រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម លើកទឹកចិត្តមន្ត្រីស្វែងយល់ពីទិដ្ឋភាពច្បាប់ពាណិជ្ជកម្មអន្តរជាតិ ដើម្បីពង្រឹងជំនាញចរចាផ្នែកពាណិជ្ជកម្ម
រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម លោក ឱក ប៊ុង បានលើកទឹកចិត្តមន្ត្រី ខិតខំប្រឹងប្រែងសិក្សាមុខជំនាញច្បាប់ពាណិជ្ជកម្មអន្តរជាតិ និងស្វែងយល់អំពីការវិវត្តសំខាន់ៗពាក់ព័ន្ធវិស័យពាណិជ្ជកម្មនៅក្នុងពិភពលោក ដើម្បីក្លាយទៅជាអ្នកចរចាដ៏ឈ្លាសវៃ និងប៉ិនប្រសព្វ ជាពិសេសការស្វែងរកទីផ្សារ និងការទាញយកអត្ថប្រយោជន៍ពីកិច្ចព្រមព្រៀងទ្វេភាគី និងពហុភាគី ជូនរាជរដ្ឋាភិបាល និងប្រទេសជាតិ។ ការលើកឡើងរបស់លោករដ្ឋលេខាធិការ បានធ្វើឡើងនាឱកាសអញ្ជើញជាអធិបតីភាពក្នុងពិធីបើកវគ្គបណ្តុះបណ្តាលស្តីពី «ច្បាប់ពាណិជ្ជកម្ម និងកិច្ចព្រមព្រៀងពាណិជ្ជកម្មក្នុងក្របខណ្ឌពាណិជ្ជកម្មអន្តរជាតិ» ដែលរៀបចំឡើងដោយវិទ្យាស្ថានបណ្តុះបណ្តាលពាណិជ្ជកម្ម និងស្រាវជ្រាវ នៃក្រសួងពាណិជ្ជកម្ម កាលពីព្រឹកថ្ងៃចន្ទ ទី១៩ ខែសីហា ឆ្នាំ២០១៩ ដោយមានការចូលរួមពីមន្ត្រីអន្តរក្រសួង ប្រមាណជាង ១០០នាក់។
នៅក្នុងឱកាសនោះ លោក ឱក ប៊ុង បានគូសបញ្ជាក់ពីសារៈសំខាន់នៃការកសាងសមត្ថភាពមន្ត្រីដើម្បីដឹកនាំការចរចារបៀបវារៈពាណិជ្ជកម្ម សំដៅជំរុញការអភិវឌ្ឍសង្គមសេដ្ឋកិច្ច ព្រមទាំងកិច្ចប្រឹងប្រែងរបស់ក្រសួងពាណិជ្ជកម្មក្នុងការចូលរួមអនុវត្តយុទ្ធសាស្ត្រចតុកោណ ដំណាក់កាលទី៤ និងកំណែទម្រង់នានា របស់ប្រមុខរាជរដ្ឋាភិបាល ដើម្បីលើកកម្ពស់បរិយាកាសធុរកិច្ច, វិនិយោគ និងកិច្ចសម្រួលពាណិជ្ជកម្ម នៅក្នុងប្រទេសកម្ពុជា។
សូមជម្រាបថា វគ្គបណ្តុះបណ្តាលនេះ ធ្វើឡើងក្នុងគោលបំណងពង្រឹងសមត្ថភាពមន្ត្រីរាជរដ្ឋាភិបាល ដើម្បីដឹកនាំចរចាផ្នែកពាណិជ្ជកម្មអន្តរជាតិដោយផ្តោតលើប្រធានបទសំខាន់ៗចំនួន ៨ មានដូចជា៖ (១) អង្គការពាណិជ្ជកម្មពិភពលោក (WTO) និងកិច្ចព្រមព្រៀងទូទៅស្តីពីទំនិញ និងពន្ធគយ (២) កិច្ចព្រមព្រៀងពាណិជ្ជកម្មក្នុងតំបន់ (៣) កម្មសិទ្ធិបញ្ញា (៤) គោលនយោបាយពាណិជ្ជកម្ម (៥) ច្បាប់វិនិយោគអន្តរជាតិ (៦) ច្បាប់សហគ្រាសពាណិជ្ជកម្មកម្ពុជា (៧) មូលដ្ឋានគ្រឹះនៃប្រតិបត្តិការពាណិជ្ជកម្មអន្តរជាតិ និងពន្ធដារកម្ពុជា (៨) នីតិវិធីនាំចេញ-នាំចូល៕