ទស្សនៈវិភាគ៖ តើនរណាខ្លាចនរណា?
ខ្ញុំបានមើលវីដេអូឃ្លីប ដែលលោក សម រង្ស៊ី បានបង្ហោះនៅក្នុងទំព័រហ្វេសប៊ុករបស់គាត់ម្តងហើយម្តងទៀតជាមួយនឹងកាយវិកាឆ្កាដៃឆ្កាជើងដូចមនុស្សវិកលចរិក ក៏ដូចជាវីដេអូផ្សេងៗទៀតដែលគាត់បានផុស គឺមួយម៉ាត់ណាក៏គាត់បញ្ជាក់ថា «គាត់ចូលមកកម្ពុជា នៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៩ នេះ មិនមែនមកឱ្យលោក ហ៊ុន សែន ចាប់ដាក់គុគដូចលោក កឹម សុខា ឬត្រូវសម្លាប់ដូចលោក កែម ឡី នោះទេ ប៉ុន្តែការត្រឡប់ចូលស្រុករបស់គាត់គឺគាត់មកចាប់លោក ហ៊ុន សែន និងទៅបំផុសកម្លាំងប្រជាពលរដ្ឋឱ្យបញ្ចប់រដ្ឋាភិបាលស្របច្បាប់បច្ចុប្បន្ននេះឱ្យបាន»។ ស្តាប់ឮសម្តីនេះខ្ញុំអស់សំណើចម្នាក់ឯង ហើយក៏លើកជាចម្ងល់ និងវិភាគមើលហេតុផលមួយចំនួនយ៉ាងដូច្នេះថា «រវាងលោក ហ៊ុន សែន និងលោក សម រង្ស៊ី តើនរណាខ្លាចនរណា?»
បើយើងនិយាយដោយស្មោះត្រង់ និងមើលឃើញពីស្ថានភាពពិតជាក់ស្តែងនៅកម្ពុជាបច្ចុប្បន្ននេះនិងធ្វើការប្រៀបធៀបអំពីអ្វីដែលលោក ហ៊ុន សែន កំពុងមាន ក្នុងការគ្រប់គ្រងប្រទេស ជាមួយនឹងអ្វីដែលលោកសម រង្ស៊ី កំពុងមាន គឺខុសគ្នាស្រឡះពីអ្វីដែលលោក សម រង្ស៊ី កំពុងក្អកខ្លាំងណាស់។
ទី១ លោក ហ៊ុន សែន បច្ចុប្បន្នជានាយករដ្ឋមន្ត្រីក្នុងតំណែងស្របច្បាប់ ឡើងកាន់អំណាចតាមរយៈការបោះឆ្នោតគាំទ្រពីប្រជាពលរដ្ឋដែលទទួលបានសម្លេងគាំទ្ររហូតដល់ទៅ ៨៣.០២% មានន័យថាប្រជារាស្ត្រពេញចិត្តការដឹកនាំរបស់គាត់ដែលមានការរីចម្រើន និងមានជីវភាពកាន់តែប្រសើរឡើងជាលំដាប់។ ប្រាកដហើយ នៅក្នុងសង្គមប្រជាធិបតេយ្យ គឺតែងតែមានប្រជារាស្ត្រមួយផ្នែកគាំទ្រ និងមួយផ្នែកទៀតមិនគាំទ្រចំពោះការដឹកនាំរបស់រដ្ឋាភិបាល ប៉ុន្តែ ប្រសិនបើអ្នកដែលគាំទ្ររដ្ឋាភិបាលមានចំនួនភាគច្រើនលើសលប់ គឺអ្នកដែលមិនគាំទ្រដែលមានចំនួនភាគតិចនោះត្រូវគោរព និងធ្វើតាមមតិភាគច្រើន។ ដូច្នេះ ប្រសិនបើប្រជាពលរដ្ឋភាគច្រើនគាំទ្រលោក ហ៊ុន សែន តើអាចនិយាយថាលោក ហ៊ុន សែន ខ្លាចលោក សម រង្ស៊ី វិលចូលស្រុកទាំងខ្លួនគាត់កំពុងមានដីកាចាប់ខ្លួនឬ?
