ខ្មែរប៉ុស្ដិ៍ Close

ព្រឹត្តិការណ៍កីឡា ជាវប្បធម៌ សាមគ្គីផ្ទៃក្នុងជាតិ ផ្តុំកម្លាំងជាតិ ឥទ្ធិពលកីឡា ទុកជាមតរកដ៏មានសក្តានុពលក្នុងពិភពលោក

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃចន្ទ ទី១៦ ខែកញ្ញា ឆ្នាំ២០១៩ ព័ត៌មានទូទៅ 60
ព្រឹត្តិការណ៍កីឡា ជាវប្បធម៌ សាមគ្គីផ្ទៃក្នុងជាតិ ផ្តុំកម្លាំងជាតិ ឥទ្ធិពលកីឡា ទុកជាមតរកដ៏មានសក្តានុពលក្នុងពិភពលោក ព្រឹត្តិការណ៍កីឡា ជាវប្បធម៌ សាមគ្គីផ្ទៃក្នុងជាតិ ផ្តុំកម្លាំងជាតិ ឥទ្ធិពលកីឡា ទុកជាមតរកដ៏មានសក្តានុពលក្នុងពិភពលោក

នៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៩ នៅពហុកីឡាដ្ឋានជាតិមរតកតេជោ បានប្រារព្ធវេទិការជាតិលើកទី១ ស្ដីពីការផ្សព្វផ្សាយផ្លូវការកីឡាអាស៊ីហ្គេម និងកីឡាជនពិការឆ្នាំ២០២៣ ក្រោមអធិបតីភាព លោកឧបនាយករដ្ឋមន្រ្ដី ទៀ បាញ់ រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានគណៈកម្មការជាតិរៀបចំកីឡាអាស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣។

មុននឹងប្រារព្ធវេទិការជាតិលើកទី១ នាឱកាសនោះ លោកឧបនាយករដ្ឋមន្រ្ដី ទៀ បាញ់ ព្រមទាំងគណៈអធិបតីទាំងអស់ បានទស្សនារបាំអប្សរា របាំស្វាគមន៍ ស៊ីហ្គេមឆ្នាំ ២០២៣ ដែលសំដែងដោយក្រុមសាលាមធ្យមសិក្សាវិចិត្រសិល្បៈ និងទស្សនាការសម្ដែងគុនល្បុក្កតោ សំដែងដោយសហព័ន្ធកីឡាគុនល្បុក្កតោ។ បន្ទាប់ពីបានទស្សនាការសម្ដែងសិល្បៈ និងគុនល្បុក្កតោរួចមក អង្គពិធីក៏បានចាប់ផ្ដើម ធ្វើពិធីរាប់ថយក្រោយដើម្បីសម្ពោធបើកការបរិច្ឆេទជាផ្លូវការកីឡាស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ ដោយបានទូងស្គរជ័យ និងបាញ់កាំជ្រួចផ្កាភ្លើងផងដែរ។ បន្ទាប់មក ក៏បានទស្សនាការសម្ដែងក្បាច់រាំ ដោយសហព័ន្ធកីឡារាំកម្ពុជា ជូនទស្សនាជាបន្តបន្ទាប់ ។

សូមបញ្ជាក់ថាវេទិកាជាតិលើកទី១ ដែលបានរៀបចំដោយអគ្គលេខាធិការដ្ឋាន នៃគណៈកម្មការជាតិរៀបចំកីឡាស៊ីហ្គេមនាពេលនេះ មានសារសំខាន់ណាស់ក្នុងគោលបំណង ទី១៖ សម្ពោធកាលបរិច្ឆេទជាផ្លូវការនៃព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេមឆ្នាំ២០២៣ ដែលរាជរដ្ឋាភិបាលបានសម្រេចកាលពីថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៩ និងបានជ្រើសរើសយកថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៣ ជាថ្ងៃបើកការប្រកួតកីឡាជាផ្លូវការ នៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១៣ ជាពិធីបិទជាផ្លូវការ។ គោលបំណងទី២៖ នៃវេទិការនេះ គឺដើម្បីផ្សព្វផ្សាយជូនសាធារណជនជាតិ អន្តរជាតិ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ សិស្សានុសិស្ស ប្រជាពលរដ្ឋ និងសង្គមស៊ីវិល ដើម្បីរួមគ្នាដំណើរការរាប់រៀបចំធ្វើម្ចាស់ផ្ទះការ ប្រកួតកីឡាស៊ីហ្គេមចាប់ពីពេលនេះតទៅ។

