ខ្មែរប៉ុស្ដិ៍ Close

តើប្រទេសចិនអាចសង្គ្រោះអព្ភូតហេតុសេដ្ឋកិច្ចរបស់ខ្លួនបានដែរឬទេ?

ដោយ៖ លី វិទ្យា ​​ | ថ្ងៃអាទិត្យ ទី៨ ខែមករា ឆ្នាំ២០២៣ ព័ត៌មានអន្តរជាតិ 22
តើប្រទេសចិនអាចសង្គ្រោះអព្ភូតហេតុសេដ្ឋកិច្ចរបស់ខ្លួនបានដែរឬទេ? តើប្រទេសចិនអាចសង្គ្រោះអព្ភូតហេតុសេដ្ឋកិច្ចរបស់ខ្លួនបានដែរឬទេ?

ការសម្រេចរបស់ប្រទេសចិននៅពេលថ្មីៗនេះក្នុងការបោះបង់ចោលនូវគោលនយោបាយ «ZERO-COVID» បានធ្វើឱ្យមនុស្សជាច្រើនជឿជាក់ថា «សេដ្ឋកិច្ចរបស់ចិននឹងងើបឡើងវិញ»។ ស្ថាប័ន «Economist Intelligence Unit» បានកែសម្រួលការព្យាកររបស់ខ្លួនសម្រាប់កំណើន GDP របស់ចិននៅឆ្នាំ ២០២៣ ដោយបានដំឡើងរហូតដល់ ៥,២%។

ប៉ុន្តែការងើបឡើងវិញនៃកំណើនសេដ្ឋកិច្ចគឺមិនមែនជារឿងដែលអាចកើតឡើងដោយស្វ័យប្រវត្តិនោះទេ ហើយប្រទេសចិនអាចនឹងត្រូវប្រឈមមុខនឹងបញ្ហាមួយចំនួនដែលរួមមានការធ្លាក់ចុះនៃទំនុកចិត្តនៅក្នុងចំណោមក្រុមហ៊ុននិងពលរដ្ឋជុំវិញប្រាក់ចំណូលនៅថ្ងៃអនាគតរបស់ពួកគេ, កំណើនផលិតភាពមិនគ្រប់គ្រាន់ និងការផ្លាស់ប្តូរប្រជាសាស្ត្រដែលមិនមានលក្ខណៈអំណោយផល។ ការស្តារទំនុកចិត្តឡើងវិញអាចមានសារៈសំខាន់ជាងការពង្រីកឥណទាននៅក្នុងរយៈពេលខ្លី។

ក្រោយការបិទខ្ទប់ដដែលៗនិងជាប្រចាំ សហគ្រិនខ្នាតតូចនិងបុគ្គលិកជាច្រើននៅក្នុងវិស័យសេវាកម្មបែបប្រពៃណីដែលតែងមានការព្រួយបារម្ភអំពីលទ្ធភាពក្នុងការបាត់បង់ការងារនិងប្រាក់ចំណូល ហាក់មានភាពស្ទាក់ស្ទើរក្នុងការចាយវាយ។ ដូចគ្នានេះដែរ ក្រុមហ៊ុនជាច្រើនហាក់មានភាពប្រុងប្រយ័ត្នខ្ពស់នៅក្នុងការវិនិយោគ បន្ទាប់ពីពួកគេបានជួបប្រទះនឹងការធ្លាក់ចុះនៃប្រាក់ចំណូល ក៏ដូចជាការអនុវត្តច្បាប់កាន់តែតឹងរ៉ឹងនៅក្នុងវិស័យអប់រំ, បច្ចេកវិទ្យា និងវិស័យផ្សេងៗទៀត។

នៅក្នុងការស្រាវជ្រាវមួយដែលត្រូវបានធ្វើឡើងនៅពេលថ្មីៗនេះលើក្រុមហ៊ុនក្នុងស្រុក និងក្រុមហ៊ុនបរទេស ដែលកំពុងធ្វើប្រតិបត្តិការនៅក្នុងប្រទេសចិន សាលាធុរកិច្ចអន្តរជាតិចិន-អឺរ៉ុប (China Europe International Business School) ដែលមាន មូលដ្ឋាននៅទីក្រុងសៀងហៃបានរកឃើញថា«ទំនុកចិត្តចំពោះការធ្វើ អាជីវកម្មនៅក្នុងប្រទេសចិនបានធ្លាក់ចុះដល់កម្រិតទាបបំផុត»។