ទី២ ក្នុងនាមជានាយករដ្ឋមន្ត្រីរបស់ប្រទេសមួយ លោក ហ៊ុន សែន គ្រប់គ្រងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទនៅក្នុងដៃប្រកបដោយប្រសិទ្ធភាព និងមានអំណាចបញ្ជាកម្លាំងដើម្បីអនុវត្តដីកាតុលាការចាប់ខ្លួនទណ្ឌិត ដែលកំពុងរត់គេចពីសំណាញ់ច្បាប់យកមកដាក់ទោសបានគ្រប់វិនាទីដោយគ្មានផលលំបាកឡើយ។ មានន័យថា ទោះបីជាការវិលត្រឡប់របស់លោក សម រង្ស៊ី តាមផ្លូវគោគ អាកាស ឬផ្លូវទឹក និងខិតខំលាក់ខ្លួនពួនអាត្មានៅក្រហែងណាក៏មិនអាចគេចផុតពីការអូសកយកមកញាត់គុគអស់មួយជីវិតដែរ។
ទី៣ លោក ហ៊ុន សែន មានសមត្ថភាពគ្រប់គ្រាន់ក្នុងការគ្រប់គ្រងនិរន្តរភាពសេដ្ឋកិច្ច ដោយធ្វើឱ្យសេដ្ឋកិច្ចជាតិមានកំណើនជារៀងរាល់ឆ្នាំគួរឱ្យកត់សម្គាល់ក្នុងរង្វង់ប្រមាណ៧%ក្នុងមួយឆ្នាំ ដែលប្រការនេះគឺជាសរសរស្តម្ភធំមួយនៃស្ថេរភាពសង្គម មិនអាចធ្វើឱ្យមានចលាចលសង្គមដែលជាចំណុចខ្សោយសម្រាប់ក្រុមលោក សម រង្ស៊ី អូសទាញប្រជាពលរដ្ឋឱ្យទៅធ្វើអំពើវិទ្ធុង្សនាប្រឆាំងនឹងភាពរស់នៅដ៏សុខសាន្ត ក្នុងសុខសន្តិភាព ក្រោមការដឹកនាំរបស់លោក ហ៊ុន សែន ឡើយ។
ទី៤ ប្រសិនបើរដ្ឋាភិបាលលោក ហ៊ុន សែន មិនស្របច្បាប់ដូចការចោទប្រកាន់របស់ក្រុមប្រឆាំងនោះ ក៏គ្មានបរទេសណាគេទទួលស្គាល់និងធ្វើការជាមួយដែរ។ នេះសឱ្យឃើញថា រាជរដ្ឋាភិបាលកម្ពុជា ដែលមានលោក ហ៊ុន សែន ជានាយករដ្ឋមន្ត្រី កំពុងមានទំនាក់យ៉ាងល្អប្រសើរលើកិច្ចការបរទេសជាមួយប្រទេសជាច្រើន ទាំងប្លុកសេរី និងប្លុកកុំម្មុយនីស ហើយប្រទេសទាំងនោះនៅតែគាំទ្រវត្តមានរបស់ប្រទេសកម្ពុជានៅលើឆាកអន្តរជាតិ និងអង្គការសហប្រជាជាតិ។
ទី៥ ការជាប់ឆ្នោតជាបន្តបន្ទាប់របស់លោក ហ៊ុន សែន បញ្ជាក់យ៉ាងច្បាស់ថា គាត់នៅតែជាមេដឹកនាំដែលមានប្រជាប្រិយភាពចំពោះប្រជាពលរដ្ឋ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងជាពិសេសចំពោះកម្មករ កម្មការិនី ក្នុងការលើកកម្ពស់ជីវភាពរបស់ពួកគេឱ្យកាន់តែល្អប្រសើរពីមួយឆ្នាំទៅមួយឆ្នាំ។
តាមរយៈការវិភាគរបស់ខ្ញុំដោយឈរលើហេតុផលមួយចំនួនខាងលើ ខ្ញុំក៏សង្ឃឹមថាបងប្អូនប្រជាពលរដ្ឋទូទៅ ក៏ប្រាកដជាគិត និងបានមើលឃើញនូវចំណុចទាំងនេះដូចរូបខ្ញុំ ជាមិនខាន ហើយប្រហែលជាមិនបានឃើញនូវចំណុចដែលលោក ហ៊ុន សែន ត្រូវព្រួយបារម្ភ ឬខ្លាចលោក សម រង្ស៊ី កុំថាឡើយមានលទ្ធភាពមកចាប់លោក ហ៊ុន សែន សូម្បីតែហ៊ានមកជាន់ដីកម្ពុជាក៏គាត់មិនហ៊ានមកផង ដូច្នេះ «រវាងលោក ហ៊ុន សែន និងលោក សម រង្ស៊ី តើនរណាខ្លាចនរណា»? បន្ថែមលើនេះយើងអាចវាយតម្លៃទៀតថា៖
