ខ្មែរប៉ុស្ដិ៍ Close

គោលដៅអេកូទេសចរណ៍ចំនួន៤ នឹងទទួលការអភិវឌ្ឍរួមគ្នាជាកញ្ចប់ ដើម្បីជំរុញកំណើនទេសចរក្នុងស្រុក !

ដោយ៖ ប្រាជ្ញ សុវណ្ណរ៉ា ​​ | ថ្ងៃពុធ ទី៣០ ខែកញ្ញា ឆ្នាំ២០២០ នគរគំនិត 41
គោលដៅអេកូទេសចរណ៍ចំនួន៤ នឹងទទួលការអភិវឌ្ឍរួមគ្នាជាកញ្ចប់ ដើម្បីជំរុញកំណើនទេសចរក្នុងស្រុក ! គោលដៅអេកូទេសចរណ៍ចំនួន៤ នឹងទទួលការអភិវឌ្ឍរួមគ្នាជាកញ្ចប់ ដើម្បីជំរុញកំណើនទេសចរក្នុងស្រុក !

(ភ្នំពេញ)៖ មន្ត្រីជំនាញនៃក្រសួងទេសចរណ៍ បានលើកឡើងនូវគោលដៅសហគមន៍អេកូទេសចរណ៍អាទិភាពចំនួន ៤កន្លែង ដែលមានសក្ដានុពលខ្លាំងលើវិស័យទេសចរណ៍ និងកំពុងទាក់ទាញភ្ញៀវទេសចរបានយ៉ាងច្រើន គ្រាន់តែមិនទាន់មានការជួយអភិវឌ្ឍន៍បន្ថែម ដែលទាមទារឱ្យមានការជួយជ្រោមជ្រែងពីអន្តរក្រសួង-ស្ថាប័នពាក់ព័ន្ធ។

ការលើកឡើងយ៉ាងដូច្នេះគឺនៅក្នុងកិច្ចប្រជុំលើកទី៥ ក្រុមការងារអន្តរក្រសួងគ្រប់គ្រង និងអភិវឌ្ឍន៍សហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍ នាថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០ នៅទីស្ដីការក្រសួងទេសចរណ៍ ក្រោមអធិបតីភាពលោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ជាប្រធានក្រុមករងារ អន្តរក្រសួងនិងមានការចូលរួមលោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងជាអនុប្រធានអចិន្ត្រៃយ៍ ក្រុមកាងារអន្តរក្រសួង រដ្ឋមន្រ្តីប្រតិភូអម តំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធមួយចំនួនទៀត។

នាឱកាសនោះ អង្គប្រជុំបានលើកឡើងនូវគោលដៅសហគមន៍ទេសចរណ៍អាទិភាពចំនួន ៤កន្លែង រួមមាន៖ សហគមន៍ទេសចរណ៍ធម្មជាតិរលាក់កងជើង (ភ្នំខ្នងផ្សារ) ស្ថិតនៅស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ សហគមន៍នេសាទផាត់សណ្ដាយ ស្ថិតនៅស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ សហគមន៍អេកូទេសចរណ៍ទឹកជប់ខ្នារពោធិ៍ ស្ថិតនៅស្រុកសូទ្រនិគម ខេត្តសៀមរាប និងសហគមន៍ទេសចរណ៍ទួលព័ន្ធតាឡី (បឹងស្នេហ៍) ស្ថិតនៅស្រុកស្វាយអន្ធរ ខេត្តព្រៃវែង។

អង្គប្រជុំបានបន្តថា សហគមន៍ទាំង៤នេះ ជាសហគមន៍ដែលទើបតែបង្កើតថ្មី ហើយក៏ទើបតែបញ្ចូលសកម្មភាព និងសេវាកម្មទេសចរណ៍ថ្មីថ្មោងផងដែរ ដែលទាមទារឱ្យមានការជួយអភិវឌ្ឍន៍ដល់សហគមន៍បន្ថែមពីសំណាក់ក្រសួងទេសចរណ៍ និងក្រសួង-ស្ថាប័នពាក់ព័ន្ធដទៃទៀត។

បញ្ហានៅចំពោះមុខដែលកំពុងមានក្នុងសហគមន៍ទាំងនោះ រួមមាន៖ បញ្ហាខ្លះប្រព័ន្ធហេដ្ឋារចនាសម្ពន្ធតភ្ជាប់ទៅកាន់សហគមន៍ បញ្ហាផ្លូវធ្វើដំណើរមិនទាន់ស្រួលបួល បញ្ហាបរិស្ថាន អនាម័យ និងសំរាម ខ្វះទឹកស្អាត និងអគ្គិសនីប្រើប្រាស់ ប្រព័ន្ធសេវាទូរស័ព្ទ និងអ៉ីនធើណេតដំណើរមិនទាន់ល្អប្រសើរ មិនទាន់មានការបណ្ដុះបណ្ដាលមគ្គុទ្ទេសក៍ទេសចរណ៍ ការផ្សព្វផ្សាយ និងចំណុចខ្លះចន្លោះជាច្រើនទៀត។ ពាក់ព័ន្ធនឹងបញ្ហាខ្វះខាតនេះ ក្រសួងទេសចរណ៍បានស្នើដល់ក្រសួង-ស្ថាប័នពាក់ព័ន្ធ ត្រៀមជួយអភិវឌ្ឍន៍រួមគ្នាជាកញ្ចប់ៗទៅដល់សហគមន៍ ដើម្បីឱ្យគោលដៅទេសចរណ៍សហគមន៍ទាំងនោះ មានការរីកចម្រើនប្រកបដោយចីរភាព នវានុវត្តន៍ និងការទទួលខុសត្រូវ។

