ខ្មែរប៉ុស្ដិ៍ Close

ទស្សនៈមិត្តអ្នកអាន៖ សម រង្ស៊ី ពីអ្នកនយោបាយអង្ករកំប៉ុង ទៅជាអ្នកនយោបាយចាំស៊ីពែពីជនបរទេស

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃចន្ទ ទី២២ ខែកក្កដា ឆ្នាំ២០១៩ ទស្សនៈ - នយោបាយ 66
ទស្សនៈមិត្តអ្នកអាន៖ សម រង្ស៊ី ពីអ្នកនយោបាយអង្ករកំប៉ុង ទៅជាអ្នកនយោបាយចាំស៊ីពែពីជនបរទេស ទស្សនៈមិត្តអ្នកអាន៖ សម រង្ស៊ី ពីអ្នកនយោបាយអង្ករកំប៉ុង ទៅជាអ្នកនយោបាយចាំស៊ីពែពីជនបរទេស

នៅពេលដែលបានលឺការផ្សាយរបស់វិទ្យុប្រឆាំងសម្ភាសន៍ជាមួយទណ្ឌិត សម រង្ស៊ី និយាយពីសេចក្តីស្នើច្បាប់ស្តីពីប្រជាធិបតេយ្យនៅកម្ពុជា ឬ H.R 526 ខ្ញុំពិតជាសែនហួសចិត្តណាស់ ត្បិតសេចក្តីព្រាងច្បាប់នេះ ត្រូវបានអនុម័តដោយសភាជាន់ទាបអាមេរិកក៏ពិតមែន ក៏ប៉ុន្តែវាត្រូវការរយៈពេលយូរទៀតដោយត្រូវឆ្លងកាត់ដំណាក់កាលព្រឹទ្ធសភា និងដំណាក់​កាល​ប្រធានាធិបតីអាមេរិក មុននឹងចូលជាធរមានដាក់ឲ្យប្រើប្រាស់​ជាផ្លូវការ ពោលគឺមិនទាន់ផ្លូវការនៅឡើយទេ វាគ្រាន់តែជាចំណុចចាប់ផ្តើមប៉ុណ្ណោះ ក៏ប៉ុន្តែបែរទណ្ឌិត ដែលជាមេឧទ្ទាមក្រៅច្បាប់ លើកយកមកនិយាយធ្វើដូចជា​ច្បាប់នេះ ចូលជាធរមានមែនទែនអញ្ចឹង!
សេចក្តីស្នើច្បាប់នេះ ទើបត្រូវបានសភាជាន់ទាបអាមេរិកអនុម័ត ហើយត្រូវការពេលវេលាវែងឆ្ងាយទៀត ម្តេច​ក៏ទណ្ឌិតរូបនេះ និងបក្ខពួកខិតខំបំប៉ោង បំភ្លៃ យ៉ាងនេះ? មែនទែនទៅ ការខិតខំបំប៉ោងរបស់គេ និង​បក្ខ​ពួក ហើយ​ត្រូវបានបន្ទរដោយវិទ្យុប្រឆាំង គឺគ្មានអ្វីក្រៅពីការបំភិតបំភ័យមន្ត្រីក្នុងជួររដ្ឋាភិបាលកម្ពុជា ធ្វើឲ្យពួកគេមិនទុកចិត្តគ្នា មើលមុខគ្នាលែងចំ និងធ្វើឲ្យសង្គមជាតិបែកបាក់នោះទេ។

ទោះទណ្ឌិតរូបនេះ ខិតខំពង្រីកបំប៉ោងនិយាយសឹងមិនលស់ថ្ងៃ និយាយបែបរវើរវាយពុលទឹកមាត់ថា នឹងមានការ​ដាក់គំនាបមកលើមន្ត្រីជាន់ខ្ពស់រដ្ឋាភិបាល ដូចជា ការបង្កទ្រព្យសម្បត្តិ និងមិនឲ្យជាន់ដីអាមេរិកជាដើម​នោះ វាគ្រាន់តែជាយុទ្ធសាស្ត្របំភ័យ បំភ្លៃ បំភាន់ បំពុលរបស់ក្រុមប្រឆាំងដឹកនាំដោយមេឧទ្ទាមក្រៅច្បាប់រូបនេះ ប្រៀប​បាននឹងកូនព្យុះក្នុងកែវត្រីក្រឹមប៉ុណ្ណោះ។

