ខ្មែរប៉ុស្ដិ៍ Close

ឧបនាយករដ្ឋមន្រ្ដី ទៀ បាញ់ ទទួលកងកម្លាំងរក្សាសន្តិភាពកម្ពុជា ២៨០នាក់ ក្រោយបញ្ចប់បេសកកម្មនៅម៉ាលី និងស៊ូដង់ខាងត្បូង

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃសុក្រ ទី៩ ខែសីហា ឆ្នាំ២០១៩ ព័ត៌មានទូទៅ 49
ឧបនាយករដ្ឋមន្រ្ដី ទៀ បាញ់ ទទួលកងកម្លាំងរក្សាសន្តិភាពកម្ពុជា ២៨០នាក់ ក្រោយបញ្ចប់បេសកកម្មនៅម៉ាលី និងស៊ូដង់ខាងត្បូង ឧបនាយករដ្ឋមន្រ្ដី ទៀ បាញ់ ទទួលកងកម្លាំងរក្សាសន្តិភាពកម្ពុជា ២៨០នាក់ ក្រោយបញ្ចប់បេសកកម្មនៅម៉ាលី និងស៊ូដង់ខាងត្បូង

លោកឧបនាយករដ្ឋមន្ត្រី ទៀ បាញ់ រដ្ឋមន្ត្រីក្រសួងការពារជាតិ នៅព្រឹកថ្ងៃទី៩ ខែសីហា ឆ្នាំ២០១៩នេះ បានអញ្ជើញជាអធិបតីភាព ក្នុងពិធីទទួលដំណើរមាតុភូមិនិវត្តន៍កងកម្លាំងរក្សាសន្តិភាព របស់កម្ពុជា ចំនួន២៨០នាក់ ដែលបានបញ្ចប់បេសកកម្មដោយជោគជ័យ នៅប្រទេសម៉ាលី និងស៊ូដង់ខាងត្បូង។

ពិធីទទួលកងកម្លាំងរក្សាសន្តិភាពរបស់កម្ពុជា បានធ្វើឡើងនៅទីស្តីការគណៈរដ្ឋមន្រ្តី ដោយមានការចូលរួមពីតំណាងអង្គការសហប្រជាជាតិ និងក្រសួង ស្ថាប័នពាក់ព័ន្ធរបស់កម្ពុជាមួយចំនួន។

នាយឧត្តមសេនីយ៍ ឈុំ សុជាត អ្នកនាំពាក្យក្រសួងការពារជាតិ បានឱ្យដឹងថា កងកម្លាំងមួកខៀវទាំង៣កង ដែលរៀបចំទទួលដោយក្រសួងការពារជាតិនេះ មានបញ្ចប់បេសកកម្មនៅប្រទេសម៉ាលី ចំនួន២កង គឺទី១៖ កងវិស្វកម្មព្រលានយន្តហោះលេខ១៩៨ ចំនួន១០៥នាក់ និងទី២៖ កងកម្ទេចគ្រាប់មិនទាន់ផ្ទះលេខ១៣២ ចំនួន១១៧នាក់។ ចំណែក១កងទៀត គឺកងរាជអាវុធហត្ថលេខ៦៨១ ចំនួន៥៨នាក់ ដែលបញ្ចប់បេសកកម្មនៅប្រទេសស៊ូដង់ខាងត្បូង។

នៅក្នុងឱកាសនោះដែរ លោកឧបនាយករដ្ឋមន្រ្ដី ទៀ បាញ់ នឹងបំពាក់គ្រឿងឥស្សរិយយស និងជូនទង់ដល់ កងកម្លាំងរក្សាសន្តិភាពទាំង៣កងផងដែរ។

គួរជម្រាបថា រហូតមកដល់ពេលនេះ កម្ពុជាមានកងកម្លាំងរក្សាសន្តិភាពជាង ៥ពាន់នាក់ហើយ បានទៅបំពេញបេសកកម្មក្រោមស្លាកអង្គការសហប្រជាជាតិ នៅប្រទេសចំនួន០៨ប្រទេស ក្នុងនោះមាន សាធារណរដ្ឋស៊ូដង់ ស៊ូដង់ខាងត្បូង លីបង់ សាយប្រ៊ឹស ស៊ីរី ឆាដ ម៉ាលី និងអាហ្រ្វិកកណ្តាលដើម៕

អត្ថបទទាក់ទង