ខ្មែរប៉ុស្ដិ៍ Close

Huawei ថា Mate 30 ប្រហែលមិនប្រើ Android ទៀតនោះទេ

ដោយ៖ លី វិទ្យា ​​ | ថ្ងៃពុធ ទី៣១ ខែកក្កដា ឆ្នាំ២០១៩ បច្ចេកវិទ្យា 27
Huawei ថា Mate 30 ប្រហែលមិនប្រើ Android ទៀតនោះទេ Huawei ថា Mate 30 ប្រហែលមិនប្រើ Android ទៀតនោះទេ

នៅថ្ងៃនេះ ក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់ចិន Huawei បានប្រកាសថា មកដល់ពេលនេះខ្លួនបានលក់ទូរសព្ទដៃស្មាតហ្វូនរបស់ខ្លួនបានជាង ១១៨លានគ្រឿងនៅទូទាំងពិភពលោក ហើយគ្រាន់តែគិតត្រឹមពាក់កណ្ដាលឆ្នាំ២០១៩ ការលក់បានហក់ឡើងដល់ទៅជាង 34% បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

ចំណូលដែលបានមកពីការលក់ទូរសព្ទស្មាតហ្វូនតែមួយមុខ មានរហូតដល់ទៅ 55% នៃចំណូលសរុបរបស់ក្រុមហ៊ុនទាំងមូលដែលមានប្រមានជា 401.3 ប៊ីលានយាន់ ឬស្មើហ្នឹង$58.3 ប៊ីលានដុល្លាសហរដ្ឋអាមេរិកក្នុងរយៈពេលតែពាក់កណ្ដាលឆ្នាំនេះ។

ក៏ប៉ុន្តែ បើតាមលោក Liang Hua ដែលជាប្រធានប្រតិបត្តិក្រុមហ៊ុន បានអោយដឹងថា ការរីកចម្រើនដ៏ខ្លាំងក្លានេះ គឺបានមកពីការខិតខំប្រឹងប្រែងក្នុងការផ្សព្វផ្សាយពីទូរសព្ទស្មាតហ្វូនរបស់ខ្លួនអស់ជាច្រើនឆ្នាំ និងការជំនះពុះពារឧបសគ្គធំៗនាពេលកន្លងមកដោយឥតរុញរា។

លោក Liang Hua បានប្រាប់ទៅអ្នកសារព័ត៌មានថា «អាជីវកម្មនៅឯនាយសមុទ្ររបស់យើងបានកើនឡើងយ៉ាងគំហុកបើគិតមកត្រឹមថ្ងៃទី ១៦ខែឧសភា ប៉ុន្តែវាក៏បានធ្លាក់ចុះមកវិញនាពេលបន្តមកទៀត។ ហើយយើងក៏នឹងត្រូវប្រឈមមុខនឹងផលវិបាកជាច្រើនផ្សេងទៀតនាពាក់កណ្ដាលឆ្នាំទៅមុខ»។

គួរបញ្ជាក់ថា ថ្ងៃទី ១៦ ខែឧសភា ជាថ្ងៃដែលរដ្ឋបាលរបស់លោក ដូណាល់ ត្រាំ ប្រកាសដាក់ក្រុមហ៊ុន Huawei ទៅក្នុងបញ្ជីខ្មៅ ដែលហាមមិនអោយក្រុមហ៊ុននានារបស់អាមេរិកសហការរកស៊ីជាមួយក្រុមហ៊ុននេះជាដាច់ខាត។ នេះគឺជាការសម្លាប់នូវអាជីវកម្មទូរសព្ទស្មាតហ្វូនរបស់ Huawei នៅឯបរទេស ព្រោះថា ទូរសព្ទទាំងនេះសុទ្ធតែប្រើប្រាស់នូវប្រព័ន្ធប្រតិបត្តិការ Android និងផ្នែកខ្លះនៃទូរសព្ទត្រូវបានផលិតដោយក្រុមហ៊ុនអាមេរិក។

ប៉ុន្តែក្រោយមកទៀត រដ្ឋបាលរបស់លោកត្រាំ បានដកចេញជាបណ្ដើរៗនូវទណ្ឌកម្មមកលើក្រុមហ៊ុននេះ ហើយលោក Liang Hua ក៏បានបញ្ជាក់ថា មានក្រុមហ៊ុនអ្នកយកទៅលក់បន្តចាប់ផ្ដើមមកចចារជាមួយ Huawei វិញជាបណ្ដើរៗហើយ។

ប៉ុន្តែ ឆ្លើយទៅនឹងសំនួរដែលថា តើទូរសព្ទស្មាតហ្វូនក្រោយៗរបស់ Huawei នឹងនៅតែបន្តប្រើ Google OS ទៀតដោយមានការគាំទ្រពេញលេញឬទេ លោក Liang Hua បានឆ្លើយថា «5G Huawei Mate 20X នឹងត្រូវប្រើ Android ព្រោះវាត្រូវបានអភិវឌ្ឍន៍ឡើងនៅមុនថ្ងៃទី ១៦ ខែឧសភា ក៏ប៉ុន្តែសម្រាប់ជំនាន់ក្រោយៗទៀត វាស្រេចតែទៅលើរដ្ឋាភិបាលសហរដ្ឋអាមេរិកទេ ថាតើអោយប្រើ Android ទៀត ឬយ៉ាងណា។

លោក Liang Hua សង្ឃឹមយ៉ាងមុតមាំថា បញ្ហាទំនាស់ពាណិជ្ជកម្មនេះនឹងត្រូវបានដោះស្រាយប្រកបដោយភាពវិជ្ជមានពីភាគីទាំងពីរ។ ក៏ប៉ុន្តែ ប្រសិនបើវាឈានទៅដល់ស្ថានការណ៍មួយដែលកាន់តែអាក្រក់នោះ ក្រុមហ៊ុននឹងបន្តប្រយុទ្ធទៅមុខទៀតដើម្បីអោយអាជីវកម្មនៅឯនាយសមុទ្ររបស់ខ្លួនអាចរស់បាន។

ប្រភព៖ Forbes