មន្ទីរពេទ្យបង្អែកខេត្តកោះកុង ទទួលបានជ័យលាភីលេខ១ ទូទាំងប្រទេស លើការបម្រើសេវា និងព្យាបាលជូនប្រជាពលរដ្ឋ
មន្ទីរសុខាភិបាលខេត្តកោះកុង បានរៀបចំដង្ហែជ័យលាភីលេខ១ ដែលទទួលស្គាល់ពីរាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល នៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៩ ក្រោមការដឹកនាំរបស់ លោកស្រី មិថុនា ភូថង អភិបាលខេត្តកោះកុង ដោយមានការចូលរួមពីអភិបាលរង មន្ត្រីរាជការគ្រប់ស្ថាប័ន សិស្សានុសិស្ស និងប្រជាពលរដ្ឋជាច្រើនកុះករ។
មន្ទីរពេទ្យបង្អែកខេត្តកោះកុង បានទទួលជ័យលាភីលេខ១ លើការបម្រើសេវាសាធារណៈ ការព្យាបាល អនាម័យបរិស្ថាន និងក្រមសីលធម៌របស់ក្រុមពេទ្យ។
លោកវេជ្ជៈបណ្ឌិត ហៃឡៃ ស៊ុន ប្រធានមន្ទីរពេទ្យបង្អែកខេត្តកោះកុង បានថ្លែងថា មុននឹងទទួលបានជ័យលាភីនេះ មន្ទីរពេទ្យរួមនិងក្រុមលោកគ្រូ អ្នកគ្រូពេទ្យ បុគ្គលិកទាំងអស់ បានធ្វើបម្រើពលរដ្ឋ ដោយមិនគិតពីភាពលំបាក គ្រប់នាទី។ បុគ្គលិកពេទ្យទាំងអស់ ក្នុងឋានៈណាក៏ដោយតែងតែអនុវត្តន៍ទៅតាមតួនាទី និងគោរពតាមក្រមសិលធម៌ជាលោកគ្រូ អ្នកគ្រូពេទ្យ និងស្ថិតក្នុងភាពថ្លៃថ្នូររួមទាំងការថែរក្សាអនាម័យបរិស្ថាន នៅក្នុងបរវេណមន្ទីរពេទ្យឲ្យមានសោភ័ណ្ឌភាព និងសក្តានុពល។
លោកវេជ្ជៈបណ្ឌិត បានថ្លែងបន្តថា ក្នុងនាមជាគ្រូពេទ្យ ត្រូវតែអនុវត្តន៍ទៅក្រមសិលធម៌ និងអនុវត្តន៍ទៅតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលដែលមានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី នៃកម្ពុជា ជាមេដឹកនាំដ៏ឈ្លាសវៃ ដែលលោកបានរកសន្តិភាព សុវត្ថិភាពជូនប្រជាពលរដ្ឋ និងប្រទេសជាតិ ដោយមានខឿនសេដ្ឋកិច្ចរីកចំរើនគ្រប់វិស័យ និងបង្កើនធនធានមនុស្សឲ្យមានភាពលូតលាស់ថែមទៀតផង។
លោកវេជ្ជបណ្ឌិត បានបញ្ជាក់ថា ការទទួលជ័យលាភីនេះ មិនមែនមកពីបុគ្គលម្នាក់ទេ គឺបានមកពីការចូលរួមពីបុគ្គលិកមន្ទីរពេទ្យ និងប្រជាពលរដ្ឋ ហើយនិងការមើលឃើញនូវភាពជាក់ស្តែង ក្នុងបំរើសេវាសាធារណៈ និងការព្យាបាលរបស់ក្រុមលោកគ្រូពេទ្យទាំងអស់ និងក្រោមការដឹកនាំរបស់មន្ទីរសុខាភិបាលខេត្ត។
លោកមានការសប្បាយចិត្តដោយការវាតម្លៃរបស់ថ្នាក់ដឹកនាំ ដែលនឹកស្មានមិនដល់ថា មន្ទីរពេទ្យបង្អែកខេត្តកោះកុង ទទួលបានជ័យលាភីលេខ១ ទទួលស្គាល់ពីរាជរដ្ឋាភិបាល និងធ្វើឲ្យមានភាពល្បីល្បាយផងដែរ ហើយអ្វីដែលសំខាន់ លោក និងបុគ្គលិកទាំងអស់ នៅតែខិតខំប្រឹងប្រែងបន្តទៀត ដើម្បីប្រកួតប្រជែងនៅឆ្នាំក្រោយៗទៀត។
លោកស្រី មិថុនា ភូថង អភិបាលខេត្ត បានថ្លែងថា ក្នុងនាមជាថ្នាក់ដឹងនាំខេត្ត និងតំណាងឲ្យប្រជាពលរដ្ឋទូទាំងខេត្ត លោកស្រី មានសេចក្តីសោមនស្សរីករាយក្រៃលែងដោយសបញ្ជាក់ឃើញថា នឹកស្មានមិនដល់ថា មន្ទីរពេទ្យបង្អែកខេត្តកោះកុង ទទួលបានជ័យលាភីលេខ១ទូទាំងប្រទេស ក្នុងវាយតម្លៃពីរាជរដ្ឋាភិបាល ក្រសួងសុខាភិបាល។
ទន្ទឹមគ្នានេះ លោកស្រី សូមឲ្យលោកគ្រូ អ្នកគ្រូពេទ្យគ្រប់មូលដ្ឋាន យកចិត្តដាក់បន្ថែមទៀត ដើម្បីលើកស្ទួយផ្នែកវិស័យសុខាភិបាល វិស័យអប់រំឲ្យកាន់តែមានភាពរីកចំរើន និងធ្វើជាមន្ទីរដ៏គំរូឲ្យកាន់តែប្រសើជាងនេះទៅទៀត។
ដើម្បីជាសក្ខីភាព នៃជ័យលាភី លោកស្រីបានផ្តល់រង្វាន់លើកទឹកចិត្តបន្ថែមនូវថវិកាចំនួន ៤លានរៀល មន្ទីរពេទ្យបង្អែកស្រុកស្រែអំបិលចំនួន ២លានរៀល សាលាវិទ្យាល័យកោះស្តេច ២លានរៀល ដែលទទួលជ័យលាភីថ្នាក់លេខ៦៕