ខ្មែរប៉ុស្ដិ៍ Close

សហព័ន្ធប្រណាំងកង់អន្តរជាតិ ជ្រើសរើសកម្ពុជារៀបចំព្រឹត្តិការណ៍ប្រណាំងកង់ពិភពលោកនៅតំបន់ឆ្នេរ សម្រាប់ឆ្នាំ២០២០

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃពុធ ទី២៨ ខែសីហា ឆ្នាំ២០១៩ ព័ត៌មានទូទៅ 33
សហព័ន្ធប្រណាំងកង់អន្តរជាតិ ជ្រើសរើសកម្ពុជារៀបចំព្រឹត្តិការណ៍ប្រណាំងកង់ពិភពលោកនៅតំបន់ឆ្នេរ សម្រាប់ឆ្នាំ២០២០ សហព័ន្ធប្រណាំងកង់អន្តរជាតិ ជ្រើសរើសកម្ពុជារៀបចំព្រឹត្តិការណ៍ប្រណាំងកង់ពិភពលោកនៅតំបន់ឆ្នេរ សម្រាប់ឆ្នាំ២០២០

នាព្រឹកថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៩ នៅទីស្តីការក្រសួងទេសចរណ៍ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានដឹកនាំកិច្ចប្រជុំគណៈកម្មការអន្តរក្រសួង ដើម្បីរៀប ចំព្រឹត្តិការណ៍ប្រណាំងកង់ពិភពលោកនៅតំបន់ឆ្នេរកម្ពុជា នាដើមឆ្នាំ២០២០ ខាងមុខ ដោយមានការចូលរួមពីតំណាងក្រសួងស្ថាប័ន អាជ្ញាធរពាក់ព័ន្ធ ដែលជាអនុប្រធាន និងសមាជិកនៃគណៈកម្មការនេះ។

សហព័ន្ធប្រណាំងកង់អន្តរជាតិ (UCI) ដែលជាស្ថាប័នរៀបចំកីឡាប្រណាំងកង់លំដាប់ពិភពលោក បានជ្រើសរើសប្រទេសកម្ពុជាក្នុងការរៀបចំព្រឹត្តិការណ៍ «ប្រណាំងកង់ពិភពលោកនៅតំបន់ឆ្នេរសមុទ្រ» ចាប់ពីថ្ងៃទី០៤-០៦ ខែមករា ឆ្នាំ២០២០ ខាងមុខនេះ។ ព្រឹត្តិការណ៍ពិភពលោកនេះ រៀបចំឡើងក្រោមកិច្ចសហការរវាងក្រសួងទេសចរណ៍ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) សហព័ន្ធកីឡាទោចក្រយានកម្ពុជា ក្លឹបឆ្នេរស្អាតបំផុតលើពិភពលោក និងសហព័ន្ធប្រណាំងកង់អន្តរជាតិ (UCI)។

លោក វ៉ាត់ ចំរើន រដ្ឋលេខាធិការ និងជាអគ្គលេខាធិការ NOCC បានបញ្ជាក់ថា រយៈពេល៣ថ្ងៃ នៃព្រឹត្តិការណ៍ប្រណាំងកង់លំដាប់ពិភពលោកនេះ នឹងត្រូវឆ្លងកាត់ខេត្តកោះកុង ខេត្តកំពត ខេត្តកែប និងខេត្តព្រះសីហនុ ដែលជាខេត្តជាប់ឆ្នេរសមុទ្ររបស់កម្ពុជា ដែលត្រូវបានបែងចែកជា៣ដំណាក់កាល រួមមាន៖

* ដំណាក់កាលទី១៖ នាថ្ងៃទី០៤ ខែមករា ឆ្នាំ២០២០ ចាប់ផ្ដើមចេញដំណើរដំបូងពីតំបន់វិស្សមកាលទេសចរណ៍តារាសាគរ ឆ្លងកាត់រង្វង់មូលព្រឹទ្ធាចារ្យ សាយ ភូថង (ស្ថិតក្នុងស្រុកបុទុមសាគរ ខេត្តកោះកុង) ឆ្ពោះទៅក្រុងខេមរភូមិន្ទ (ទីរួមខេត្តកោះកុង) ដែលមានចម្ងាយសរុបប្រមាណ ១៣៥គីឡូម៉ែត្រ។

* ដំណាក់កាលទី២៖ នាថ្ងៃទី០៥ ខែមករា ឆ្នាំ២០២០ ចេញដំណើរពីរង្វង់មូលព្រឹទ្ធាចារ្យ សាយ ភូថង ឆ្លងកាត់ផ្លូវបំបែកស្រែអំបិល ឆ្ពោះទៅរង្វង់មូលវាលរេញ (ស្ថិតក្នុងស្រុកព្រៃនប់ ខេត្តព្រះសីហនុ) និងបន្តទៅកាន់រមណីយដ្ឋានឋានសួគ៌បូកគោ ខេត្តកំពត ដែលមានចម្ងាយសរុបប្រមាណ ១៧០គីឡូម៉ែត្រ។

* ដំណាក់កាលទី៣៖ ថ្ងៃទី០៦ ខែមករា ឆ្នាំ២០២០ ចេញដំណើរពីមុខសាលាខេត្តកែប ឆ្លងកាត់រង្វង់មូលសេះស ឆ្ពោះទៅកាន់រង្វង់មូលទុរេន នៃខេត្តកំពត រួចបន្តទៅកាន់រង្វង់មូលវាលរេញ ឆ្ពោះទៅរង្វង់មូលតោពីរ នៃខេត្តព្រះសីហនុ ពេលទៅដល់ជិះវង់ជុំវិញរង្វង់មូលតោពីរចំនួន៣ជុំ ហើយបន្តឆ្ពោះទៅរមណីយដ្ឋានឆ្នេរសុខា រមណីយដ្ឋានឆ្នេរឯករាជ្យ ព្រះរាជដំណាក់ រួចចុះតាមផ្លូវឆ្នេរឯករាជ្យ តម្រង់ទៅរង្វង់មូលតោពីរវិញ ហើយបញ្ចប់នៅទីនោះតែម្ដង ដែលមានចម្ងាយសរុបប្រមាណ ១៥៥គីឡូម៉ែត្រ៕

អត្ថបទទាក់ទង