ប្រសិនបើបណ្តាអាជីវកម្មនិងពលរដ្ឋកាន់តែច្រើនបាត់បង់ទំនុកចិត្ត និងកាត់បន្ថយការចំណាយរបស់ពួកគេ វានឹងធ្វើឱ្យតម្រូវការសម្រាប់ផលិតផលនិងសេវាកម្មរបស់ក្រុមហ៊ុនផ្សេងៗ រងនូវការធ្លាក់ចុះ ហើយនៅទីបំផុត នៅពេលដែលក្រុមហ៊ុនទាំងនោះទទួលបានប្រាក់ចំណូលកាន់តែតិច វានឹងបង្កផលប៉ះពាល់កាន់តែខ្លាំងដល់អ្នកផ្គត់ផ្គង់ធំៗរបស់ពួកគេ។

ដើម្បីលុបបំបាត់ភាពទុទិ្ទដ្ឋិនិយមនេះ អ្នកធ្វើគោលនយោបាយចិនត្រូវធ្វើការស្តារទំនុកចិត្តឡើងវិញឱ្យបាននៅក្នុងរយៈពេលខ្លី។ ប៉ុន្តែនៅពេលនេះ ពួកគេមិននៅសល់ជម្រើសច្រើននោះទេ។ ការធ្វើឱ្យគោលនយោបាយនៅថ្ងៃអនាគតមានលក្ខណៈងាយស្រួលយល់ អាចជារឿងដ៏សំខាន់នៅក្នុងដំណើរការលើកកម្ពស់ទំនុកចិត្ត។ ក៏ប៉ុន្តែការសម្រេចឱ្យបាននូវកិច្ចការនេះ មិនមែនជារឿងងាយស្រួលនោះទេសម្រាប់រដ្ឋាភិបាល។

ខណៈពេលដែលការពង្រីកឥណទានអាចជួយជំរុញតម្រូវការ វាក៏អាចបង្កឱ្យមានផលប៉ះពាល់មិនល្អផងដែរដែលជាហេតុអាចជំរុញឱ្យមានការកើនឡើងនៃអត្រាអតិផរណា។ ម្យ៉ាងវិញទៀត ការចំណាយថវិកាដ៏ច្រើនទៅលើការធ្វើតេស្ត និងការធ្វើចត្តាឡីស័កទាក់ទងនឹងវីរុសកូវីដ-១៩ បានបង្កការរាំងស្ទះដល់សមត្ថភាពសារពើពន្ធរបស់ចិន។

គោលនយោបាយមួយដែលគេអាចលើកយកមកពិចារណាបានគឺ «ការកាត់បន្ថយក្នុងរយៈពេលកំណត់ជាក់លាក់ណាមួយលើការប្រមូលពន្ធលើប្រាក់ចំណូលរបស់ក្រុមហ៊ុន និងពន្ធលើការលក់រាយ»។ តាមរយៈការកាត់បន្ថយពន្ធទាំងនេះ ប្រទេសចិនអាចកាត់បន្ថយបន្ទុកបំណុលរបស់រដ្ឋាភិបាល និងអាចជួយជំរុញការចាយវាយរបស់ពលរដ្ឋ។

ស្រដៀងគ្នានេះដែរ ការកាត់បន្ថយពន្ធលើប្រាក់ចំណូលរបស់ក្រុមហ៊ុនក្នុងពេលកំណត់ណាមួយ អាចក្លាយជាការលើកទឹកចិត្តដល់ការវិនិយោគរបស់វិស័យឯកជន។ ដើម្បីជំរុញកំណើនផលិតភាពក្នុងរយៈពេលមធ្យម សេដ្ឋកិច្ចរបស់ប្រទេសចិនត្រូវការវិធានការជាច្រើនទៀត បូករួមនឹងការបែងចែកធនធានឱ្យបានកាន់តែប្រសើរដល់បណ្តាបុគ្គល, ក្រុមហ៊ុន និងវិស័យនានា។

ចំណាត់ការមួយទៀតដែលអាចជួយបង្កើនផលិតភាពគឺ «ការផ្តល់ឱកាសដោយស្មើភាពគ្នាដល់ក្រុមហ៊ុនរដ្ឋ និងក្រុមហ៊ុនឯកជនក្នុងការទទួលបាននូវឥណទានពីធនាគារ និងអាជ្ញាបណ្ណពីរដ្ឋាភិបាល»។ ដើម្បីពង្រឹងកំណើនសេដ្ឋកិច្ចនៅក្នុងរយៈពេលមធ្យម ប្រទេសចិនត្រូវតែបង្កើនការយកចិត្តទុកដាក់ទៅលើមេរៀនប្រវត្តិសាស្ត្ររបស់ខ្លួន និងត្រូវដកចេញនូវឧបសគ្គនានាដែលបានបង្កការរាំងស្ទះដល់ការចូលទៅកាន់ទីផ្សារ។

