ខ្មែរប៉ុស្ដិ៍ Close

រមណីយដ្ឋានទេសចរណ៍ធម្មជាតិ និងអេកូទេសចរណ៍ថ្មីៗ ទាញការចាប់អារម្មណ៍ពីទេសចរ

ដោយ៖ ប្រាជ្ញ សុវណ្ណរ៉ា ​​ | ថ្ងៃអង្គារ ទី៨ ខែមិថុនា ឆ្នាំ២០២១ ផ្ទះហ្វេសប៊ុក 60
រមណីយដ្ឋានទេសចរណ៍ធម្មជាតិ និងអេកូទេសចរណ៍ថ្មីៗ ទាញការចាប់អារម្មណ៍ពីទេសចរ រមណីយដ្ឋានទេសចរណ៍ធម្មជាតិ និងអេកូទេសចរណ៍ថ្មីៗ ទាញការចាប់អារម្មណ៍ពីទេសចរ

លោក ថោង ខុន រដ្ឋមន្ត្រីទេសចរណ៍ លើកឡើងថា គោលដៅទេសចរណ៍ រមណីយដ្ឋានទេសចរណ៍បែបធម្មជាតិ និងអេកូទេសចរណ៍ថ្មីៗមួយចំនួន ដែលមានវិសាលភាពធំទូលាយ និងមានហានិភ័យទាប បានក្លាយជាគោលដៅទេសចរណ៍ដ៏ទាក់ទាញក្នុងបរិបទកូវីដ-១៩។

ការលើកឡើងនេះ ធ្វើឡើងបន្ទាប់ពីចុងសប្តាហ៍កន្លងទៅនេះ មានភ្ញៀវទេសចរជាតិ និងអន្តរជាតិ៨ម៉ឺននាក់ បានចេញទៅកម្សាន្តនៅតំបន់អេកូទេសចរណ៍នៅតាមបណ្តាខេត្ត បើទោះបីជាតំបន់ខ្លះនៃរាជធានីភ្នំពេញ និងខេត្តមួយចំនួនមានការកើនឡើងនៃជំងឺកូវីដ-១៩ក៏ដោយ។

លោកបានឱ្យដឹងថា កាលពីចុងសប្តាហ៍កន្លងទៅនេះនៅទូទាំងប្រទេសកម្ពុជាទទួល បានភ្ញៀវទេសចរសរុប៧៦.៦៩៨នាក់ ក្នុងនោះភ្ញៀវជាតិជាង៧ម៉ឺន៥ពាន់នាក់ និងភ្ញៀវបរទេសផ្ទៃក្នុង ៩១២នាក់។ គោលដៅតំបន់ទេសចរណ៍សំខាន់ៗ រួមមាន៖ ខេត្តក្រចេះដែលសប្បូរទៅដោយតំបន់អេកូទេសចរណ៍ដូចជាកោះព្រហ្មចារីជ្រោយបន្ទាយ សហគមន៍អេកូទេសចរណ៍កោះសាមសិប ជាដើមនេះ ទទួលបានទេសចរជាង១ម៉ឺននាក់ ខណៈខេត្តបាត់ដំបងជាង៩ពាន់នាក់,ខេត្តកំពតជាង៩ពាន់នាក់, ខេត្តព្រះសីហនុជាង៨ពាន់នាក់, ខេត្តសៀមរាបជិត៧ពាន់នាក់, និងខេត្តកំពង់ស្ពឺជិត៧ពាន់នាក់។

លោក ថោង ខុន បានបញ្ជាក់ថា ចំនួននេះមានការកើនឡើងប្រមាណ៧,១៩ភាគរយ ធៀប នឹងសប្តាហ៍កន្លងមក ប៉ុន្តែបើធៀបនឹងរយៈពេលដូចគ្នានៃដើមខែមិថុនា កាលពីឆ្នាំ២០២០ គឺថយចុះដល់ទៅ៤៩,៨៨ភាគរយ។

លោកបានក្រើនរំឭកដល់អ្នកគ្រប់គ្រងនៅតាមគោលដៅរមណីយដ្ឋានទេសចរណ៍ និងមូលដ្ឋានអាជីវកម្មទេសចរណ៍ទាំងអស់ ត្រូវបន្តខិតខំអនុវត្តឱ្យបាន យ៉ាងហ្មត់ចត់តាមវិធានការ«៣ កុំ» និង «៣ ការពារ» រួមជាមួយវិធានសុវត្ថិភាពទេសចរណ៍ក្នុងការទប់ស្កាត់ជំងឺកូវីដ-១៩ និងវិធានការរដ្ឋបាលដោយឡែករបស់រាជធានី-ខេត្តនីមួយៗ។

សូមបញ្ជាក់ថា ក្រសួងទេសចរណ៍ បាននិងកំពុងផ្សព្វផ្សាយពីម្ហូបអាហារខ្មែរដោយផ្សារភ្ជាប់សក្តានុពលនៃគោលដៅទេសចរណ៍នៅទូទាំងប្រទេស ដើម្បីស្តារសេដ្ឋកិច្ចសង្គមឡើងវិញក្នុង និងក្រោយវិបត្តិកូវីដ-១៩។

ការផ្សព្វផ្សាយនេះ ធ្វើឡើងស្របពេលប្រទេសនៃមហាអនុតំបន់មេគង្គ រួមគ្នាគិតគូរពីការ ទទួលស្វាគមន៍ភ្ញៀវទេសចរចាក់ វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩រួចរាល់ ឱ្យចូលទស្សនានៅតាមប្រទេសនីមួយៗ ក្នុងនោះកម្ពុជារំពឹងថា នឹងអាចអនុវត្តបាននៅចុងត្រីមាសនៃឆ្នាំនេះ៕

អត្ថបទទាក់ទង