ខ្មែរប៉ុស្ដិ៍ Close

​ចិន​ គ្រោង​នឹងជួយ​ពង្រឹង​លើ​ការ​កសាង​ធន​ធាន​មនុស្ស​ផ្នែកយោធាកម្ពុជា ទាំងផ្នែករឹង និងផ្នែកទន់ឲ្យកាន់តែមានប្រសិទ្ឋភាព

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃពុធ ទី១០ ខែកក្កដា ឆ្នាំ២០១៩ ព័ត៌មានទូទៅ 54
​ចិន​ គ្រោង​នឹងជួយ​ពង្រឹង​លើ​ការ​កសាង​ធន​ធាន​មនុស្ស​ផ្នែកយោធាកម្ពុជា ទាំងផ្នែករឹង និងផ្នែកទន់ឲ្យកាន់តែមានប្រសិទ្ឋភាព ​ចិន​ គ្រោង​នឹងជួយ​ពង្រឹង​លើ​ការ​កសាង​ធន​ធាន​មនុស្ស​ផ្នែកយោធាកម្ពុជា ទាំងផ្នែករឹង និងផ្នែកទន់ឲ្យកាន់តែមានប្រសិទ្ឋភាព

លោក​វរសេនីយ៍​ឯក​ពិសេស​ ស៊ូ ​វេង​ហ៊ូ ​(​XU WENHUA) នាយក​រង​សាលា​បណ្ឌិត​សភា​កាំ​ភ្លើង​ធំ ​និង​ការពារ​អាកាស ​កង​ទ័ព​ជើង​គោក​ កង​ទ័ព​រំដោះ​ប្រជាជន​ចិន​បាន​ឲ្យ​ដឹង​ថា បើ​តាម​ផែន​ការ​បន្ត​ទៀត​នៅ​មុន​ឆ្នាំ​២០២០ ​កង​ទ័ព​រំដោះ​ប្រជាជន​ចិន​ គ្រោង​នឹង​ពង្រឹង​លើ​ការ​កសាង​ធន​ធាន​មនុស្ស​ ដោយ​ផ្តោត​សំខាន់​លើ​ចំណេះ​ដឹង​ទូទៅ​​ ការ​ងារ​គ្រប់​គ្រង​ និង​ជំនាញ​ផ្នែក​ភាសា​ចិន​ ជា​ពិសេស​ផ្តោត​សំខាន់​លើ​ការ​បណ្តុះ​បណ្តាល​ធន​ធាន​យោធា​ចារ្យ​។ ការ​លើក​ឡើង​បែប​នេះ​របស់​ លោក​វរសេនីយ៍​ឯក​ពិសេស​ ស៊ូ ​វេង​ហ៊ូ ​បាន​ធ្វើ​ឡើង​នា​​ថ្ងៃទី​០៨​ ខែ​កក្កដា​ ឆ្នាំ​២០១៩​នេះ ​ក្នុង​ឱកាស​ដែល​លោក​ ស៊ូ វេង​ហ៊ូ ​បាន​ដឹក​នាំ​ក្រុម​ការ​ងារ​ចូល​ជួប​សំ​ដែង​ការ​គួរ​សម​ និង​ពិភាក្សា​ការ​ងារ​ជា​មួយ​ នាយ​ឧត្តម​សេនីយ៍​ ឥត​ សា​រ៉ាត់​ អគ្គ​មេ​បញ្ជាការ​រង​ និង​ជា​នាយ​សេនា​ធិការ​ចម្រុះ ​នៃក​ង​យោធ​ពល​ខេមរ​ភូមិន្ទ ​នៅ​អគ្គ​បញ្ជាការ​ដ្ឋាន​ក្នុង​ក្រុង​ភ្នំពេញ។

នៅ​ក្នុង​ឱកាស​នោះ​ដែរ​ លោក​វរ​សេនីយ៍​ឯក​ពិសេស ​ស៊ូ ​វេង​ហ៊ូ ​បាន​ថ្លែង​ថា វិទ្យាស្ថាន​ទ័ព​ជើង​គោក​កម្ពុជា ​ជា​និច្ច​ជា​កាល​បាន​ទទួល​ការ​យក​ចិត្ត​ទុក​ដាក់​យ៉ាង​ខ្លាំង​ពី​សំណាក់​គណៈកម្មា​ធិការ​មជ្ឈឹម​ រួម​ទាំង​ផ្នែក​ទទួល​ការ​ងារ​ហ្វឹក​ហ្វឺន​ ​នៃ​កង​ទ័ព​រំដោះ​ប្រជាជន​ចិន​។ ​ក្នុង​រយៈ​ពេល​៤​ឆ្នាំ​កន្លង​មក​នេះ ​អ្នក​ជំនាញ​កង​ទ័ព​រំដោះ​ប្រជាជន​ចិន​ បាន​កសាង​បន្ថែម​នូវ​ប្រព័ន្ធ​ហេដ្ឋា​រចនា​សម្ព័ន្ធ​របស់​វិទ្យាស្ថាន​លើ​ផ្នែក​សំណង់​រឹង​ និង​ធ្វើ​ការ​កែ​សម្រួល​លើ​ផ្នែក​ទន់​ មួយ​ចំនួន​ផង​ដែរ​។​