នៅក្នុងរយៈពេលវែង កត្តាប្រឈមដ៏ធំបំផុតចំពោះសេដ្ឋកិច្ចដែលចិននឹងជួបប្រទះគឺ «ការធ្លាក់ចុះនៃកម្លាំងពលកម្ម»។ ផ្ទុយទៅនឹងប្រទេសដែលជាដៃគូប្រកួតប្រជែងផ្នែកសេដ្ឋកិច្ច ដូចជាវៀតណាមនិងឥណ្ឌា ចំនួនពលរដ្ឋចិនដែលស្ថិតក្នុងវ័យធ្វើការបានបន្តដាំក្បាលចុះអស់រយៈពេលជិត ១ ទសវត្សរ៍កន្លងមកហើយ។

បើទោះបីជាកំណើនផលិតភាពនៅតែមាននិរន្តភាព ការប្រែប្រួលផ្នែកប្រជាសាស្ត្របែបនេះអាចធ្វើឱ្យ GDP ត្រូវរងនូវការធ្លាក់ចុះជាបន្តបន្ទាប់។ វិធានការជាគោលនយោបាយមួយចំនួន ដូចជាការនាំចូលកម្លាំងពលកម្មពីបរទេសក្នុងទ្រង់ទ្រាយធំអាច នឹងមានប្រសិទ្ធភាព ក៏ប៉ុន្តែវាអាចបង្កឱ្យមានផលវិបាកនៅក្នុងសង្គម ឬនៅក្នុងឆាកយោបាយដែរ។

វិធានការផ្សេងៗទៀត ដូចជាការបង្កើនអត្រាកំណើត, ការបង្កើនអាយុចូលនិវត្តន៍ ឬការបង្កើនការចូលរួមរបស់ស្ត្រីនៅក្នុងកម្លាំងពលកម្ម អាចនឹងមិននាំមកនូវលទ្ធផលជាទីគាប់ចិត្តនោះទេ។ ទោះជាយ៉ាងណាក៏ដោយ ការបង្កើនគុណភាពកម្លាំងពលកម្មអាចជាគោលដៅដ៏ប្រាកដនិយមមួយ ដោយក្នុងនោះប្រទេសចិនអាចបង្កើនកម្រិតអប់រំតាមរយៈការបង្កើនអត្រារៀនសូត្រ និងអត្រាបញ្ចប់ការសិក្សានៅតាមថ្នាក់វិទ្យាល័យ និងសាលាបណ្តុះបណ្តាលវិជ្ជាជីវៈនៅតាមតំបន់ជនបទ។

ការមានទូរសព្ទស្មាតហ្វូន និង Tablets ប្រើប្រាស់នៅគ្រប់ទិសទី អាចផ្តល់នូវដំណោះស្រាយដ៏ល្អបំផុតក្នុងការពង្រឹងជំនាញរបស់បុគ្គលិក។ ប៉ុន្តែក្រោយមានវិធានការរឹតបន្តឹងលើសេវាកម្មអប់រំតាមប្រព័ន្ធអនឡាញអស់មួយរយៈពេលមក ការសម្របសម្រួលឱ្យមានបរិយាកាសគោលនយោបាយដែលមានលក្ខណៈកាន់តែអំណោយផល អាចនឹងជំរុញការលើកទឹកចិត្តដល់ការពង្រឹងសហគ្រិនភាពនៅក្នុងវិស័យនេះ។

ជារួម ចិនមិនគួរងប់ងល់ពេកនោះទេជាមួយនឹងបំណងចង់បង្កើនកំណើន GDP ឱ្យបានឆាប់រហ័ស។ ជាជំនួសវិញ ពួកគេត្រូវផ្តោតទៅលើការបង្កើនប្រាក់ចំណូលរបស់ពលរដ្ឋ និងការពង្រឹងគុណភាពនៃការរស់នៅ។ ចំណុចទាំងនេះគឺពិតជាមានសារៈសំខាន់ណាស់សម្រាប់ពលរដ្ឋចិន ជាជាងការផ្តោតតែទៅលើកំណើន GDP៕

Project Syndicate

អត្ថបទទាក់ទង