លិខិតមិត្តអ្នកអាន៖ ទណ្ឌិត សម រង្ស៊ី កំពុងដើរជិតដល់មាត់ទ្វារមរណៈហើយ!
បើគ្រាន់តែប្រកាសលែងល្បែងបិទពួន ចូលមិនចូល គឺបានធ្វើឱ្យទណ្ឌិត សម រង្ស៊ី ផុងខ្លួនស្ទើររើមិនរួចទៅហើយ ឥឡូវនេះថែមទាំងប្រកាសបបួលបុរសខ្លាំង ហ៊ុន សែន ភ្នាល់ចូលស្រុកថ្ងៃ៩វិច្ឆិកា ដាច់ខាតទៀត មានន័យថា ទណ្ឌិតរូបនេះ កំពុងតែដើរជិតដល់មាត់ទ្វារនរកមែនទែនហើយ។ ភាពគឃ្លើនជ្រុលហួសព្រំដែនរបស់ សម រង្ស៊ី នៅពេលនេះ គឺវាមិនខុសអី ពីសត្វមមាចដែលមិនខ្លាចភ្លើង ហើយខំហិចហើរប្រលែងលេងជាមួយភ្លើងនោះទេ លទ្ធផលចុងក្រោយគឺត្រូវងាប់ក្នុងភ្លើងនោះឯង។ មានអ្នកខ្លះយល់ថា មនុស្ស សម រង្ស៊ី នេះ គឺជាមនុស្សសាច់កម្ម ឬមនុស្សដែលមានបាបកម្មក្រាស់ នៅក្រៅប្រទេសសុខៗមិនចង់ បែរជាចង់រត់មករកគុក ច្រវ៉ាក់ និងដំបង។ ឱ្យតែចិត្តសឿងហ៊ានមកតាមការភ្នាល់មែននោះ កុំថាឡើយពួកហែរហម សួម្បីតែមេកើយបរទេស ក៏គ្មានលទ្ធភាពជួយ សម រង្ស៊ី បានដែរ។ មកជាន់ទឹកដីកម្ពុជាពេលណា ច្បាស់ណាស់ប្រាកដជាត្រូវជាប់ខ្នោះ និងជាប់គុកដល់ថ្ងៃស្លាប់ ហើយបើរឹងរួស មិនព្រមឱ្យសមត្ថកិច្ចចាប់ខ្លួនតាមសម្រួល សម រង្ស៊ី អាចនឹងមិនបានស្គាល់រស់ជាតិគុកផងក៏មិនដឹង គឺចំណាត់ការក្តៅរបស់អាជ្ញាធរមានសមត្ថកិច្ច អាចកើតមាននៅហ្នឹងកន្លែងតែម្តង។
ទង្វើរបស់ទណ្ឌិត សម រង្ស៊ី នៅពេលចុងក្រោយនេះ គឺស្តែងឱ្យឃើញថា បុគ្គល សម រង្ស៊ី និងបក្ខពួកកំពុងភ្លេចខ្លួនថា ភាពក្រអឺតក្រទម ច្រងេងច្រងាង អំនួតដូចក្អាត់ក្នុងក្អម និងចរឹតបែបសត្វមមាចមិនខ្លាចភ្លើង ដែលខ្លួនកំពុងតែប្រកាន់ខ្ជាប់នាពេលនេះ គឺជាសេចក្តីវិនាសហិនហោច និងខូចខាតយ៉ាងធ្ងន់ធ្ងរ ដល់អាយុជីវិតរបស់ខ្លួន និងគូកន។ សម រង្ស៊ី ធ្វើជាក្អេងក្អាងបបួល លោក ហ៊ុន សែន ភ្នាល់ថា « បើលោក ហ៊ុន សែន មិនជឿថា ខ្ញុំនឹងវិលត្រឡប់មកប្រទេសកម្ពុជាវិញមែន នៅថ្ងៃ៩ វិច្ឆិកា ២០១៩ នេះទេ តើលោក ហ៊ុន សែន យល់ព្រមចុះចេញពីតំណែងភ្លាមមួយរំពេចទេ នៅពេលដែលខ្ញុំមកជាន់ទឹកដីប្រទេសកម្ពុជាយ៉ាងជាក់ស្តែង នៅថ្ងៃទី៩ វិច្ឆិកា ឆ្នាំ២០១៩ ខាងមុខនេះ? »។ សម្រាប់បុរសខ្លាំង ហ៊ុន សែន វិញ ដូចគេដឹងរួចមកហើយថា លោកមិនដែលចុះញ៉ោម ជាមួយដៃគូប្រកួតឡើយ ហើយលោក ហ៊ុន សែន ក៏មិនដែលចាញ់ប្រៀបពួកជនឆបោកនយោបាយ ក្បត់ជាតិ ម្តងណាដែរ។ បុរសខ្លាំង ហ៊ុន សែន បានយល់ព្រមភ្នាល់ជាមួយ សម រង្ស៉ី «បើសិន សម រង្ស៉ី ចូលមកកម្ពុជាហើយ ចាប់មិនបានក្នុងរយៈពេល២៤ម៉ោង លោកនឹងសុខចិត្តចុះចេញពីតំណែង»។ ការប្រកាសភ្នាល់របស់លោក ហ៊ុន សែន គឺស្មើនឹងការប្រកាន់យកជំហរដ៏រឹងមាំ ដាច់ខាត គ្មានការប្រែប្រួល ទណ្ឌិតរត់ចោលគុក នឹងត្រូវបានចាប់ខ្លួនភ្លាមៗដោយគ្មានការបង្អង់ ឬយោគយល់ជាដាច់ខាត។ ដូច្នេះវាសមចិត្តរបស់ សម រង្ស៊ី ហើយ ដែលចង់ត្រឡប់មកកម្ពុជាវិញនោះ ពោលគឺមកស្លាប់ក្នុងគុក ក្នុងទឹកដីកម្ពុជា ដើម្បីសងបំណុលដែលទណ្ឌិតរូបនេះ បានឃុបឃិតជាមួយបរទេស រៀបចំគម្រោងផែនការបំផ្លាញប្រទេសជាតិ និងប្រជាជនខ្លួនឯង និងតែងតែរត់ចោលគុករហូតមក។
