្រ និងសមុទ្រ ស្របតាមគោល​ដៅ​អភិ​វឌ្ឍន៍ប្រកបដោយចីរភាព ក្នុងគោលដៅទី១៤ គឺជីវិតក្រោមទឹក៕

អត្ថបទទាក់ទង