លោក​ ស៊ូ បន្តថា នៅ​ក្នុង​ផែន​ការ​ផ្តល់​ជំនួយ​ ដើម្បី​អភិវឌ្ឍន៍​វិទ្យាស្ថាន​កង​ទ័ព​ជើង​គោក​ នៅ​ក្នុង​ឆ្នាំ​២០១៩​នេះ ​ភាគី​ចិន​បាន​ផ្តោត​សំខាន់​ទៅ​លើ​ការ​ងារ​បណ្តុះ​បណ្តាល​ធន​ធាន​មនុស្ស ​ដែល​បញ្ហា​ចម្បង​​សំរាប់​អ្នក​ជំនាញ​កង​ទ័ព​រំដោះ​ប្រជាជន​ចិន​។​ តាម​រយៈ​ការ​ចុះ​សិក្សា​ស្វែង​យល់​នៅ​លើក​នេះ ​កង​ទ័ព​ទាំង​ពីរ​ នឹង​ពង្រីក​ឲ្យ​កាន់​តែ​ទូលំ​ទូលាយ​ លើ​កិច្ច​ប្រតិបត្តិការ​ផ្តល់​ជំនួយ​បណ្តុះ​បណ្តាល​ដល់​នាយ​ទាហាន​ជំនាន់​ក្រោយ​របស់​កម្ពុជា​។

លោក​បន្ត​ទៀត​ថា​ គោល​បំណង​ធំ​បំផុត​នោះ ​គឺ​កង​ទ័ព​រំដោះ​ប្រជាជន​ចិន​ និង​សហការ​ជា​មួយ​ស្ថាប័ន​នានា ​ដែល​ពាក់​ព័ន្ធ​ ជា​ពិសេស​គឺ​វិទ្យាស្ថាន​ទ័ព​ជើង​គោក​ ដើម្បី​បាន​ស្វែង​យល់​ពី​តម្រូវ​ការ​ជាក់​ស្តែង​របស់​វិទ្យាស្ថាន​ ក៏ដូច​ជា​កំណត់​ទិស​ដៅ​សំរាប់​គំរោង​ជំនួយ​នា​ពេល​អនាគត​បន្ថែម​ទៀត​។ មួយ​ផ្នែក​ទៀត​នោះ ​ក្រុម​ជំនាញ​ នឹង​ចុះទៅ​សិក្សា​នៅ​តាម​បណ្តា​ប្រភេទ​ទ័ព​របស់​កម្ពុជា ​ដូចជា​ស្ថាប័ន​ ទ័ពជំនាញ​រថក្រោះ​, រថពាស​ដែក, កាំភ្លើង​ធំ​, កាំភ្លើង​ការ​ពារ​អាកាស​, ដើម្បី​ស្វែង​យល់​បន្ថែម​ ព្រ​មទាំង​សំណូមពរ​នានា ​ដើម្បី​ឲ្យ​ភាគី​កង​ទ័ព​រំដោះ​ប្រជាជន​ចិន​ ជួយ​សម្រប​សម្រួល​កសាង​ចំណុច​ទាំង​នោះ​ផង​ដែរ​។

បន្ថែម​ពី​នេះ​ កម្ពុជា ​និង​ចិន​ នឹង​រួម​គ្នា​បង្កើត​កម្ម​វិធី​សិក្សា​ ដែល​សម​ស្រប​​ ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​ការ​វិវឌ្ឍន៍​របស់​កង​ទ័ព​នៅ​ពេល​បច្ចុប្បន្ន​នេះ​។ ផ្នែក​មួយ​ទៀត ​ក៏ត្រូវ​រៀប​ចំ​ការ​ងារ​បង្រៀន​របស់​វិទ្យាស្ថាន​ចំនួន​៧​ជំនាញ​ ដែល​រួម​មាន៖ ជំនាញ​វិស្វកម្ម​, ជំនាញ​កាំភ្លើង​ធំ​, ជំនាញ​កាំ​ភ្លើង​ការ​ពារ​អាកាស់​, ជំនាញ​គីមី​សាស្ត្រ​, បញ្ជូន​សារ​, ព្រម​ទាំង​ជំនាញ​ផ្សេង​ៗ​ទៀត​ជា​ច្រើន​ ទៅ​តាម​សំណូមពរ​របស់​វិទ្យាស្ថាន​កង​ទ័ព​ជើង​គោក​កម្ពុជា​។

