ខ្មែរប៉ុស្ដិ៍ Close

អាជីវករនៅផ្សារលើ ខេត្តព្រះសីហនុ ចំនួន ២៥នាក់ រកឃើញមានផ្ទុកកូវីដ-១៩

ដោយ៖ លី វិទ្យា ​​ | ថ្ងៃអាទិត្យ ទី១៨ ខែមេសា ឆ្នាំ២០២១ ព័ត៌មានទូទៅ 40
អាជីវករនៅផ្សារលើ ខេត្តព្រះសីហនុ ចំនួន ២៥នាក់ រកឃើញមានផ្ទុកកូវីដ-១៩ អាជីវករនៅផ្សារលើ ខេត្តព្រះសីហនុ ចំនួន ២៥នាក់ រកឃើញមានផ្ទុកកូវីដ-១៩

រដ្ឋបាលខេត្តព្រះសីហនុនាថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២១នេះ បានចេញសេចក្តីជូនដំណឹង រកឃើញមាន អាជីវករលក់ដូរនៅផ្សារលើ ក្រុងព្រះសីហនុ ចំនួន២៥នាក់ មានវិជ្ជមានកូវីដ-១៩។

ជាមួយគ្នានោះ ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ បន្តទៀត រដ្ឋបាលខេត្តព្រះសីហនុ បានអំពាវនាវដល់ អាជីវករ និងប្រជាពលរដ្ឋ ដែលបានធ្លាប់ទៅទីតាំងតូបលក់ដូរខាងលើ ឫធ្លាប់បានប្រាស្រ័យទាក់ទង ដោយផ្ទាល់ជាមួយអ្នកវិជ្ជមានកូវីដ-១៩ ខាងក្រោម ត្រូវរាយការណ៍ជូនអាជ្ញាធរមូលដ្ឋានជាបន្ទាន់ និងប្រញាប់រួសរាន់ទៅផ្តល់វត្ថុសំណាកដើម្បីវិភាគរកវីរុសកូវីដ-១៩ នៅវេទិកា ៧មករា នៅរៀងរាល់ម៉ោងធ្វើការ (រួមទាំងថ្ងៃឈប់សំរាក) ហើយត្រូវធ្វើចត្តាឡីស័កនៅលំនៅដ្ឋានរបស់ខ្លួនឲ្យបានត្រឹមត្រូវរយះពេល១៤ថ្ងៃ។

បន្ថែមលើនោះ ចំពោះអ្នកពាក់ព័ន្ធដទៃទៀត ត្រូវតាមដានសុខភាពផ្ទាល់ខ្លួនជាប្រចាំ ត្រូវពិនិត្យកម្ដៅយ៉ាងតិច ២ដងក្នុងមួយថ្ងៃ ត្រូវសម្រាកនៅផ្ទះបន្ទប់ដាច់តែឯង និងត្រូវថែរក្សាអនាម័យខ្លួនជានិច្ច និងត្រូវអនុវត្តកាតព្វកិច្ចពាក់ម៉ាស និងកាតព្វកិច្ចរក្សាគម្លាតសុវត្ថិភាព ឱ្យបានម៉ឺងម៉ាត់បំផុត។

រដ្ឋបាលខេត្តព្រះសីហនុ បានបញ្ជាក់បន្ថែមថា ក្នុងករណីមានការប្រែប្រួលសុខភាពខុសប្រក្រតីដូចជា ឡើងកម្ដៅលើសពី ៣៧អង្សាសេ ក្អកកណ្តាស់ ហៀរសំបោរ ឈឺបំពង់ក មានកំហាក ថប់ដង្ហើម…។ល។ ត្រូវប្រញាប់ទំនាក់ទំនងទៅក្រុមឆ្លើយតបបន្ទាន់នៃមន្ទីរសុខាភិបាលខេត្ត ឬមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ តាមរយៈទូរសព្ទ 012794 896 ឬ 016 526 520៕

អត្ថបទទាក់ទង