ខ្មែរប៉ុស្ដិ៍ Close

រាជរដ្ឋាភិបាល ដាក់ចេញវិធានការចំនួន ៣ ដើម្បីដោះស្រាយបញ្ហាហេដ្ឋារចនាសម្ព័ន្ធក្នុងខេត្តព្រះសីហនុ

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃព្រហស្បតិ៍ ទី២៩ ខែសីហា ឆ្នាំ២០១៩ ព័ត៌មានទូទៅ 43

គណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ (គ.ស.ហ) ដឹកនាំដោយលោកឧបនាយករដ្ឋមន្រ្តី អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធាន គ.ស.ហ បានរៀបចំកិច្ចប្រជុំអន្តរក្រសួង ដើម្បីពិនិត្យ និង ពិភាក្សាអំពី “វិធានការដោះស្រាយបញ្ហាហេដ្ឋារចនាសម្ព័ន្ធក្នុងខេត្តព្រះសីហនុ” ដោយមានការអញ្ជើញចូលរួមពី ទេសរដ្ឋមន្ត្រី រដ្ឋមន្រ្តី និងថ្នាក់ដឹកនាំជាន់ខ្ពស់នៃក្រសួង-ស្ថាប័នពាក់ព័ន្ធរបស់រាជរដ្ឋាភិបាល នាព្រឹកថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៩ នៅទីស្ដីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

ដើម្បីឆ្លើយតបនឹងបញ្ហានេះ អង្គប្រជុំបានឯកភាពដាក់ចេញនូវវិធានការចំនួន ៣ ដូចខាងក្រោម៖

ទី១) ការងារបន្ទាន់ និងជាកិច្ចការអាទិភាពៈ គឺត្រូវស្តារអូរធម្មជាតិទាំង ៥ និងលូដែលមានស្រាប់ ដែលសព្វថ្ងៃកំពុងទទួលរងការរំលោភយកចំណីអូរ និងប្រឡាយ ដើម្បីបើកមុខទឹកហូរ និងដោះស្រាយជំនន់ទឹកភ្លៀង។ ក្នុងការអនុវត្តកិច្ចការនេះ ក្រសួង-ស្ថាប័នមានសមត្ថកិច្ច ត្រូវមានភាពម៉ឺងម៉ាត់ និងដាក់ឱសានវាទច្បាស់លាស់ ដើម្បីឲ្យម្ចាស់សំណង់អគារ លំនៅដ្ឋានដែលសង់រំលោភលើលូ ប្រឡាយ អូរធម្មជាតិ ត្រូវរុះរើចេញជាដាច់ខាត។ ចំពោះសំណង់អគារធំៗ ម្ចាស់សំណង់ត្រូវរៀបចំជីកប្រឡាយវាង លូបង្ហូរទឹកវាង ដោយរៀបចំជាសំណង់បេតុងស្របតាមស្តង់ដារសំណង់។

ទី២) បង្កើនល្បឿនការស្តារ និងជួសជុលកំណាត់ផ្លូវទាំង ២២ខែ្ស ដែលមិនទាន់បានបញ្ចប់ៈ ក្រុមការងារដែលទទួលបន្ទុកសិក្សាពីតម្រូវការជួសជុលនៃកំណាត់ផ្លូវទាំងនេះកន្លងមក ត្រូវធ្វើការសិក្សា និងវាយតម្លៃឡើងវិញ ពីទំហំនៃការជួលជុល ព្រោះថា ស្ថានភាពមានការប្រែប្រួលខ្លាំង នាពេលថ្មីៗនេះ ដែលបង្កដោយជំនន់ទឹកភ្លៀង ការដឹកលើសទម្ងន់ និងការបំពានចំណីផ្លូវជាដើម ក៏ដូចជាធ្វើការសិក្សាលើលទ្ធភាពក្នុងការពង្រីក និងកែលម្អផ្លូវវាងក្រុង ដើម្បីសម្រាលបន្ទុកចរាចរលើផ្លូវធំៗមួយចំនួន រាប់ទាំង កំណត់ផ្លូវជាតិលេខ ៤ ផងដែរ ដើម្បីដាក់ជូនរាជរដ្ឋាភិបាលពិនិត្យ និងសម្រេចសារជាថ្មី។

ទី៣) វិធានការរយៈពេលវែង: ការកសាងស្ថានីចម្រោះទឹកកខ្វក់ និងការពង្រីកប្រព័ន្ធលូ និងតម្រូវការហេដ្ឋារចនាសម្ព័ន្ធរូបវន្តផ្សេងទៀត នឹងដាក់បញ្ចូលក្នុងការសិក្សាផែនការមេ ដែលគ្រប់ជ្រុងជ្រោយ ដោយរាប់ទាំងការគិតគូរ​ពីប្រភពនៃហិរញ្ញប្បទាន តាមគោលការណ៍​ «យកស្លឹកត្នោតខ្ចប់ស្ករត្នោត» ដែលជាអនុសាសន៍ណែនាំ​របស់​លោកនាយករដ្ឋមន្ត្រី ដោយយកចំណូលពីការធ្វើឯកជនូបនីយកម្មអចលនទ្រព្យ របស់ខេត្តព្រះសីហនុ ដើម្បីការកសាងហេដ្ឋារចនាសម្ព័ន្ធក្នុងខេត្តវិញ សំដៅបង្កើនប្រសិទ្ធភាព និងចីរភាពនៃការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ក្នុងខេត្តព្រះសីហនុ ៕

អត្ថបទទាក់ទង