ខ្មែរប៉ុស្ដិ៍ Close

ចំណេះដឹងទូទៅ៖ ទម្រាំរុងរឿងដូចពេលបច្ចុប្បន្ន ទឹកដីហាវ៉ៃឆ្លងកាត់ប្រវត្តិខ្លោចផ្សារមិនតិចនោះឡើយ

ដោយ៖ ប្រាជ្ញ សុវណ្ណរ៉ា ​​ | ថ្ងៃអង្គារ ទី៣០ ខែមិថុនា ឆ្នាំ២០២០ នគរគំនិត 5
ចំណេះដឹងទូទៅ៖ ទម្រាំរុងរឿងដូចពេលបច្ចុប្បន្ន ទឹកដីហាវ៉ៃឆ្លងកាត់ប្រវត្តិខ្លោចផ្សារមិនតិចនោះឡើយ ចំណេះដឹងទូទៅ៖ ទម្រាំរុងរឿងដូចពេលបច្ចុប្បន្ន ទឹកដីហាវ៉ៃឆ្លងកាត់ប្រវត្តិខ្លោចផ្សារមិនតិចនោះឡើយ

(សហរដ្ឋអាមេរិក)៖ ប្រជុំកោះហាវ៉ៃ (Hawaii) ធ្លាប់ជាព្រះរាជាណាចក្រមួយរបស់ជនជាតិដើមនៅទីនោះចាប់ពីឆ្នាំ ១៧៨២-១៨៩៣ ដែលគ្រប់គ្រងដោយសែរាជវង្សានុវង្សរបស់ព្រះចៅខាំមេហាមេហា (Kamehameha) បន្ទាប់ពីព្រះអង្គបានធ្វើសង្គ្រាមបង្រួបបង្រួមកុលសម្ពន្ធនានា ដែលតាំងទីនៅតាមប្រជុំកោះហាវ៉ៃនេះ។

ឆ្នាំ១៨៩៣ ពោលគឺនៅចុងសម័យរាជានិយម រាជាណាចក្រហាវ៉ៃនេះត្រូវបានលុកលុយទន្ទ្រានដោយពួកអង់គ្លេស និងសហរដ្ឋអាមេរិក។ ក្រោយផ្ដួលរំលំអាណាចក្ររបស់ជនជាតិដើមជាស្ថាពរហើយនោះ ទឹកដីហាវ៉ៃក៏ក្លាយជាសាធារណរដ្ឋឯករាជ្យមួយចាប់ពីឆ្នាំ១៨៩៤ រហូតដល់ថ្ងៃទី១២ ខែសីហា ឆ្នាំ១៨៩៨។ ហាវ៉ៃ ត្រូវបានរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនអនុម័តបញ្ចូលជារដ្ឋទី៥០ របស់សហរដ្ឋអាមេរិកកាលពីថ្ងៃទី២១ ខែសីហា ឆ្នាំ១៩៥៩។

* វត្តមានជនជាតិដើមលើកោះហាវ៉ៃ

ផ្អែកលើភស្តុតាងខាងបុរាណវិទ្យា ការតាំងទីលំនៅដំបូងរបស់មនុស្សនៅលើកោះហាវ៉ៃមានតាំងពីអំលុងឆ្នាំ៣០០ នៃគ្រិស្តសករាជ ប្រហែលជាពួកប៉ូលីនេស៊ី (Polynesian) ដែលត្រាច់ចរមកពីប្រជុំកោះម៉ាខ្យឺសាស (Marquesas)។ ក្រោយមកក៏មានពួករ៉េអេតធី (Raiatea) និងពួកបូរ៉ាបូរ៉ា (Bora Bora) បានមកដល់កោះហាវ៉ៃនៅសតវត្សរ៍ទី១១។ ចំណែកក្រុមជនអន្តោប្រវេសន៍តាហ៊ីទី (Tahiti) បានមកដល់កោះហាវ៉ៃនៅឆ្នាំ១០០០ នៃគ្រិស្ដសករាជ។ ចំពោះការរស់នៅរបស់ជនជាតិដើមនៅលើកោះហាវ៉ៃនេះ ត្រូវបានប្រវត្តិវិទូសរសេរថាការរស់នៅ និងវណ្ណៈសង្គម គឺស្រដៀងទៅនឹងសង្គមហិណ្ឌូនិយមនៅប្រទេសឥណ្ឌាដែរ។

