លោក យក់ សៀង អតីតសាស្ត្រាចារ្យឯកទេសបាលី-សំស្ត្រឹត ទទួលមរណភាព
លោក យក់ សៀង អតីតសាស្ត្រាចារ្យអក្សរសាស្ត្រខ្មែរ ឯកទេសបាលី និងសំស្ត្រឹត នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ បានទទួលមរណភាពក្នុងអាយុ៧៤ឆ្នាំ ដោយរោគាពាធ នារសៀលថ្ងៃសៅរ៍ ទី៧ ខែកញ្ញា ឆ្នាំ២០១៩។ លោក យក់ សៀង មិនមែនជាអ្នកល្បីល្បាញនៅលើបណ្តាញសង្គមហ្វេសប៊ុកឡើយ ប៉ុន្តែអតីតសាស្ត្រាចារ្យរូបនេះ បានបណ្តុះបណ្តាលធនធានយុវជនជាច្រើន។ អតីតនិស្សិតរបស់លោក សុទ្ធតែបានបង្ហាញពីការសោកស្តាយតាមរយៈបណ្តាញសង្គមរបស់ខ្លួន។
លោក ហ៊ុយ វណ្ណៈ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអតីតនិស្សិតអក្សរសាស្ត្រខ្មែរជំនាន់ទី១៧ បានបង្ហោះរូបថត៤សន្លឹកដោយភ្ជាប់អនុស្សាវរីយ៍របស់លោកជាមួយលោក យក់ សៀង ដែលជាសាស្ត្រាចារ្យចូលនិវត្តន៍។ ក្រៅប្រកាសនូវដំណឹងដ៏ក្រៀមក្រៅ លោក ហ៊ុយ វណ្ណៈ បានសរសេរថា៖ «យើងមិនដែលភ្លេចងាកទៅរក សាស្ត្រាចារ្យ និងអ្នកទាំងឡាយដែល មានចំណែកក្នុងជីវិតយើងឡើយ»។
កាលពីចុងឆ្នាំ២០១៥កន្លងមក លោក ហ៊ុយ វណ្ណៈ ដែលជាប្រធានសហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា ផងដែរនោះ ក៏បានផ្តួចផ្តើមមូលនិធិសប្បុរសធម៌ដើម្បីរៃអង្គាសថវិកាជួយដល់អតីតសាស្ត្រាចារ្យរបស់ខ្លួនដែលចូលនិវត្តន៍ ក្នុងនោះមានលោក យក់ សៀង ផងដែរ។
លោក ហម វុទ្ធី ដែលតំណាងឲ្យមិត្តរួមថ្នាក់អក្សរសាស្ត្រខ្មែរអាហារូបករណ៍ជំនាន់ទី៣០ បានចាត់ទុកលោក យក់ សៀង ជាវីរសាស្ត្រាចារ្យ ដែលបានបូជាពេលវេលាពេញមួយជីវិត ដើម្បីបុព្វហេតុអប់រំក្នុងវិស័យអក្សរសាស្ត្រជាតិ ។
ម្ចាស់គណនីហ្វេសប៊ុក Vanny Chhen Khmer Literature បានសរសេរថា៖ «វីរសាស្ត្រាចារ្យ យក់ សៀង បានបូជាពេលវេលាពេញមួយជីវិត ដើម្បីបុព្វហេតុអប់រំក្នុងវិស័យអក្សរសាស្ត្រជាតិ […] សូមឱ្យដួងវិញ្ញាណក្ខន្ធលោកគ្រូបានទៅកាន់ទីបរមសុខ ទីដ៏ល្អប្រសើរ ដើម្បីឱ្យសក្ដិសមនឹងការលះបង់របស់លោកគ្រូចំពោះឯកទេស បាលី សំស្ក្រឹតនេះ»។
https://www.facebook.com/chouk.sophea/posts/1335089603306184
ជាមួយគ្នានេះ គណនីហ្វេសប៊ុក Sophea Chouk បានសរសេរកំណាព្យមួយយ៉ាងក្បោះក្បាយទាក់ទងនឹងសាស្ត្រាចារ្យរូបនេះ ចំពោះការលះបង់ដ៏ធំធេងក្នុងការលើកស្ទួយអក្សរសាស្ត្រជាតិ។
លោក យក់ សៀង មានភរិយាឈ្មោះ ប្រាក់ សុខខេង និងមានកូនបីនាក់ ដោយកូនប្រុសច្បងឈ្មោះ យក់ សេដ្ឋា កូនស្រីបន្ទាប់ឈ្មោះ យក់ ខេមា និងកូនប្រុសពៅឈ្មោះ យក់ វិជិត៕
អត្ថបទ៖ ថ្មីៗ