ទី១ សូម្បីតែអ្នកវិភាគដែលធ្លាប់គាំទ្រគាត់ក៏វាយតម្លៃថាពួកគេមិនសូវមានជំនឿចំពោះការប្រកាសរបស់លោក សម រង្ស៊ី នៅពេលនេះទេ។ អ្នកវិភាគនយោបាយលោកបណ្ឌិត ឡៅ ម៉ុងហៃ ហាក់មិនសូវមានជំនឿចំពោះការប្រកាសរបស់លោក សម រង្ស៊ី នៅពេលនេះនោះទេ គាត់បញ្ជាក់ថាបើមកពេលនេះទាល់តែមានលក្ខខណ្ឌដូចកាលពីខែកក្កដា ឆ្នាំ២០១៣ គឺមានភ្លើងខៀវពីលោក ហ៊ុន សែន និងមានការលើកលែងទោសពីព្រះមហាក្សត្រ ប៉ុន្តែពេលនេះគ្មានទេ បើចូលមកមានតែត្រូវគេចាប់ដាក់គុគមិនខាន។
ចំណែកលោក គឹម សុខ វិភាគថា៖ «បើលោកសម រង្ស៊ី ប្រថុយចូលស្រុកដោយគ្មានការព្រមព្រៀងគ្នាជាមុនរវាងក្រុមលោក ហ៊ុន សែន និងក្រុមលោកសម រង្ស៊ី ក្នុងករណីនេះខ្ញុំគិតថាស្រាលបំផុតលោកសម រង្ស៊ី នឹងត្រូវចាប់ដាក់គុក ហើយបើធ្ងន់ជាងនេះនឹងត្រូវបាតុករគាំទ្រលោក ហ៊ុន សែន វ៉ៃបែកក្បាលសិន ហើយអាជ្ញាធរនៃក្រុមលោក ហ៊ុន សែន ប្រើលេសការពារសុវត្ថិភាព និងព្យាបាលរបួសចាប់យកទៅដាក់ឃុំក្នុងផ្ទះដូចលោក កឹម សុខា អញ្ចឹងដែរ។
រីឯអ្នកវិភាគនយោបាយលោក ឯម សុវណ្ណារ៉ា ថាលោកមិនសូវមានជំនឿចំពោះការប្រកាសរបស់លោក សម រង្ស៊ី លើកនេះនោះទេ ដោយសារវានៅមិនទាន់ដល់ដំណាក់កាលចុងក្រោយនៃជីវិតនយោបាយរបស់លោក សម រង្ស៊ី។លោកវិភាគថា៖ កាលណាគាត់ចូលមកគេចាប់គាត់ហើយទី១ ទី២បើគាត់មានជំរើសគឺគាត់នៅខាងក្រៅហើយ គាត់មិនចូលមកវិញទេ។
ទី២ សម្រាប់ស្ថានភាពបច្ចុប្បន្នរបស់លោក សម រង្ស៊ី គឺគាត់គ្មានទាំងទីតាំងឈរជើងពិតប្រាកដដើម្បីពង្រឹងកម្លាំងគាំទ្រដែលនៅចំនួនសេសសល់ដ៏តិចតួចនោះឡើយ។ ការប្រមូលកម្លាំងគាំទ្រគឺធ្វើឡើងរបៀបមាន់សម្លរមិនហ៊ានចូលទីលានប្រកួត បានតែប្រកូកប្រកាសពីចម្ងាយ និងជំរុញឱ្យអ្នកគាំទ្រប្រឈមមុខនឹងច្បាប់ ជាប់គុគ ជាប់ច្រវ៉ាក់ជំនួសខ្លួន ចំណែកលោក សម រង្ស៊ី ខ្លួនឯងយកលុយដែលរៃអង្គាសបានពីអ្នកគាំទ្រទៅជិះយន្តហោះដើរលេងពីប្រទេសមួយទៅប្រទេសមួយ ដេកសណ្ឋាគារទំនើបៗ ស៊ីអាហារឆ្ងាញ់ៗតែខ្លួនឯង និងក្រុមហែរហម តើចំណុចណាទៅក្នុងក្បួនសឹកដែលមេទ័ពប្រមើលមើលឃើញផ្លូវឈ្នះលើសមរភូមិនោះ?