ថ្លែងក្នុងពិធីប្រារព្ធវេទិការជាតិលើកទី១ ស្ដីពីការផ្សព្វផ្សាយផ្លូវការកីឡាអាស៊ីហ្គេម និង កីឡាជនពិការឆ្នាំ ២០២៣ ឱកាសនោះ លោកឧបនាយករដ្ឋមន្រ្ដី ទៀ បាញ់ បានមានប្រសាសន៍ថា៖ ឆ្នាំ២០២៣ខាងមុខនេះ កម្ពុជាពិតជាមានកិត្តិយសដ៏ឧត្តុងឧត្តមបំផុត ក្នុងការធ្វើម្ចាស់ផ្ទះកីឡាស៊ីហ្គេម ដែលជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ នៃព្រះរាជាណាចក្រកម្ពុជា ដែលបានអាក់ខានរៀបអាពាហ៍ជាង៥៤ឆ្នាំមកហើយ គឺចាប់ពីឆ្នាំ១៩៥៩ ដល់ឆ្នាំ ២០២៣។ តាមរយៈព្រឹត្តិការណ៍នេះ នឹងបង្ហាញមុខមាត់លើកតម្កើងកេរ្តិ៍ឈ្មោះកម្ពុជា និងជាកម្លាំងថាមពលដែលត្រូវដាក់បង្ហាញពិភពលោក អោយសង្គមយល់ដឹង ពីវប្បធម៌ អរិយធម៌ទេសចរណ៍ សេដ្ឋកិច្ច សង្គមខ្មែរដ៏រុងរឿងថ្កុំថ្កើនបន្ថែមទៀត ក្រោមការដឹកនាំដ៏ឈ្លាសវៃប្រកបដោយគតិបណ្ឌិតរបស់ លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន ទើបកម្ពុជាមានសុខសន្តិភាព ស្ថេរភាពនយោបាយ និងការអភិវឌ្ឍ ហើយមានលទ្ធភាពរៀបចំព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេម ដ៏ធំបែបនេះបាន។ ព្រឹត្តិការណ៍នេះ ក៏បានកសាងវប្បធម៌ សាមគ្គីផ្ទៃក្នុងជាតិ ផ្តុំកម្លាំងជាតិ ឥទ្ធិពលកីឡាជាតិ ប្រែក្លាយជាព្រឹត្តិការណ៍មួយដ៏អស្ចារ្យ និងចងចាំជានិច្ចក្នុងប្រវត្តិសាស្ត្រកីឡាជាតិ អន្តរជាតិ។ ជាមួយគ្នានេះយើងក៏បានធ្វើការអភិវឌ្ឍហេដ្ឋារចនាសម្ព័នកីឡា ទុកជាមត៌កមនុស្សជាតិ និងយុវជនគ្រប់ជំនាន់ ព្រមទាំងក្លាយជាប្រទេសមានសក្តានុពលកីឡា ទេសចរណ៍ វប្បធម៌ នយោបាយ និងសេដ្ឋកិច្ចក្នុងតំបន់ និងពិភពលោក។

ជាចុងក្រោយលោកឧបនាយករដ្ឋមន្រ្ដី ទៀ បាញ់ បានសំដែងនូវជំនឿយ៉ាងមុតមាំថា៖ តាមរយៈវេទិការជាតិលើកទី១នេះ លោក លោកស្រី ប្រធាស្ថាបន័ពាក់ព័ន្ធនៃគណៈកម្មការជាតិរៀបចំស៊ីហ្គេម និងស្ថាប័នប្រព័ន្ធទាំងអស់ នឹងទទួលបាននូវចំណេះដឹង បទពិសោធន៍សម្រាប់អនុវត្តផែនការសកម្មភាពការងារ ដែលជាភារកិច្ចចំបងចំពោះមុខ តម្រូវឲ្យទាំងអស់គ្នាចូលរួមធ្វើការផ្សព្វផ្សាយឲ្យបានទូលំទូលាយ ដល់ក្រសួង ស្ថាប័ន មន្ត្រីរាជការ កងកំលាំងប្រដាប់អាវុធ សិស្សានុសិស្ស អង្គការសង្គមស៊ីវិល ដើម្បីចូលរួមគាំទ្រដល់កិច្ចដំណើរការវាឲ្យបានរលូន និងសម្រេចជោគជ័យតាមផែនការដែលបានគ្រោងទុក៕

អត្ថបទទាក់ទង