ខ្មែរប៉ុស្ដិ៍ Close

ស្ថានភាពទឹកជំនន់នៅក្នុងប្រទេសថៃធ្លាក់ក្នុងស្ថានភាពកាន់តែអាក្រក់

ដោយ៖ លី វិទ្យា ​​ | ថ្ងៃសៅរ៍ ទី១៤ ខែកញ្ញា ឆ្នាំ២០១៩ ព័ត៌មានទូទៅ 33

នាយកដ្ឋានឧតុនិយមថៃ (TMD) បានចេញសារព្រមានមួយនៅថ្ងៃសៅរ៍នេះថា ភ្លៀងនឹងបន្តធ្លាក់យ៉ាងខ្លាំងនៅរយៈពេល ២៤ម៉ោងខាងមុខនេះទៀត នៅតាមតំបន់មួយចំនួនទូទាំងប្រទេស ខណៈខេត្តចំនួន ០៥ នៅភាគឦសានកំពុងតែលិចលង់ស្រាប់ទៅហើយនោះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នាល្ងាចថ្ងៃសៅរ៍ ទី១៤ ខែកញ្ញា ឆ្នាំ២០១៩។

មន្ត្រីរបស់ TMD បានបន្តទៀតថា ភ្លៀងធ្លាក់ និងខ្យល់បោកបក់បានធ្វើឲ្យទឹករលក​នៅសមុទ្រអាន់ដាម៉ាន់ (Andaman) ជាប់ភាគខាងត្បូងប្រទេសថៃ កើនឡើងកម្ពស់រហូតដល់ ០៣ម៉ែត្រឯណោះ។ ដោយឡែកនៅបណ្តាខេត្តភាគឦសានដូចជា អាំណាត ឆារឿន (Amnat Charoen), យ៉ាសុនថុន (Yasothon), អ៊ូប៊ុនរ៉ាត់ឆាថានី (Ubon Ratchathani), រ៉យអេត (Roi Et) និងស៊ីសាកេត (Si Sa Ket) ទឹកជំនន់នៅតែបន្តការគំរាមកំហែងនៅឡើយ ខណៈប្រជាជន ២៨,៦០០នាក់ត្រូវបានជម្លៀសរួចហើយ ទៅកាន់ទីជម្រកបណ្តោះអាសន្ន។

គួរបញ្ជាក់ថា ដោយសារឥទ្ធិពលព្យុះត្រូពិកចំនួនពីរគឺ ផូឌុល (Podul) និងកាជីគី (Kajiki) បោកបក់លើភាគខាងជើង និងឦសានប្រទេសថៃ ព្រមទាំងព្យុះភ្លៀងបោកបក់ភាគនិរតី និងខាងត្បូងថែមទៀតនោះ បានធ្វើឲ្យខេត្តរបស់ថៃចំនួន ៣២ រងគ្រោះទឹកជំនន់ពីមធ្យមទៅធ្ងន់ធ្ងរ គិតចាប់តាំងពី​ថ្ងៃទី២៩ ខែសីហា ខណៈមកទល់ពេលនេះចំនួនមនុស្សស្លាប់ បានកើនឡើងដល់ ៣០នាក់ហើយ៕

អត្ថបទទាក់ទង