* វត្តមានដំបូងរបស់ពួកអឺរ៉ុប

តាមឯកសារច្បាស់ការបានឱ្យដឹងថា កោះហាវ៉ៃត្រូវបានរកឃើញដោយអ្នករុករកជនជាតិអង់គ្លេសម្នាក់ គឺលោក ជេម ឃុក (James Cook) នៅឆ្នាំ១៧៧៨។ លោកនាយសំពៅ ជេម ឃុក បានដាក់ឈ្មោះថ្មីឱ្យប្រជុំកោះនេះថា កោះសាំងវិច (Sandwich) គឺយកតាមឈ្មោះរបស់លោក ចន ម៉ុនថាហ្គូ (John Montagu) ដែលជាមេដឹកនាំប្រចាំតំបន់សាំងវិច (Earl of Sandwich)។ ស្ដេចត្រាញ់អង្គនេះហើយដែលបានឧបត្ថម្ភដល់ការរុករករបស់លោក ជេម ឃុក រហូតបានប្រទះឃើញកោះហាវ៉ៃ។

ផ្ទុយពីនេះវិញ មានការអះអាងផ្សេងទៀតថា កោះហាវ៉ៃនេះត្រូវបានរកឃើញមុនដំបុងគេដោយនាយសំពៅជនជាតិអេស្ប៉ាញឈ្មោះ ចន ហ្គីតាណូ (Juan Gaetano) នៅសតវត្សរ៍ទី១៦ ពោលគឺមុនការរកឃើញរបស់លោក ជេម ឃុក ដល់ទៅពីររយឆ្នាំ។ ប៉ុន្តែអ្នកប្រាជ្ញខ្លះច្រានចោលការអះអាងទាំងនេះ ដោយសារតែខ្វះអំណះអំណាងជាក់លាក់។

កំណត់ត្រាប្រវត្តិសាស្ត្របានបង្ហាញថា ជនជាតិចិនដំបូងបំផុតដើមកំណើតនៅខេត្តក្វាងទុងបានទៅដល់កោះហាវ៉ៃ នៅឆ្នាំ១៧៧៨ ជាមួយនឹងដំណើររបស់លោក ជេម ឃុក ដែរ។

ទោះបីជាមានការអះអាងយ៉ាងនេះក្តី ជាទូទៅលោក ឃុក ត្រូវបានគេទទួលស្គាល់ថាជាជនជាតិអឺរ៉ុបដំបូងគេ ដែលបានចូលចតនៅកោះហាវ៉ៃ។ នៅពេលទៅដល់កោះហាវ៉ៃលើកទី២ លោក ជេម ឃុក បានជួបប្រទះនឹងរឿងរ៉ាវជាមួយច្រើន រហូតនៅឆ្នាំ១៧៧៩ ពោលគឺជិតដល់ពេលដែលលោកត្រូវត្រលប់មកចក្រភពអង់គ្លេសវិញ លោក ជេម ឃុក និងនាវិកចំនួន ៤ នាក់ ត្រូវបានពួកម្ចាស់ស្រុកសម្លាប់ចោលនៅទីនោះទៅ។

បន្ទាប់ពីដំណើរទស្សនកិច្ចរបស់ ឃុក និងការបោះពុម្ភសៀវភៅជាច្រើនទាក់ទងនឹងការធ្វើដំណើររបស់គាត់ កោះហាវ៉ៃបានទាក់ទាញជនជាតិអឺរ៉ុបជាច្រើនបន្ថែមទៀត ដូចជា អ្នករុករក អ្នកធ្វើពាណិជ្ជកម្ម និងអ្នកនេសាទ ដែលពួកគេបានកត់សម្គាល់ថា កោះនេះជាកំពង់ផែងាយស្រួលក្នុងការផ្គត់ផ្គង់ផលិផលពាណិជ្ជកម្ម និងជាប្រភពវត្ថុធាតុដើមផងដែរ។