ទី៣ សម រង្ស៊ី តាំងពីធ្វើនយោបាយនៅក្នុងគណបក្សហ៊្វុនស៊ីនប៉ិច គណបក្សជាតិខ្មែរ គណបក្ស សម រង្ស៊ី គណបក្សសង្គ្រោះជាតិមក គឺគ្មានឆន្ទៈតស៊ូមោះមុត និងគ្មានទស្សនៈវិស័យនយោបាយច្បាស់លាស់ទេ។ កន្លងមក គេឃើញ សម រង្ស៊ី ធ្វើកិច្ចការអ្វីមួយ គឺធ្វើបានតែមួយឆាវប៉ុណ្ណោះ ហើយបន្ទាប់មកក៏រលាយសូន្យ។ ឧទាហរណ៍ គម្រោងប្រមូលលុយមូលនិធិទូរទស្សន៍ព្រះអាទិត្យ គម្រោងចលនាសង្គ្រោះជាតិ គឺក្រោយពីបង្កើតឡើងដើម្បីប្រមូលលុយហើយគឺត្រូវរលាយបាត់ទៅវិញទាំងគម្រោង ទាំងលុយលែងឃើញស្រមោល។ ពាក្យសម្តីរបស់លោក សម រង្ស៊ី គឺពោរពេញទៅដោយពាក្យកុហក បោកប្រាស់អ្នកគាំទ្រជាញឹកញាប់។ ឧទាហរណ៍ ពេលវេលាត្រឡប់មកកម្ពុជាវិញ ម្តងកុហកថាថ្ងៃនេះ ម្តងថាថ្ងៃនោះ គឺគ្រាន់តែជាលេសបង្កើតកម្មវិធីរៃអង្គាសប្រាក់តែប៉ុណ្ណោះ។
អ្វីដែលបង្ហាញនូវភាពល្ងង់ខ្លៅបំផុតរបស់លោក សម រង្ស៊ី នោះ គឺការកុហកអ្នកគាំទ្រ ក្នុងការប្រកាសមិនចូលរួមនៅក្នុងរដ្ឋសភានាពេលកន្លងមក ប៉ុន្តែទីបំផុតក៏ត្រូវរត់ចូលរដ្ឋសភាក្បត់ពាក្យសន្យា ហើយចូលរួមធ្វើវិសោធនកម្មដ្ឋធម្មនុញ្ញក្នុងការបង្កើតរដ្ឋាភិបាលពី ២/៣ ទៅ៥០%បូក១ ដែលចំណុចនេះគឺជាការប្រគល់អំណាចដាក់លើជើងពានជូនដល់គណបក្សប្រជាជនរបស់លោក ហ៊ុន សែន យ៉ាងពិតប្រាកដ។
ទី៤ លោក សម រង្ស៊ី គ្មានកម្លាំងប្រដាប់អាវុធនៅក្នុងដៃនោះទេ។ ពាក្យក្នុងសឹកសង្គ្រាមគេនិយាយថា «នយោបាយរួមផ្សំអាវុធ» ចុះបើពេលនេះគ្មានអំណាច គ្មានកម្លាំង គ្មានអាវុធ បែបនេះ តើធ្វើការតស៊ូរំពឹងមេឃយ៉ាងម៉េច គឺច្បាស់ជាបរាជ័យ។ ដូច្នេះបើមើលឃើញបរាជ័យបែបនេះ លោក សម រង្ស៊ី សារភាពរួចហើយលោកមិនចូលទៅឱ្យលោក ហ៊ុន សែន ចាប់នោះទេ។ ម្យ៉ាងទៀត លោក សម រង្ស៊ី គឺជាទណ្ឌិតដែលកំពុងរត់គេចពីសំណាញ់ច្បាប់ សូម្បីតែការបង្ហាញខ្លួននៅក្រៅប្រទេសម្តងនៅទីនេះ ម្តងនៅទីនោះ គឺបង្ហាញខ្លួនទាំងការភ័យខ្លាច ព្រោះខ្លាចសត្រូវខាងក្នុងផង និងសត្រូវខាងក្រៅផង។
