ក្រសួងបរិស្ថានផ្តល់ការគាំទ្រការអនុវត្តមុខងាររដ្ឋបាលថ្នាក់ក្រោមជាតិលើការងារគ្រប់គ្រងសំរាម សំណល់រឹងតាមទីប្រជុំជន
នៅក្នុងកិច្ចប្រជុំស្តីពីការអនុវត្តមុខងាររបស់រដ្ឋបាលថ្នាក់ក្រោមជាតិ លើការគ្រប់គ្រងសំរាម សំណល់រឹងតាមទីប្រជុំជន នាទីស្តីការក្រសួងបរិស្ថាន នៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៩ លោក សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានប្រកាសពិនិត្យលើលទ្ធភាពផ្តល់ការគាំទ្រដល់មុខងារគ្រប់គ្រងសំរាម របស់រដ្ឋបាលក្រុង ស្រុកទូទាំងប្រទេស ដើម្បីបង្កើនប្រសិទ្ធភាព ក្នុងការគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជន។ លោក សាយ សំអាល់ មានប្រសាសន៍ថា ការរៀបចំប្រតិភូកម្មការគ្រប់គ្រងសំរាម សំណល់ទីប្រជុំជនទៅរដ្ឋបាលក្រុង ស្រុកទាំងអស់នៅក្នុងប្រទេស នឹងអាចដោះស្រាយ បាននូវបញ្ហាប្រឈម ដោយជោគជ័យជាបន្ដបន្ទាប់ តាមគោលនយោបាយរបស់ប្រមុខរាជរដ្ឋាភិបាល តាមស្មារតីអនុក្រឹត្យលេខ១១៣ របស់រាជរដ្ឋាភិបាល ហើយការពិនិត្យលទ្ធភាពផ្តល់ការគាំទ្រដល់ការងារគ្រប់គ្រងសំរាម នៅថ្នាក់ក្រោមជាតិ នឹចូលរួមចំណែកបង្ហាញថា «កម្ពុជាស្អាត» នៅក្នុងនាមជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលអាស៊ាននៅឆ្នាំ២០២២ និងការប្រកួតកីឡាស៊ីហ្គេមនៅកម្ពុជានាឆ្នាំ២០២៣ខាងមុខ។
ជាមួយគ្នានេះ លោករដ្ឋមន្រ្តី បានបញ្ជាក់ថា បន្ទាប់ពីប្រទេសទទួលបានសុខសន្តិភាព រយៈពេលជាង២០ឆ្នាំកន្លងមក ហើយកម្ពុជាទទួលបានកំណើនសេដ្ឋកិច្ចជាង៧% ជាប់គ្នាជារៀងរាល់ឆ្នាំ ពីមួយឆ្នាំទៅមួយឆ្នាំជំរុញឱ្យមានកំណើនប្រជាជន ការអភិវឌ្ឍ ការផ្លាស់ប្តូររបៀបនៃការរស់នៅ និងជីវភាពរបស់ប្រជាពលរដ្ឋ រួមទាំងការវេចខ្ចប់ទំនិញប្រើប្រាស់ប្រចាំថ្ងៃ ដែលនាំឱ្យកើតមានសំរាមនៅក្នុងប្រទេសកម្ពុជាកើនឡើង។ ជាមួយគ្នានេះ ប្រជាជនកម្ពុជាមានការគ្រប់គ្រង និងការយល់ដឹងពីការញែកសំរាម តាមប្រភេទសំរាមស្របតាមគោលការណ៍បច្ចេកទេស នៅមានកម្រិតនៅឡើយ។
លោករដ្ឋមន្រ្តីក្រសួងបរិស្ថាន បានមានប្រសាសន៍ថា ក្រសួងបរិស្ថាននឹងពិនិត្យលទ្ធភាពអនុម័តកញ្ចប់ថវិកាសេវាអនាម័យបរិស្ថានផ្តល់ជូនរដ្ឋបាលថ្នាក់ក្រោមជាតិ ដែលមានរដ្ឋបាលក្រុង-ស្រុកទាំងអស់ ដើម្បីបង្កើនភាពងាយស្រួលអនុវត្តការងារគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជនឲ្យមានប្រសិទ្ធិភាពខ្ពស់ជាងមុន។ លោក សាយ សំអាល់ បានបញ្ជាក់ដែរថា ក្រសួងបរិស្ថាន ត្រៀមលក្ខណៈបច្ចេកទេស និងមូលនិធិដើម្បីគាំទ្រដល់ផែនការសកម្មភាពរបស់រដ្ឋបាលក្រុង ស្រុកទាំងអស់ ដែលចូលរួមរៀបចំហេដ្ឋារចនាសម្ព័ន្ធគ្រប់គ្រងសំណល់រឹង សំរាមនៅតាមមូលដ្ឋានរៀងៗខ្លួន ដោយផ្ទាល់ និងមានការសហការជាមួយដៃគូអាជីវកម្ម និងបច្ចេកវិទ្យា សមស្រប ឬរៀបចំគ្រប់គ្រង សំណល់រឹង-រាវ ឱ្យបានល្អ៕