ខ្មែរប៉ុស្ដិ៍ Close

កំណើនពាណិជ្ជកម្មនៃប្រទេសកម្ពុជា និងតួកគី នឹងឈានដល់១ពាន់លានដុល្លារ នៅក្នុងពេលដ៏ខ្លីខាងមុខ

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃចន្ទ ទី២២ ខែតុលា ឆ្នាំ២០១៨ ព័ត៌មានទូទៅ 60
កំណើនពាណិជ្ជកម្មនៃប្រទេសកម្ពុជា និងតួកគី នឹងឈានដល់១ពាន់លានដុល្លារ នៅក្នុងពេលដ៏ខ្លីខាងមុខ កំណើនពាណិជ្ជកម្មនៃប្រទេសកម្ពុជា និងតួកគី នឹងឈានដល់១ពាន់លានដុល្លារ នៅក្នុងពេលដ៏ខ្លីខាងមុខ

លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន នៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៨ បានអញ្ជើញជួបពិភាក្សាការងារ កំពូលទ្វេភាគីទល់មុខគ្នាមួយទល់ជាមួយ លោក រ៉េជីប ថាយ៉ីបអ៊ែដ៏វ៉ាន (Recep Tayyip Edogan) ប្រធានាធិបតីនៃសាធារណរដ្ឋតួកគី ដែលធ្វើឡើងនៅទីក្រុង អីស្តានប៊ុល សាធារណរដ្ឋតួកគី។

នៅក្នុងជំនួបកំពូលទ្វេភាគីនេះ ថ្នាក់ដឹកនាំប្រទេសទាំងពីរបានឯកភាពគ្នាក្នុងការជំរុញ កំណើនពាណិជ្ជកម្ម នៃប្រទេសទាំងពីរកម្ពុជា-តួកគី ឲ្យឈានដល់១ពាន់លានដុល្លារ នៅក្នុងពេលដ៏ខ្លីខាងមុខ។

នៅក្នុងជំនួបនេះដែរ លោកប្រធានាធិបតីតួកគី រ៉េជីប ថាយ៉ីប អ៊ែ ដ៏វ៉ាន មានប្រសាសន៍ស្វាគមន៍ចំពោះវត្តមាន នៃដំណើរបំពេញទស្សនកិច្ចការងារ របស់លោកនាយករដ្ឋមន្រ្ដី ហ៊ុនសែន មកកាន់ប្រទេសតួកគី ពិសេសលោកបានចាត់ទុកថា នេះគឺជាដំណើរទស្សនកិច្ចលើកដំបូងដោយ នាយករដ្ឋមន្រ្តីកម្ពុជា។ លោកបានបន្តដោយក្តីសង្ឃឹមថា ដំណើរទស្សនកិច្ចថ្នាក់ដឹកនាំជាន់ខ្ពស់ នៃប្រទេសទាំងពីរ នឹងបន្តនៅពេលខាងមុខ។ លោកប្រធានាធិបតីតួកគី បានបន្តថា បច្ចុប្បន្ននេះ តួកគីបានបើកស្ថាន ឯកអគ្គរដ្ឋទូតរបស់ខ្លួននៅកម្ពុជា នោះគឺជាសូចនករបង្ហាញ ពីសារសំខាន់ចំពោះកម្ពុជា។ ជាមួយនឹងទិសដៅនៃការជំរុញទំហំពាណិជ្ជកម្ម ឲ្យមានការកើនឡើងរហូតដល់១ពាន់លានដុល្លារ នៅពេលខាងមុខ លោកប្រធានាធិបតីតួកគី និងលោកនាយករដ្ឋមន្រ្តីកម្ពុជា បានឯកភាពគ្នាក្នុងការជំរុញផ្នែកធុរៈកិច្ច នៃប្រទេសទាំងពីរ ធ្វើកិច្ចសហប្រតិបត្តិការគ្នា ក្នុងការបណ្តាក់ទុនវិនិយោគ លើវិស័យអាទិភាពចំពោះមុខរបស់កម្ពុជា ពិសេសគម្រោងហេដ្ឋារចនាសម្ព័ន្ធធំៗនៅកម្ពុជា។

ក្នុងជំនួបកំពូលទ្វេភាគីនោះដែរ មេដឹកនាំនៃប្រទេសទាំងពីរ បានឯកភាពគ្នា ក្នុងការប្រារព្ធរៀបចំខួបអនុស្សាវរីយ៍លើកទី៥០ នៃថ្ងៃបង្កើតទំនាក់ទំនងការទូតរបស់ប្រទេសទាំងពីរ នៅឆ្នាំ២០២០ តាមរយៈការរៀបចំនូវសកម្មភាពនានា ដើម្បីឲ្យប្រជាជននៃប្រទេសទាំងពីរបានស្គាល់ ពីប្រទេសនីមួយៗទៅវិញទៅមក។ ក្នុងជំនួបពិភាក្សាថ្នាក់កំពូលនោះដែរ មេដឹកនាំទាំងពីរបានធ្វើការពិភាក្សាគ្នាយ៉ាងយកចិត្តទុកដាក់ ទៅលើការជំរុញកំណើននៃវិស័យទេសចរណ៍នៃប្រទេសទាំងពីរ តាមរយៈ ការបើកឲ្យមានការហោះហើរត្រង់ពីគ្នាទៅវិញទៅមក ក្រៅពីការដឹកជញ្ជូនទំនិញនាពេលបច្ចុប្បន្ន ឲ្យក្លាយទៅជាការដឹកជញ្ជូនអ្នកដំណើរ និងភ្ញៀវទេសចរណ៍ សម្រាប់ប្រទេសទាំងពីរ នៅថ្ងៃអនាគតដ៏ខ្លីខាងមុខ។ ដោយសាតែប្រទេសកម្ពុជាទទួលនូវមជ្ឈមណ្ឌលកំចាត់មីន អាស៊ាន នៅកម្ពុជា លោកប្រធានាធិបតីមានប្រសាសន៍ថា តួកគីនឹងពិនិត្យលទ្ធភាពក្នុងការផ្តល់ជំនួយដល់មជ្ឈមណ្ឌលកំចាត់មីនអាស៊ាន ក្នុងប្រទេសកម្ពុជា ពិសេសផ្តល់នូវការគាំទ្រដល់អាស៊ាន។