ក្រសួងទេសចរណ៍នឹងបន្តស្រាវជ្រាវរកសហគមន៍ទេសចរណ៍ដែលមានអាទិភាពផ្សេងទៀត ដើម្បីជួយអភិវឌ្ឍបន្តទៀតពាក់ព័ន្ធនឹងករណីដូចគ្នាខាងលើនេះ។

អង្គប្រជុំបានបញ្ជាក់ទៀតថា ថ្វីដ្បិតការរីករាលដាលជំងឺកូវីដ-១៩ ជាឧបសគ្គក៏ពិតមែន ប៉ុន្តែក៏វាជាឱកាសក្នុងការជំរុញចលនាទេសចរក្នុងស្រុកទៅកាន់សហគមន៍ទេសចរណ៍ និងតំបន់អេកូទេសចរណ៍ផងដែរ ដែលវាបានចូលរួមចំណែកក្នុងការកាត់បន្ថយផលប៉ះពាល់ពីជំងឺកូវីដនេះ។ ក្នុងបរិបទនៃការរីករាលដាលជំងឺកូវីដ-១៩ ឥរិយាបថរបស់ភ្ញៀវទេសចរបានងាកត្រលប់ទៅរកដំណើរទេសចរណ៍បែបផ្សងព្រេង សហគមន៍ទេសចរណ៍ និងតំបន់អេកូទេសចរណ៍ ច្រើនជាងគោលដៅទេសចរណ៍បែបប្រមូលផ្ដុំ។

ជាមួយគ្នានោះ លោករដ្ឋមន្ត្រី ថោង ខុន បានឱ្យដឹងដែរថា ការបញ្ចូលសកម្មភាពទេសចរណ៍ និងអេកូទេសចរណ៍នៅក្នុងសហគមន៍ដែលមានសក្តានុពល បានផ្តល់ប្រយោជន៍ជាច្រើន ដូចជាការបង្កើតការងារ ប្រាក់ចំណូល និងការអភិវឌ្ឍនៅតាមមូលដ្ឋានផ្ទាល់ មិនថាសហគមន៍នោះស្ថិតក្រោមក្រសួងណាឡើយ។ តួយ៉ាងដូចក្នុងករណីរបស់សហគមន៍តំបន់ការពារធម្មជាតិរលាក់កងជើងរបស់ក្រសួងបរិស្ថាន សហគមន៍នេសាទផាត់សណ្ដាយរបស់រដ្ឋបាលជលផល សហគមន៍អេកូទេសចរណ៍ទឹកជប់ខ្នារពោធិ៍របស់រដ្ឋបាលព្រៃឈើ និងសហគមន៍ទេសចរណ៍ទួលព័ន្ធតាឡី (បឹងស្នេហ៍) ដែលមានការចូលរួមរបស់ក្រសួងពាក់ព័ន្ធជាច្រើន។

លោករដ្ឋមន្ត្រីក៏បានផ្ដល់អនុសាសន៍មួយចំនួនជូនដល់អង្គប្រជុំ ក៏ដូចជាក្រុមការងារអន្តរក្រសួង-ស្ថាប័នពាក់ព័ន្ធមួយចំនួនផងដែរ ក្នុងនោះរួមមាន៖

* លេខាធិការដ្ឋានត្រូវសម្របសម្រួលជាមួយតំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ ដើម្បីដោះស្រាយបញ្ហាជូនសហគមន៍ខាងលើ។

* ឯកភាពក្នុងការរៀបចំវេទិកាជាតិអេកូទេសចរណ៍លើកទី២ ប៉ុន្តែស្នើសុំរៀបចំតាមស្មារតីអង្គប្រជុំ និងស្ថានភាពជាក់ស្ដែង ស្របតាមវិធានសុវត្ថិភាពទេសចរណ៍ក្នុងការទប់ស្កាត់ជំងឺកូវីដ-១៩។

* លេខាធិការដ្ឋានត្រូវធ្វើរបាយការណ៍អំពីលទ្ធផលនៃកិច្ចប្រជុំនេះ គោរពជូន រាជរដ្ឋាភិបាលដើម្បីជ្រាបនិងផ្តល់អនុសាសន៍ណែនាំ

* ក្រុមការងារត្រូវខិតខំរៀបចំកិច្ចប្រជុំក្រុមការងារលើកទី៦ យ៉ាងយូរ៦ខែទៀត ដើម្បីជំរុញការដោះស្រាយបញ្ហានានារបស់សហគមន៍ ដូចដែលយើងបានដាក់ចេញនាកិច្ចប្រជុំលើកទី៥ នេះ៕

អត្ថបទទាក់ទង