ភ្នំឈ្ងោកខេត្តកំពតជាទីពេញនិយមសំរាប់ភ្ញៀវទេសចរណ៍ជាតិនិងអន្តរជាតិ
ភ្នំឈ្ងោកជារមណីយដ្ឋានវប្បធម៌ពេញដ៏និយម សម្រាប់សិក្សាស្រាវជ្រាវរបស់សិស្សិនិស្សិត និងពីសំណាក់ភ្ញៀវជាតិនិងអន្តរជាតិដែលទៅដល់ទីនោះ តែងតែបួងសួងសុំសេចក្តីសុខចម្រើនទៅតាមជំនឿរបស់ពួកគេរៀងៗខ្លួន ។
លោក សយ ស៊ីណុល ប្រធានមន្ទីរទេសចរណ៍ខេត្តកំពត បានប្រាប់វិទ្យុជាតិកម្ពុជាអោយដឹងថា ភ្នំឈ្ងោកជារមណីយដ្ឋានវប្បធម៌មួយ កសាងឡើងតាំងពីសតវត្ស ទី៦ មកម្ល៉េះ ដោយនៅលើភ្នំ មានប្រាសាទ និងមានល្អាងធម្មជាតិជាច្រើនកន្លែង ដែលប្រជាជនខ្មែរជឿថា ជាកន្លែងប្រជុំបារមីសក្តិសិទ្ធិ សម្រាប់គោរពបូជា ។ លោកបន្តថា នៅចំកណ្ដាលនៃភ្នំនេះ មានសំណង់ស្ថាបត្យកម្មប្រាសាទមួយ សង់ឡើងអំពីឥដ្ឋរាងតូចល្មម សង់ព័ទ្ធជុំវិញលិង្គធម្មជាតិដុះចេញពីថ្មកំបោរ និងមានរូបសំណាក់យោនី ដោយកំណត់ថា ជាសិវលិង្គតាមជំនឿព្រហ្មសាសនា អ្វីដែលកាន់តែអស្ចារ្យទៀតនោះ នៅពីលើសិវលិង្គនោះ ត្រូវបានប្រោះព្រំដោយដំណក់ទឹកយ៉ាងត្រជាក់ដូចទឹកកក ស្រក់ច្រោះតាមរយៈថ្មកំបោរដែលដុះចំពីលើកំពូលប្រាសាទ ទាំងនេះគឺជាអ្វីដែលភ្ញៀវជាតិ និងអន្តរជាតិចាប់អារម្មណ៍ ។
សំឡេង៖ កន្លងមកភ្នំឈ្ងោក ភ្ញៀវភាគច្រើន បើភ្ញៀវខ្មែរយើង ភាគច្រើន ចូលចិត្តការគោរពបូជាលើព្រះពុទ្ធសាសនា មានន័យថាជាកន្លែងដែលប្រជាពលរដ្ឋចូលចិត្តទៅគោរពបូជា សិក្សាស្រាវជ្រាវច្រើន ជាចំបង ហើយភ្ញៀវទេសចរណ៍អន្តរជាតិក៍មានច្រើនដែល ទៅស្រាវជ្រាវនៅតំបន់នោះ ។
លោកបន្ថែមថា ក្រៅពីសំណង់ប្រាសាទដ៏គួរឲ្យស្ញប់ស្ញែង នៅផ្នែកខាងក្នុងនៃភ្នំឈ្ងោក មានបង្កប់ប្រព័ន្ធល្អាងជាច្រើន ដែលមានសភាពប្លែកៗពីគ្នា ដើម្បីទៅកាន់ល្អាងនីមួយៗ អ្នកទេសចរត្រូវធ្វើដំណើរក្រាបផង លូនផង និងរំកិលខ្លួនបន្តិចម្ដងៗ តាមរូងភ្នំដ៏ងងឹត និងតូចចង្អៀត ដំណើរឆ្លងកាត់មានស្ថានភាពលំបាក អ្វីទាំងនេះពិតជាស័ក្តិសមបំផុត សម្រាប់អ្នកចូលចិត្តធ្វើដំណើរផ្សងព្រេង និងសិក្សាស្វែងយល់ ។
សូមបញ្ជាក់ថា ភ្នំឈ្ងោក គឺជារមណីយដ្ឋានប្រវត្តិសាស្រ្តដែលបន្សល់ទុកពីសម័យនគរភ្នំ ដោយស្ថិត នៅក្នុងភូមិបុស្សត្របែក ឃុំត្រពាំងព្រីង ស្រុកទឹកឈូ ខេត្តកំពត មានចំងាយ១៣គីឡូម៉ែត្រ ពីក្រុងកំពត តាមផ្លូវជាតិលេខ៣៣ ៕