អ្នកតាមដានស្ថានការណ៍នយោបាយនៅកម្ពុជា បានមើលឃើញថា ជីវិតនយោបាយរបស់ សម រង្ស៊ី កំពុងតែខិតទៅរកសេចក្តីសម្លាប់ និងអន្តរាយនៅទឹកចុងក្រោយនេះហើយ។ ទណ្ឌិត សម រង្ស៊ី និងគូកននៅពេលចុងក្រោយនេះ ហាក់កំពុងតែគឃ្លើនរឹតតែខ្លាំងឡើងៗ។ អំនួត និងភាពច្រឡោមខាមក្រៅសង្វៀនរបស់ទណ្ឌិត សម រង្ស៊ី គឺប្រៀបបាននឹងការជីករណ្តៅកប់ខ្លួនឯងដូច្នេះដែរ។ នៅថ្ងៃទី៣០ សីហា ឆ្នាំ២០១៩ នេះ លោក ហ៊ុន សែន បានប្រកាសយ៉ាងម៉ឹងម៉ាត់ដាច់ខាត អត់ប្រែប្រួលថា «ខ្ញុំយល់ព្រមទទួលការភ្នាល់ជាមួយអាម្សៀ រង្ស៉ី ប្រសិនបើអ្នកឯងជាន់ទឹកដីខ្មែរនៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៩ហើយ ខ្ញុំចាប់អ្នកឯងមិនបានក្នុងរយៈពេល២៤ម៉ោង ខ្ញុំនឹងសុខចិត្តចុះចេញពីតំណែង។ ប៉ុន្តែបើខ្ញុំចាប់ខ្លួនអ្នកឯងបានវិញ អ្នកឯងនឹងត្រូវបញ្ចប់ជីវិតនយោបាយ ព្រមទាំងរំលាយអង្គការចាត់តាំងទាំងឡាយណា ដែលអ្នកឯងបានបង្កើតឡើង។ ផ្ទុយទៅវិញ ប្រសិនបើអ្នកឯងមិនក្លាហានហ៊ានចូលមកកម្ពុជាវិញទេ នោះអ្នកឯងនឹងត្រូវបញ្ចប់ជីវិតនយោបាយ និងរំលាយអង្គការចាត់តាំងដែលអ្នកឯងបង្កើត។ តើអ្នកឯងហ៊ាន ឬមិនហ៊ាន ចំពោះការភ្នាល់នេះ? បន្ថែមរឹតតែធ្ងន់ទៀតនោះ គឺការស្បថ ប្រសិនបើអ្នកណាម្នាក់ មិនគោរពលើការសន្យានៃការភ្នាល់នេះ ខ្ញុំសូមឲ្យវត្ថុស័ក្តិសិទ្ធិលើលោក ផ្តាច់ជីវិតអ្នកដែលមិនគោរពការសន្យា និងក្រុមគ្រួសារទាំងពូជតែម្តង។ តើអ្នកឯងហ៊ាន ឬមិនហ៊ាន? ខ្ញុំសូមឱ្យប្រជាពលរដ្ឋខ្មែរទូទាំងប្រទេស ធ្វើជាសាក្សីចំពោះការភ្នាល់នេះ។
សាររបស់លោក ហ៊ុន សែន នៅថ្ងៃនេះ គឺរឹតតែធ្ងន់ករហើយ សម្រាប់ទណ្ឌិតក្បត់ជាតិ សម រង្ស៊ី។ ទោះបីជា សម រង្ស៊ី មិននិយាយចេញមក ក៏គេអាចសន្និដ្ឋានបានថា នៅពេលនេះ ទណ្ឌិតក្បត់ជាតិ សម រង្ស៊ី ប្រាកដជាភ័យស្លន់ស្លោរ ទប់ជំហរលែងជាប់ហើយ។ សម រង្ស៊ី គិតស្មានថា ខ្លួនបបួលលោក ហ៊ុន សែន ភ្នាល់ដើម្បីរាយអន្ទាក់ដាក់លោក ហ៊ុន សែន ប៉ុន្តែមានឯណា លោក ហ៊ុន សែន ឆ្លាតហួសពីការរំពឹងទុករបស់ទណ្ឌិតក្បត់ជាតិឆ្ងាយណាស់ លោ ហ៊ុន សែន បានបង្កើតនូវវិញ្ញាសារភ្នាល់ថ្មី ដែលធ្វើឱ្យទណ្ឌិតក្បត់ជាតិ ជាប់អន្ទាក់ វ័ណ្តក ទៅមុខក៏មិនកើត ថយក្រោយក៏មិនរួច។ ល្បែងដែល សម រង្ស៊ី កំពុងតែបង្កើត បាននិងកំពុងរុញបុគ្គលក្បត់ជាតិរូបនេះ ឱ្យដើរកាន់តែកៀកនឹងមាត់ទ្វារមរណៈហើយ៕
ដោយ៖ ស ជាតិ