លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន៖ ពហុកីឡដ្ឋានជាតិមរតកតេជោ នឹងទទួលរៀបចំកីឡាស៊ីហ្គេមនៅឆ្នាំ ២០២៣ ខាងមុខនេះ
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបង្ហាញនូវក្តីមោទនភាពចំពោះពហុកីឡដ្ឋានជាតិមរតកតេជោ ដែលជាពហុកីឡដ្ឋានជាតិដ៏ធំមួយ ជាពិសេសលោកបានបង្ហាញភាពជឿជាក់សម្រាប់កម្ពុជាក្នុងការរៀបចំការប្រកួតស៊ីហ្គេមលើកទី៣២ នៅឆ្នាំ២០២៣ ខាងមុខនេះ ដែលកម្ពុជាយើងនឹងធ្វើជាម្ចាស់ផ្ទះលើកដំបូង។ លោក បានថ្លែងដូចនេះនៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៩ ក្នុងឱកាសអញ្ជើញពិនិត្យការដ្ឋានសាងសង់ពហុកីឡដ្ឋានជាតិ មរតកតេជោ ដែលបាននិងកំពុងដំណើរការសាងសង់នៅសង្កាត់ព្រែកតាសេក ខណ្ឌជ្រាយចង្វារ រាជធានីភ្នំពេញ។
គួរបញ្ជាក់ថា ពហុកីឡដ្ឋានជាតិមរតកតេជោ ត្រូវបានសាងសង់លើផ្ទៃដី ទំហំជាង ៨៥ ហិកតា ក្នុងតំបន់អភិវឌ្ឍន៍របស់ លោកឧកញ៉ា លី យ៉ុងផាត់។ សំណង់ពហុកីឡដ្ឋានជាតិមរតកតេជោ ត្រូវបានសាងសង់ជា ៣ ដំណាក់កាល ដោយមានរចនាសម្ព័ន្ធកីឡាសំខាន់ៗដូចជា មណ្ឌលកីឡាក្នុងសាលមណ្ឌលកីឡាហែលទឹក សាលហាត់កីឡាប្រយុទ្ធ អគារស្នាក់នៅ អាហារដ្ឋាន ទីលានហ្វឹកហាត់ក្រៅអគារ សាលវេជ្ជសាស្ត្រ វិទ្យាសាស្ត្រកីឡា សាលហាត់សាច់ដុំ សាលកាយសម្ព័ន្ធ សាលកីឡាបាញ់កាំភ្លើង មជ្ឈមណ្ឌលកីឡាហុកគី និងសាលកីឡាប្រពៃណីទៀតផង៕