ព្រះមហាក្សត្រដែលបានសោយរាជ្យនៅរាជាណាចក្រហាវ៉ៃ រួមមាន៖
១៖ ស្ថាបនិកអាណាចក្រ គឺព្រះចៅអធិរាជខាំមេហាមេហាទី១ (Kamehameha I) សោយរាជ្យចាប់ពីឆ្នាំ ១៧៨២-១៨១៩។
២៖ ព្រះចៅខាំមេហាមេហាទី២ (Kamehameha II) សោយរាជ្យចាប់ពីឆ្នាំ ១៨១៩-១៨២៤។
៣៖ ព្រះចៅខាំមេហាមេហាទី៣ (Kamehameha III) សោយរាជ្យចាប់ពីឆ្នាំ ១៨២៥-១៨៥៤។
៤៖ ព្រះចៅខាំមេហាមេហាទី៤ (Kamehameha IV) សោយរាជ្យចាប់ពីឆ្នាំ ១៨៥៥-១៨៦៣។
៥៖ ព្រះចៅខាំមេហាមេហាទី៥ (Kamehameha V) សោយរាជ្យចាប់ពីឆ្នាំ ១៨៦៣-១៨៧២។
៦៖ ព្រះចៅលូណាលីឡូ (Lunalilo) សោយរាជ្យចាប់ពីឆ្នាំ ១៨៧៣-១៨៧៤។
៧៖ ព្រះចៅកាឡាសកាអូ (Kalakaua) សោយរាជ្យចាប់ពីឆ្នាំ ១៨៧៤-១៨៩១។
៨៖ ព្រះមហាក្សត្រិយានី លីលី អ៊ូកាឡានី (Lili uokalani) សោយរាជ្យចាប់ពីឆ្នាំ ១៨៩១-១៨៩៣។

* ការផ្ដួលរំលំរបបរាជានិយម និងការបង្កើតសាធារណរដ្ឋ

នៅថ្ងៃទី១៧ ខែមករា ឆ្នាំ១៨៩៣ រាជ្យបល្ល័ង្ករបស់ព្រះមហាក្សត្រិយានី លីលី អ៊ូកាឡានី ត្រូវបានផ្ដួលរំលំជាស្ថាពរដោយលោក ចន អេលស្ទីវិន ភារធារីរបស់សហរដ្ឋអាមេរិកប្រចាំកោះហាវ៉ៃ និងជំនួសដោយរដ្ឋាភិបាលបណ្តោះអាសន្ន។ បន្ទាប់ពីការផ្តួលរំលំនេះ លោក សាន់ហ្វត ប៊ីដូលែល ដែលជាប្រជាពលរដ្ឋហាវ៉ៃ បានក្លាយជាប្រធានាធិបតីនៃសាធារណរដ្ឋថ្មី នៅពេលដែលរដ្ឋាភិបាលបណ្តោះអាសន្នត្រូវបានបញ្ចប់នៅថ្ងៃទី៤ ខែកក្កដា ឆ្នាំ១៨៩៤។

យ៉ាងណាមិញ ការធ្វើរាជ្យប្រហារទម្លាក់ព្រះមហាក្សត្រិយានី លីលី ពីរាជ្យបល្ល័ង្ក និងការផ្តួលរំលំរបបរាជានិយមនៅហាវ៉ៃ ត្រូវបានរដ្ឋាភិបាលសហរដ្ឋអាមេរិកចាត់ថា ជាអំពើខុសច្បាស់។ សហរដ្ឋអាមេរិកបានគាំទ្រឱ្យព្រះមហាក្សត្រិយានី លីលី អ៊ូកាឡានី ស្តាររាជ្យបល្ល័ង្កឡើងវិញ ប៉ុន្តែត្រូវរដ្ឋាភិបាលបណ្តោះអាសន្ននៃកោះហាវ៉ៃរាំងខ្ទប់ដោយប្រការផ្សេងៗ រហូតធ្វើឱ្យគម្រោងផែនការស្ដាររាជវង្ស «ខាំមេហាមេហា» រាប់រយឆ្នាំនៅលើប្រជុំកោះឯកោនេះ លែងមានសង្ឃឹមរហូតរៀងមក។

* វិនាសកម្មក្នុងសង្គ្រាមលោកលើកទី២

នាថ្ងៃទី០៧ ខែធ្នូ ឆ្នាំ១៩៤១ កងទ័ពអាកាសរបស់ចក្រពត្តិជប៉ុន បានបើកការវាយប្រហារជញ្ជ្រុំលើមូលដ្ឋានទ័ពជើងទឹករបស់សហរដ្ឋអាមេរិកលើកំពង់ផែភឺលហាបឺរ (Pearl Harbor)។ ក្នុងប្រតិបត្តិការសឹកនេះបានធ្វើឱ្យនាវាចម្បាំងរបស់សហរដ្ឋអាមេរិកខ្ទេចខ្ទី និងខូចខាតអស់ចំនួន២០គ្រឿង យន្តហោះចម្បាំងប្រមាណ៣០០គ្រឿង ខូចខាតកំពង់ផែ និងព្រលានយន្តហោះស្ទើរតែទាំងអស់ ព្រមទាំងបណ្ដាលឱ្យក្រុមនាវិក ទាហាន និងជនស៊ីវិលចំនួន ២,៤០៣ នាក់បានស្លាប់ និងប្រមាណ ១,០០០ នាក់ទៀតបានរបួសផងដែរ។ ការវាយប្រហាររបស់ជប៉ុនលើកំពង់ផែភឺលហាបឺរនេះ បានបង្ខំឱ្យសហរដ្ឋអាមេរិកចូលរួមប្រឡូកក្នុងសង្គ្រាមលោកលើកទី២។

