ខ្មែរប៉ុស្ដិ៍ Close

ក្រសួងការពារជាតិរៀបចំពិធីសម្ពោធបន្ទាយកងឯកភាពកងកិត្តិយសត្រែទ័ព

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃសុក្រ ទី៦ ខែកញ្ញា ឆ្នាំ២០១៩ ព័ត៌មានទូទៅ 54
ក្រសួងការពារជាតិរៀបចំពិធីសម្ពោធបន្ទាយកងឯកភាពកងកិត្តិយសត្រែទ័ព ក្រសួងការពារជាតិរៀបចំពិធីសម្ពោធបន្ទាយកងឯកភាពកងកិត្តិយសត្រែទ័ព

បន្ទាយកងឯកភាពកងកិត្តិយសត្រែទ័ពដែលមានទីតាំងនៅសង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ បានសម្ពោធដាក់អោយប្រើប្រាស់ជាផ្លូវការ នៅថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៩ ក្រោមអធិបតីភាព លោកឧបនាយករដ្ឋមន្ត្រី ទៀ បាញ់ រដ្ឋមន្ត្រីក្រសួងការពារជាតិ និងមានការចូលរួមពីនាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ ព្រមទាំង រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គមេបញ្ជាការរង មេបញ្ជាការ មេបញ្ជាការរង កងទ័ពជើងគោកជើងទឹក ជើងអាកាស កងរាជអាវុធហត្ថ អគ្គនាយក អគ្គនាយករង និង នាយទាហាន នាយទាហានរង មកពីបណ្ដាកងឯកភាពនានាក្នុងក្រសួងការពារជាតិកម្ពុជា អគ្គបញ្ជាការកងទ័ពជើងជាច្រើនរូបទៀត។

នៅក្នុងសន្ទរថាស្វាគមន៍ និងរបាយការណ៍សាងសង់បន្ទាយកងឯកភាពកងកិត្តិយស ត្រែទ័ព ដែលអានដោយឧត្តមសេនីយ៍ឯក ច័ន្ទ សុភក្ត្រា នាយរងសេនាធិការចំរុះ និងជានាយកទីចាត់ការហ្វឹកហ្វឺនបានលើកឡើងពីប្រវត្តិនៃការបង្កើតកងឯកភាព កងកិត្តិយស ត្រែទ័ព ដែលអង្គភាពបានបង្កើតឡើងក្រោយថ្ងៃទី០៧ ខែមករា ឆ្នាំ១៩៧៩ អតីតសាធារណរដ្ឋប្រជាមានិតកម្ពុជា ថ្នាក់ដឹកនាំរដ្ឋាភិបាល បានរៀបចំបង្កើតឲ្យមានភ្លេងត្រែទ័ព ចំនួនមួយក្រុមតូច ក្រោមការដឹកនាំរបស់អគ្គស្នងការនយោបាយនៃក្រសួងការពារប្រទេសដែលពេលនោះបានចាត់លោក អ៊ុន ស៊ូយ៉េត ធ្វើការប្រមែប្រមូលអ្នកដែលចេះភ្លេងចាស់ៗនៅសេសសល់ពីសម័យសង្គ្រាម និងរបបប្រល័យពូជសាសន៍ ប៉ុល ពត បានចំនួន៣០នាក់ យកមកបំពាក់បំប៉ន និងបណ្ដុះបណ្ដាលបន្ថែម រហូតបង្កើតបានជាភ្លេងត្រែទ័ពមួយក្រុម ដែលបានចាប់កំណើតឡើងនៅថ្ងៃទី០៥ ខែតុលា ឆ្នាំ ១៩៧៩ មានទីតាំងស្ថិតនៅខាងក្រោយព្រះបរមរាជវាំង សម្រាប់បម្រើការបដិសណ្ឋារកិច្ចនានាជូនរដ្ឋាភិបាលចាប់តាំងពីពេលនោះមករហូតដល់សព្វថ្ងៃនេះ។

ទាក់ទងទៅនឹងការសាងសង់បន្ទាយថ្មី របស់កងឯកភាពកងកិត្តិយសត្រែទ័ពលោក ច័ន្ទ សុភក្ត្រា បានអោយដឹងថា ដោយយោងតាម ស ជ ណ របស់ទីស្តីការគណៈរដ្ឋមន្ត្រីបានកំណត់អោយអង្គភាពផ្លាស់ប្ដូរទីតាំង ហើយសាងសង់អគារស្នាក់នៅចំនួន០៣ខ្នងការិយាល័យមួយខ្នង រោងរថយន្តមួយខ្នង សរុប០៥ខ្នង ស្មើនឹង៦៦០០ម៉ែត្រក្រឡា ប៉ុន្តែដោយមានការយកចិត្តទុកដាក់ពីលោក ទៀ បាញ់ និងថ្នាក់ដឹកនាំអគ្គបញ្ជាការ ជាពិសេសលោក ឥត សារ៉ាត់ អគ្គមេបញ្ជាការរង និងជានាយសេនាធិការចម្រុះបានច្នៃប្រឌិតសាងសង់អាគារសរុប០៩ខ្នង មានផ្ទៃក្រឡាជាង ១ម៉ឺន ម៉ែត្រក្រឡា នៅលើផ្ទៃដីសរុបទំហំ១២,៣៥០ ម៉ែត្រក្រឡា។