នាយ​ឧត្តម​សេនីយ៍ ​ឥត​ សា​រ៉ាត់​ បាន​ថ្លែង​អំណរ​គុណដល់​កង​ទ័ព​រំដោះ​ប្រជាជន​ចិន​ ដែល​បាន​ជួយ​បណ្តុះ​បណ្តាល​ធនធាន​មនុស្សផ្តល់​សំភារៈ​បច្ចេក​ទេស​នានា ​ដើម្បី​ចូល​រួម​ជួយ​កសាង​កង​យោធ​ពល​ខេមរ​ភូមិន្ទ​ ដោយ​ភាព​ស្មោះ​ត្រង់​ ស្ទើ​គ្រប់​អង្គភាព​ទ័ព​ ដោយ​ក្នុង​នោះ​មាន​វិទ្យាស្ថាន​ទ័ព​ជើង​គោក​កម្ពុជា​ជា​ដើម​។​

ទន្ទឹម​នឹង​នេះ​ដែរ​ នាយ​ឧត្តមសេនីយ៍ ​ឥត​ សា​រ៉ាត់​ ក៏​បាន​ឲ្យ​យោបល់​ដល់​កង​ទ័ព​រំដោះ​ប្រជាជន​ចិន​ ពិនិត្យ​មើល​ផ្នែក​រឹង​ និង​ផ្នែក​ទន់​នានា​ ដូច​ជា​ការ​កសាង​ហេដ្ឋាន​រចនា​សម្ព័ន្ធ​ គ្រឿង​បំពាក់​យោធបរិក្ខា​ទ័ព​ ការ​បណ្តុះ​បណ្តាល​យោធា​ចារ្យ​វ័យ​ក្មេង​កម្ពុជា ​ដើម្បី​ចូល​រួម​ចំណែក​បម្រើ​ការ​ងារ​កសាង​កង​យោធពល​ខេមរ​ភូមិន្ទ​ ឲ្យ​កាន់​តែ​មាន​ប្រសិទ្ធិ​ភាព​បន្ថែម​ទៀត​​ លើ​កិច្ច​ការ​ពារ​ជាតិ​ ប្រឆាំង​នឹង​ការ​ឈ្លាន​ពាន​ណា​មួយ​ពី​ពួក​អមិត្ត​។

នាយ​ឧត្តមសេនីយ៍ ​ឥត​ សា​រ៉ាត់​ ក៏​បាន​សំណូមពរ​ដល់​ភាគី​ចិន​ ដើម្បី​បញ្ជូន​យោធា​ចារ្យ​ជា​ជន​ជាតិ​ចិន​ មក​ស្នាក់​នៅ​កម្ពុជា ​ដើម្បី​ជួយ​បណ្តុះ​បណ្តាល​ដ​ល់យោធិន​កម្ពុជា​លើ​ផ្នែក​ភាសា​ចិន​ ឲ្យ​កាន់​តែ​មាន​ប្រសិទ្ធ​ភាព​បន្ថែម​ទៀត ​ ព្រោះ​ថា​ក្នុង​ជួរ​កង​ទ័ព​កម្ពុជា ​នៅខ្វះ​ខាត​យ៉ាង​ខ្លាំង​អ្នក​ចេះ​ភាសា​ចិន​ ដើម្បី​ទំនាក់​ទំនង​ការ​ងារ​ផ្សេងៗ​។ ​ បន្ថែមពី​នេះ ​នាយ​ឧត្តម​សេនីយ៍​ ឥត​ សា​រ៉ាត់​ ក៍​បាន​ស្នើរ​ឲ្យ​ភាគី​ចិន ​បង្កើន​ចំនួន​អ្នក​សិក្សា​ភាសា​ចិន​ឲ្យ​កាន់​តែ​ច្រើ​ន​ឡើង ​ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​តម្រូវ​ការ​ជាក់​ស្តែង​នៅ​តាម​បណ្តា​អង្គភាព​ទ័ព​នានា​ ផង​ដែរ ៕

អត្ថបទទាក់ទង