ទី៥ ពាក្យចាស់ពោលថា ធ្វើស្រែនិងទឹក ធ្វើសឹកនិងបាយ។ បើគ្មានលុយបែបនេះ ធ្វើសកម្មភាពម្តងណាក៏រៃអង្គាសប្រាក់ រំពឹងជំនួយបរទេសក៏គេលែងជួយព្រោះរាល់ផែនការដែលគេធ្លាប់ជួយគឺត្រូវបរាជ័យរាល់លើក ហើយគ្មានទទួលបានលទ្ធផលអ្វីទាំងអស់។
ទោះជាយ៉ាងណា ការប្រកាសផែនការចូលមកចាប់លោក ហ៊ុន សែន នៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៩ ខាងមុខនេះ ត្រូវបានប្រជាពលរដ្ឋ អ្នកវិភាគ និងអ្នកតាមដានស្ថានការណ៍នយោបាយនៅកម្ពុជាវាយតម្លៃថាគឺមានតែលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ទេ ដែលជាអ្នកមានលទ្ធភាពគ្រប់គ្រាន់អាចចាប់លោក សម រង្ស៊ី បានមួយរំពេច និងយ៉ាងយូរបំផុតត្រឹម២៤ម៉ោងប៉ុណ្ណោះ ទោះបីជាលោក សម រង្ស៊ី វិលមកតាមផ្លូវគោគ អាកាស ឬផ្លូវទឹក ប្រសិនបើលោក សម រង្ស៊ី ពិតជាក្លាហានហ៊ានវិលត្រឡប់មកកម្ពុជាវិញនៅថ្ងៃដែលខ្លួនបានប្រកាសនាពេលចុងក្រោយនេះមែន។ តាមរយៈសម្មតិកម្មខាងលើ គេអាចសន្និដ្ឋានបានយ៉ាងប្រាកដថា រវាងលោក ហ៊ុន សែន និងលោក សម រង្ស៊ី តើ នរណា ខ្លាចនរណា?
សរុបមក ផែនការចូលមកកម្ពុជា នៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៩ នេះគឺគ្រាន់តែជាផែនការញុះញង់បង្កចលាចលក្នុងកលល្បិចបង្កឱ្យមានបដិវត្តពណ៌ថ្មីមួយទៀត ដែលធ្លាប់ទទួលបរាជ័យកាលពីឆ្នាំ២០១៣ ម្តងរួចមកហើយ។ ប្រសិនបើ គ្មានប្រជាពលរដ្ឋខ្មែរធ្វើតាមការញុះញង់របស់គាត់ទេនោះ ការប្រកាសនេះគឺគ្រាន់តែជាផែនការខ្យល់ និងជាសម្តីអ្នកនយោបាយមាន់សម្លរតែប៉ុណ្ណោះ។ ក្នុងនាមជានាយករដ្ឋមន្ត្រីជាប់ឆ្នោតដោយស្របច្បាប់ លោក ហ៊ុន សែន បានប្រកាសជាច្រើនលើកច្រើនសាររួចមកហើយថា ទោះក្នុងតម្លៃណាក៏ដោយនឹងមិនអនុញ្ញាតឱ្យក្រុមជនក្បត់ជាតិដែលជាទណ្ឌិតមួយក្តាប់តូចមកបំផ្លាញសុខសន្តិភាព និងការអភិវឌ្ឍដែលកម្ពុជារកបានដោយពិបាកនាពេលបច្ចុប្បន្ននេះឡើយ៕
ដោយ៖ យី វិត (ប្រជាពលរដ្ឋរស់នៅខេត្តសៀមរាប)