ថ្លែងក្នុងពិធីសម្ពោធបន្ទាយកងឯកភាពកងកិត្តិយស ត្រែទ័ព នាពេលនោះ លោក ទៀ បាញ់ បានសំដែងនូវការកោតសរសើរចំពោះនាយឧត្តមសេនីយ៍ ឥត សារ៉ាត់ ដែលមានគំនិតផ្តួចផ្តើមដឹកនាំសាងសង់បន្ទាយថ្មី និងអគារស្នាក់នៅរបស់កងឯកភាពកងកិត្តិយសត្រែទ័ពនេះ ដែលរួមចំណែកយ៉ាងសំខាន់ក្នុងការអនុវត្តផែនការកែទម្រង់កងយោធពលខេមរភូមិន្ទ ស្របតាមការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ របស់ប្រទេសជាតិ នាពេលបច្ចុប្បន្ន។ លោក ក៏បានសំដែងការចូលរួមអបអរសាទរចំពោះសមិទ្ធផលដ៏ថ្លៃថ្លា ដែលទើបទទួលបាននាពេលនេះ ហើយសម្តេចបានសំដែងនូវជំនឿជឿជាក់ថា សំណង់អគារថ្មីនេះនឹងឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែង ជួយសម្រួលការងារប្រចាំថ្ងៃរបស់កងឯកភាព កងកិត្តិយសត្រែទ័ព បានមួយកម្រិតធំ និងធានាបាននូវប្រសិទ្ធភាពការងារបន្ថែមទៀត។ លោក បានបញ្ជាក់ទៀតថា កងឯកភាព កងកិត្តិយស ត្រែទ័ព បានចូលរួមចំណែកយ៉ាងសកម្ម ក្នុងការថែរក្សាការពារសុខសន្តិភាព ស្ថេរភាពជាតិ និងសណ្តាប់ធ្នាប់សង្គម និងវាយឲ្យបរាជ័យរាល់ឧបាយកលពិសពុលរបស់ពួកអមិត្ត ដែលបានឃុបឃិតជាមួយបរទេស ប៉ុនប៉ងផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ តាមបែបផែនបដិវត្តន៍ពណ៌ ដណ្តើមយកអំណាចផ្ទុយពីគោលការណ៍នៃលទ្ធិប្រជាធិបតេយ្យ។

លោក ទៀបាញ់ បានមានប្រសាសន៍បន្តថា កងកិត្តិយសត្រែទ័ពនឹងបន្តបំពេញ តួនាទីភារកិច្ចរបស់ខ្លួនកាន់តែល្អប្រសើរឡើងថែមទៀត ក្នុងការពង្រឹង ពង្រីកសមត្ថភាពលើគ្រប់ផ្នែកក្នុងបេសកកម្មរបស់ខ្លួន ប្រកបដោយការទទួលខុសត្រូវ ដើម្បីបុព្វហេតុ ឯករាជ្យ អធិបតេយ្យភាព បូរណភាពដែនដី សុខសន្តិភាព និងការអភិវឌ្ឍជូនសង្គមជាតិ មាតុភូមិនៃយើង។ លោក បានចាត់ទុកការសម្ពោធបន្ទាយកងឯកភាពកងកិត្តិយសត្រែទ័ពនាពេលនេះ បានឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់ ការគិតគូរការលំបាករបស់រាជរដ្ឋាភិបាល ក្រសួងការពារជាតិ អគ្គបញ្ជាការដ្ឋាន មេបញ្ជាការ មេបញ្ជាការរង និងពលទាហានទាំងអស់ ដែលធ្លាប់ឆ្លងកាត់ការលំបាករាប់មិនអស់ចូលរួមធ្វើឲ្យប្រទេសជាតិ និងប្រជាជនទទួលបានសន្តិភាព និងមានការអភិវឌ្ឍ ប្រកបដោយមោទនភាពនាពេលបច្ចុប្បន្ន។

នៅក្នុងឱកាសនោះ លោក ទៀ បាញ់ ក៏បានបំពាក់គ្រឿងឥស្សរិយយសជូនដល់នាយទាហាន នាយទាហានរង ក្នុងអង្គភាពកងកិត្តិយសត្រែទ័ព រួមនិងសប្បុរសជននានា ដែលមានស្នាដៃល្អក្នុងការបំពេញការងារ និងបានចូលរួមក្នុងការជួយកសាងអង្គភាព កងកិត្តិយសត្រែទ័ពនារយៈពេលកន្លងមក៕

អត្ថបទទាក់ទង