តំណាងសមាគមអាដហុក កោតសរសើររដ្ឋបាលខេត្តកោះកុង ចំពោះកិច្ចការដោះស្រាយទំនាស់ដីធ្លីជូនពលរដ្ឋ
លោក ស៊ឺងសែន ករុណា អនុប្រធានផ្នែកសិទ្ធិមនុស្ស ដីធ្លី ធនធានធម្មជាតិ និងជាអ្នកនាំពាក្យរបស់សមាគមអាដហុក បានសំដែងនូវការសាទរ និងកោតសរសើរចំពោះរដ្ឋបាលខេត្តកោះកុង ដែលបានខិតខំដោះស្រាយបញ្ហាទំនាស់ដីធ្លី នៅខេត្តកោះកុង បានស្ទើរតែទាំងស្រុង។
តាមរយៈកិច្ចប្រជុំ រវាងរដ្ឋបាលខេត្តកោះកុង ដែលដឹកនាំដោយលោក ហាក់ ឡេង អភិបាលរងខេត្ត និងសមាគមអាដហុក ដឹកនាំដោយលោក ស៊ឺងសែន ករុណា ថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៣នៅសាលប្រជុំ “ខ” សាលាខេត្ត ភាគីទាំងពីបានពិភាក្សាគ្នាយ៉ាងយកចិត្តទុកដាក់ចំពោះបញ្ហានានា ដែលនឹងមានកិច្ចសហប្រតិបតិ្តរួមល្អមួយ រវាងរដ្ឋបាលខេត្តកោះកុង និងសមាគមអាដហុកសាខាខេត្តកោះកុង។ កិច្ចប្រជុំគឺក៏បានពិភាក្សាលើបញ្ហាពាក់ព័ន្ធនឹងស្ថានភាពសិទ្ធិមនុស្ស និងធនធានធម្មជាតិមួយចំនួនក្នុងខេត្តកោះកុង ផងដែរ។
លោក ហាក់ ឡេង ក្នុងនាមរដ្ឋបាលខេត្តកោះកុង បានសំដែងការអរគុណ ដែលតំណាងអង្គការសង្គមស៊ីវិល បានចូលរួមជាមតិយោបល់ ក្នុងន័យបំរើដល់ប្រយោជន៍សាធារណៈរួមគ្នា រវាងរដ្ឋបាលខេត្តដែលជាតំណាងរាជរដ្ឋាភិបាលនៅមូលដ្ឋាន និងអង្គការក្រៅរដ្ឋាភិបាល។ ជាមួយនឹងសំណូមពរនានាដែលស្នើឡើងដោយតំណាងសមាគមអាដហុក លោកអភិបាលរងនឹងនាំយកសំណើរ សំណូមពរ របស់សមាគមអាដហុក ដើម្បីជម្រាបជូនលោកជំទាវអភិបាលខេត្ត ដើម្បីដោះស្រាយបញ្ហាប្រឈមនានាដែលសេសសល់នៅមូលដ្ឋានផងដែរដោយយកចិត្តទុកដាក់បំផុត ៕