ខ្មែរប៉ុស្ដិ៍ Close

ក្រសួងការងារ ប្រកាសលទ្ធផលសន្និសីទថ្នាក់រដ្ឋមន្ត្រីការងារលើកទី៣ ស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យការងារ CLMTV

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃពុធ ទី១៨ ខែកញ្ញា ឆ្នាំ២០១៩ ផ្ទះហ្វេសប៊ុក 54
ក្រសួងការងារ ប្រកាសលទ្ធផលសន្និសីទថ្នាក់រដ្ឋមន្ត្រីការងារលើកទី៣ ស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យការងារ CLMTV ក្រសួងការងារ ប្រកាសលទ្ធផលសន្និសីទថ្នាក់រដ្ឋមន្ត្រីការងារលើកទី៣ ស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យការងារ CLMTV

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នាព្រឹកថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៩ នៅសណ្ឋាគាររអប្សរាជាឡេស ខេត្តសៀមរាប ក្នុងនាមព្រះរាជាណាចក្រកម្ពុជាជាម្ចាស់ផ្ទះ បានរៀបចំសន្និសីទថ្នាក់រដ្ឋមន្ត្រីការងារលើកទី៣ ស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យការងារសម្រាប់ ប្រទេសកម្ពុជា ឡាវ មីយ៉ាន់ម៉ា ថៃ និងវៀតណាម (CLMTV) ក្រោមប្រធានបទ “ការឆ្ពោះទៅកាន់កិច្ចគាំពារពលករទេសន្តរប្រវេសន៍នៅក្នុងប្រទេស CLMTV កិច្ចសហប្រតិបត្តិការវិស័យរបបសន្តិសុខសង្គម” ដែលត្រូវបានប្រារព្វពិធីបើកក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។

គួរបញ្ជាក់ថា អង្គសន្និសីទថ្នាក់រដ្ឋមន្ត្រីការងារលើកទី៣នេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការលើវិស័យការងារ និងការឯកភាពគ្នាលើយន្តការរួមមួយ ឆ្ពោះទៅកាន់ការរៀបចំក្របខ័ណ្ឌរួមស្តីពីចល័តភាពរបបសន្តិសុខសង្គមសម្រាប់ពលករទេសន្តរប្រវេសន៍ នៅក្នុងប្រទេស CLMTV។

អង្គសន្និសីទសម្រេចបានលទ្ធផលសំខាន់ៗដូចខាងក្រោម៖

– បានឯកភាពគ្នាលើ ផែនទីបង្ហាញផ្លូវទីក្រុងសៀមរាបដើម្បីឆ្ពោះទៅកាន់ការចេញសេចក្តីថ្លែងការណ៍របស់ រដ្ឋមន្ត្រីការងារ ស្ដីពីចល័តភាពរបបសន្តិសុខសង្គមសម្រាប់ពលករទេសន្តរប្រវេសន៍នៃប្រទេស CLMTV (Siem Reap Roadmap toward Labour Ministerial Declaration on the Portability of Social Security for Migrant Workers in the CLMTV Countries) ដែលជាត្រីវិស័យក្នុងការសម្រេចឱ្យបាននូវក្របខ័ណ្ឌរួមមួយដើម្បីធានាថាពលករទេសន្តរប្រវេសន៍ នឹងទទួលបានអត្ថប្រយោជន៍ពីរបបសន្តិសុខសង្គមនៅពេលធ្វើមាតុភូមិនិវត្តន៍ ឬផ្លាស់ទីកន្លែងធ្វើការនៅក្នុងប្រទេសកម្ពុជា ឡាវ មីយ៉ាន់ម៉ា ថៃ និង វៀតណាម។

– បានចេញសេចក្តីថ្លែងការណ៍រួមស្តីពីលទ្ធផលនៃសន្និសីទថ្នាក់រដ្ឋមន្ត្រីការងារលើកទី៣នេះ ដោយសង្កត់ធ្ងន់ លើការពង្រឹងកិច្ចសហប្រតិបត្តិការឱ្យកាន់តែប្រសើរឡើង ដើម្បីឈានទៅសម្រេចឱ្យបាននូវកិច្ចគាំពារពលករទេសន្តរប្រវេសន៍ក្នុងប្រទេស CLMTV តាមរយៈការដាក់ចេញនូវយន្តការចល័តភាពរបបសន្តិសុខសង្គម។

លទ្ធផលខាងលើនេះ គឺជាកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការក្នុងក្របខ័ណ្ឌតំបន់ដើម្បីការពារ និងលើកកម្ពស់សុខុមាលភាព និងផលប្រយោជន៍របស់ពលករទេសន្តរប្រវេសន៍ដែលកំពុងធ្វើការនៅបរទេស បន្ថែមលើកិច្ចគាំពារសង្គម និងការលើកកម្ពស់ជីវភាពរបស់កម្មករ និយោជិត​នៅក្នុងប្រទេស ស្របតាមក្របខ័ណ្ឌគោលនយោបាយជាតិគាំពារសង្គម (២០១៦-២០២៥) គោលនយោបាយជាតិ ស្តីពីមុខរបរ និងការងារ (២០១៥-២០២៥) និងគោលនយោបាយស្តីពីទេសន្តរប្រវេសន៍ការងារសម្រាប់ប្រទេសកម្ពុជា (២០១៩-២០២៣)៕

អត្ថបទទាក់ទង