ប្រមុខរាជរដ្ឋាភិបាលកម្ពុជាលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ធ្លាប់បានប្រកាសជាច្រើនដងហើយថា ទោះអាមេរិកដាក់ទណ្ឌកម្ម ឬមិនដាក់ទណ្ឌមកលើរូបលោក និងមន្ត្រីក្នុងជួររដ្ឋាភិបាលកម្ពុជា ក៏លោកមិនដែលមានបំណងចង់ទៅអាមេរិកដែរ ព្រោះការងារបម្រើជាតិ និងប្រជាជនកម្ពុជានៅក្នុងប្រទេសឯណេះទេដែលជារឿងសំខាន់សម្រាប់រូបលោក សឹងថា រកពេលហាត់កីឡាមិនបានផង។ បើនិយាយពីរឿងបង្កកទ្រព្យ​សម្បត្តិអីនោះថែមទៀត វារឹតតែឆ្ងាញហើយ ពីព្រោះលោក ហ៊ុន សែន គ្មានទ្រព្យសម្បត្តិទុកនៅឯបរ​ទេសទេ រួមទាំងនៅសហរដ្ឋអាមេរិកផងដែរ។ ក៏ប៉ុន្តែ ទ្រព្យសម្បត្តិរបស់លោក ហ៊ុន សែន មាននៅរាយប៉ាយស្ទើរពាសពេញផ្ទៃប្រទេសកម្ពុជា តាំងពីទីក្រុងរហូតដល់ទីជនបទសង្កាត់មាត់ញក ដូចជា សាលារៀន មន្ទីរពេទ្យ ស្ពាន ផ្លូវថ្នល់ ប្រឡាយទឹក ស្រះទឹក វត្តអារ៉ាមជាដើម។ ផ្ទុយទៅវិញលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន មិនបានចាប់អារម្មណ៍ ឬសម្តែងការភ្ញាក់ផ្អើលអ្វីទេ ជុំវិញសេចក្តីព្រាងច្បាប់របស់អាមេរិក អនុវត្តនៅអាមេរិក ហើយត្រូវបានបំប៉ោងដោយមេឧទ្ទាម និងបក្ខពួកនោះ។
អ្នកវិភាគមើលឃើញថា ការធ្វើនយោបាយប្រឆាំងរបស់ទណ្ឌិតរូបនេះ បានដើរមកដល់ដំណាក់កាលចុងក្រោយហើយ សូម្បីដេកយលសប្តិក៏ឃើញតែផ្លូវទាល់ដែរ។ ការធ្វើនយោបាយរបស់បុគ្គលរូប​នេះ ក្នុងរយៈពេលជាង ២៥ឆ្នាំមកនេះ គឺគ្មានអ្វីក្រៅពីការប្រឆាំងដើម្បីមានឈ្មោះថា ប្រឆាំងប៉ុណ្ណោះ។ មេឧទ្ទាមក្រៅច្បាប់រូបនេះ បានអភិវឌ្ឍន៍ខ្លួនពីអ្នកនយោបាយអង្ករកំប៉ុង គ្មានទស្សនៈវិស័យវែងឆ្ងាញ គិតមួយថ្ងៃធ្វើមួយពេល ទៅជាអ្នកនយោបាយចាំស៊ីពែពីជនបរទេសពីរបីនាក់ ដែលខ្លួនបានទៅសំពះសុំអង្វរឲ្យជនបរទេសនោះដាក់​សម្ពាធ​មកលើរដ្ឋាភិបាល និងប្រជាជនខ្លួនឯង ដោយស្នើសុំឲ្យបរទេសកុំផ្តល់ជំនួយ កុំមកវិនិយោគ និង​កុំទិញ​ទំនិញពីកម្ពុជា ដែលទង្វើនេះ គឺប្រៀបបាននឹងការវាយបំបែកឆ្នាំងបាយកម្មករ កម្មការិនីខ្មែរដូច្នោះ​ដែរ។

មេឧទ្ទាមរូបនេះ គួរមានភាពខ្មាស់អៀនក្នុងខ្លួនខ្លះផងក្នុងកំណើតជាខ្មែរ ត្រូវគិតពីបញ្ហាជាតិនិយមខ្លះផង។ វាល្មមដល់ពេលហើយ ដែលអ្នកនយោបាយចាញ់គ្រប់រដូវកាលរូបនេះ គួរលាឈប់ធ្វើនយោបាយ ដើ​ម្បី​ឲ្យក្មេងជំនាន់ក្រោយមានឱកាសចូលរួមជួយដល់ប្រទេស គឺប្រឆាំងដើម្បីឲ្យប្រទេសជាតិរីកចម្រើនមានការ​អភិវឌ្ឍបន្ថែមពីលើអ្វីដែលកំពុងមាននាពេលបច្ចុប្បន្ន មិនមែនប្រឆាំងដើម្បីបំផ្លិចបំផ្លាញប្រទេសជាតិ និងប្រជាជនខ្លួនឯងដូច្នេះទេ៕

ដោយ៖ សុខ សុវណ្ណ

អត្ថបទទាក់ទង