ក្នុងជំនួបកំពូលទ្វេភាគីនោះដែរ មេដឹកនាំនៃប្រទេសទាំងពីរកម្ពុជា-តួកគី បានពិភាក្សាគ្នាយ៉ាងយក ចិត្តទុកដាក់ទៅលើបញ្ហាទំនាក់ទំនងទ្វេភាគី ពហុភាគី បញ្ហាតំបន់ និងអន្តរជាតិ ការគាំទ្រពីគ្នាទៅវិញទៅមកក្នុងក្របខណ្ឌអន្តរជាតិ ពិសេសធ្វើការប្តេជ្ញាចិត្តរួមគ្នា ក្នុងការប្រយុទ្ធ ប្រឆាំង ឧក្រិដ្ឋកម្ម និងប្រយុទ្ធប្រឆាំងទៅនឹងបណ្តាញអង្គការភេរវកម្មអន្តរជាតិ។ ក្រៅពីកិច្ចព្រមព្រៀងចំនួន៨ ដែលចុះហត្ថលេខាក្នុងដំណើរទស្សនកិច្ចរបស់លោកនៅពេលនេះ មេដឹកនាំនៃប្រទេសទាំងពីរ ក៏បានធ្វើការយ៉ាងយកចិត្តទុកដាក់ពិភាក្សាទៅលើ ការមិនយកពន្ធត្រួតគ្នានៃប្រទេសទាំងពីរ។

ដោយសារតែប្រទេសតួកគី បានបើកស្ថានឯកអគ្គរាជទូតរបស់ខ្លួន ក្នុងប្រទេសកម្ពុជាកាលពីឆ្នាំ២០១៣ លោកជោនាយករដ្ឋមន្រ្តីមានប្រសាសន៍ជំរាបជូនលោកប្រធានាធិបតីថា កម្ពុជានឹងបើកស្ថានឯកអគ្គរាជទូតរបស់កម្ពុជា នៅទីក្រុងអង់ការ៉ា ប្រទេសតួកគី ក្នុង ឆ្នាំ២០១៩ខាងមុខ តាមរយៈការទិញដីសាងសង់ស្ថានទូតដោយផ្ទាល់ ដើម្បីបញ្ជាក់ពីឆន្ទៈរបស់កម្ពុជាលើមូលដ្ឋាន នៃទំនាក់ទំនងយូរអង្វែងនៃប្រទេសទាំងពីរ។

ក្នុងជំនួបកំពូលទ្វេភាគីនោះដែរ លោកនាយករដ្ឋមន្រ្តី បានស្នើលោកប្រធានាធិបតី បន្តបង្កើនការផ្តល់អាហារូបករណ៍ ដល់និស្សិតកម្ពុជាទៅបន្តការសិក្សា នៅប្រទេសតួកគី និងជួយទិញអង្គរ ផ្លែស្វាយ ពីប្រទេសកម្ពុជា ដើម្បីជួយដល់កសិករកម្ពុជា ។ ក្នុងព្រះបរមនាម ព្រះករុណ ព្រះមហាក្សត្រ លោកនាយករដ្ឋមន្រ្តីបានគោរពអញ្ជើញដោយផ្ទាល់មាត់ ជូនលោកប្រធានាធិបតី ក្នុងការអញ្ជើញ បំពេញទស្សនកិច្ចផ្លូវរដ្ឋ នៅកម្ពុជាក្នុងពេលវេលាដ៏សមស្រប នាពេលខាងមុខ។

លោកប្រធានាធិបតីតួកគី បានឆ្លើយតបទៅនឹងការអញ្ជើញរបស់លោកនាយករដ្ឋមន្រ្ដី ក្នុងការ អញ្ជើញ មកបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជា និងបានឆ្លើយតបទៅនឹងសំណូមពរមួយចំនួនដែលកម្ពុជា បានស្នើឲ្យតួកគីជួយ។ ជាមួយគ្នានេះ លោកប្រធានាធិបតីក៏បានសន្យាជួយដល់ប្រទេសកម្ពុជា ក្នុងការក្លាយជាអ្នកសង្កេតការណ៍របស់ អង្គការសម្រាប់កិច្ចសហប្រតិបត្តិការ ឥស្លាម ដែលប្រទេសតួកគីនឹងធ្វើជាប្រធាននៅឆ្នាំ២០១៩ ៕

អត្ថបទទាក់ទង