ខ្មែរប៉ុស្ដិ៍ Close

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន៖ ពាណិជ្ជកម្មពិភពលោកមិនគួរត្រូវបានរាំងស្ទះដោយសារការកំណត់ពន្ធជាឯកតោភាគីនោះទេ

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃព្រហស្បតិ៍ ទី៤ ខែកក្កដា ឆ្នាំ២០១៩ ព័ត៌មានទូទៅ 19
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន៖ ពាណិជ្ជកម្មពិភពលោកមិនគួរត្រូវបានរាំងស្ទះដោយសារការកំណត់ពន្ធជាឯកតោភាគីនោះទេ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន៖ ពាណិជ្ជកម្មពិភពលោកមិនគួរត្រូវបានរាំងស្ទះដោយសារការកំណត់ពន្ធជាឯកតោភាគីនោះទេ

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងថា ក្នុងនាមជាប្រទេសដែលមានសេដ្ឋកិច្ចតូច កម្ពុជាជឿលើអត្ថប្រយោជន៍នៃសកលភាវូបនីយកម្ម និងកិច្ចសហប្រតិបត្តិការអន្តរជាតិឈរលើវិធានគតិយុត្តិ។ យើងយល់ថា ពាណិជ្ជកម្មពិភពលោកមិនគួរត្រូវបានរាំងស្ទះដោយសារការកំណត់ពន្ធជាឯកតោភាគីនោះទេ ប៉ុន្តែគប្បីត្រូវបានលើកតម្កើង និងគាំទ្រតាមរយៈការប្រកាន់នូវគោលនយោបាយអំណោយផលសមស្រប ព្រមទាំងការផ្តល់ក្របខណ្ឌអនុគ្រោះពិសេសដល់ប្រទេសកំពុងអភិវឌ្ឍន៍។ លោកបានថ្លែងដូចនេះនៅក្នុងឱកាសអញ្ជើញឡើងថ្លែងសុន្ទរកថា ក្នុងកម្មវិធីព្រឹត្តិការណ៍សង្គម-វប្បធម៌ នៅទីស្នាក់ការអង្គការពាណិជ្ជកម្មពិភពលោក នៅទីក្រុងហ្សឺណែវ ប្រទេសស៊្វីស នៅវេលាម៉ោងជាង១២យប់រំលងអាធ្រាត ថ្ងៃទី៣ ឈានចូលថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០១៩ ម៉ោងនៅកម្ពុជា។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបង្ហាញនូវមោទនភាពយ៉ាងខ្លាំងដែលលោក រ៉ូប៊ែតូ អាហ្សេវ៉េដូ អគ្គនាយកអង្គការពាណិជ្ជកម្មពិភពលោក បានលើកទឹកចិត្តដល់កម្ពុជាក្នុងជំនួបទ្វេភាគីកាលពីខែតុលា ឆ្នាំ២០១៨ និងក្នុងជំនួបកាលពីព្រឹកមិញនេះ ដោយបានបញ្ជាក់ថាទោះបីជាស្ថិតក្នុងឋានៈជាប្រទេសអភិវឌ្ឍន៍តិចតួចក្តី តែកម្ពុជាបានដើរតួនាទីយ៉ាងសំខាន់នៅក្នុងអាស៊ាន និងក្នុង WTO ជាពិសេសបានធ្វើជាអ្នក សម្របសម្រួលបណ្តាប្រទេសអភិវឌ្ឍន៍តិចតួចពីឆ្នាំ២០១៧ ដល់ឆ្នាំ២០១៨ប្រកបដោយជោគ ជ័យ។

ឈរលើមូលដ្ឋាននៃជំនឿឥតងាករេនេះហើយ ដែលលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានណែនាំដល់រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម និងអគ្គរាជទូតរបស់លោកឱ្យបន្តកិច្ចសហការជាមួយ សមាជិកដទៃទៀតឱ្យមានប្រសិទ្ធភាពបំផុត ក្នុងដំណើរការចរចាកែទម្រង់ WTO នៅក្នុងកាលៈទេសៈបច្ចុប្បន្ន ដែលតម្រូវឱ្យយើងរួមគ្នាពង្រឹងស្ថាប័នសកល «ពហុនិយម» ដ៏មានសារៈសំខាន់មួយនេះ៕

អត្ថបទទាក់ទង