* ក្រោយពេលភ្លៀងមេឃស្រឡះ

នាខែមិនា ឆ្នាំ១៩៥៩ សភាបានអនុម័តច្បាប់ហាវ៉ៃអាវ៉ៃ ដោយប្រធានាធិបតីអាមេរិកទី៣៤ លោក ដ្វាយត៍ ឌី. អាយសិនហៅវ័រ (Dwight D. Eisenhower) បានចុះហត្ថលេខាដាក់បញ្ចូលទឹកដីប្រចាំកោះហាវ៉ៃ ជារដ្ឋទី៥០ជាស្ថាពរ។

នៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ១៩៥៩ រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន បានបើកការធ្វើប្រជាមតិស្នើឱ្យប្រជាជននៅរដ្ឋហាវ៉ៃ បោះឆ្នោតបញ្ចូលជារដ្ឋរបស់សហរដ្ឋអាមេរិក។ ក្នុងពេលបោះឆ្នោតនោះ មានសំឡេង ៩៤.៣% បានបោះឆ្នោតគាំទ្រ និង ៥.៧% ទៀតបានជំទាស់ ដូច្នេះមានន័យថា ហាវ៉ៃនឹងត្រូវបានអនុម័តជារដ្ឋទី៥០ របស់សហរដ្ឋអាមេរិក ស្របតាមច្បាប់ត្រឹមត្រូវ ទើបនៅថ្ងៃទី២១ ខែសីហា ឆ្នាំ១៩៥៩ ទឹកដីហាវ៉ៃដ៏កម្សត់រាប់រយឆ្នាំមកហើយនោះ ក៏បានក្លាយជារដ្ឋទី៥០ របស់សហរដ្ឋអាមេរិកជាផ្លូវការ។ ក្រោយមក គណៈកម្មាធិការពិសេសរបស់អង្គការសហប្រជាជាតិ ក៏បានដកទឹកដីហាវ៉ៃចេញពីបញ្ជីប្រទេស និងដែនដីនៅលើពិភពលោក ពីព្រោះហាវ៉ៃលែងជារដ្ឋអធិបតេយ្យដូចមុនទៀត។

រដ្ឋហាវ៉ៃបច្ចុប្បន្នបានស្គាល់នូវភាពរុងរឿងយ៉ាងមហស្ចារ្យ មានភាពល្បីល្បាញពេញទ្វីបលោក និងកំពុងមានភាពទាក់ទាញយ៉ាងសម្បើមលើវិស័យទេសចរណ៍ ខណៈទីក្រុងហូណូលូលូ (មជ្ឈធានីនៃរដ្ឋហាវ៉ៃ) បានជាប់ឈ្មោះជាទីក្រុងដែលមានឆ្នេរសមុទ្រស្អាតជាងគេបំផុត និងធំជាងគេបំផុតនៅលើពិភពលោក។ មិនតែប៉ុណ្ណោះ ហាវ៉ៃក៏ជាប្រភពដែលនាំចេញផ្លែម្នាស់ និងផលដំណាំជាច្រើនមុខទៀតដែរ។ ទីតាំងកោះហាវ៉ៃប្រៀបដូចជាបរមភូមិដែលព្រះប្រទានឱ្យ ព្រោះជាចំណុចយុទ្ធសាស្ត្រស្ទើរតែគ្រប់ជ្រុងជ្រោយដ៏ល្អបំផុត ដែលអនុគ្រោះឱ្យសហរដ្ឋអាមេរិកពង្រីកឥទ្ធិពលរបស់ខ្លួនមកលើតំបន់ប៉ាស៊ីហ្វិក៕

ទង់រដ្ឋហាវ៉ៃ

សំពៅរបស់លោក James Cook នាយសំពៅជនជាតិអង់គ្លេស

ទិដ្ឋភាពជនជាតិអឺរ៉ុបទៅដល់កោះហាវ៉ៃដំបូង

ព្រះចៅ Kamehameha I

និម្មិតសញ្ញា (Seal) របស់រដ្ឋហាវ៉ៃ

សង្គ្រាមនៅ Pearl Harbor