ខ្មែរប៉ុស្ដិ៍ Close

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន រំឭកអំពីប្រវត្តិសកម្មភាព និងស្នាដៃ ៦៨ឆ្នាំ របស់គណបក្សប្រជាជនកម្ពុជា

ដោយ៖ រៀម វណ្ណា ​​ | ថ្ងៃសុក្រ ទី២៨ ខែមិថុនា ឆ្នាំ២០១៩ ព័ត៌មានទូទៅ 39
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន រំឭកអំពីប្រវត្តិសកម្មភាព និងស្នាដៃ ៦៨ឆ្នាំ របស់គណបក្សប្រជាជនកម្ពុជា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន រំឭកអំពីប្រវត្តិសកម្មភាព និងស្នាដៃ ៦៨ឆ្នាំ របស់គណបក្សប្រជាជនកម្ពុជា

ថ្លែងនៅក្នុងអង្គមីទ្ទីង រំឭកខួប ៦៨ឆ្នាំ ថ្ងៃកំណើតគណបក្សប្រជាជនកម្ពុជា ដែលមានមហាជន ចូលរួម ៣ម៉ឺននាក់ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានលើកឡើងថា ថ្ងៃ២៨ ខែមិថុនា ឆ្នាំ២០១៩នេះ ជាទិវាគម្រប់ខួបលើកទី៦៨ នៃថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា ដែលនៅគ្រាដំបូងមានឈ្មោះថា បក្សប្រជាជនបដិវត្តន៍ខ្មែរ ។ គណបក្សមានប្រភពកើតចេញពីចលនាតស៊ូស្នេហាជាតិរបស់ប្រជាជនកម្ពុជា ប្រឆាំងរបបអាណានិគមនិយមបារាំងដើម្បីឯករាជ្យជាតិ ហើយបានពុះពារឆ្លងកាត់រាល់ឧបសគ្គច្រើនរាប់មិនអស់នៅលើកំណាត់ផ្លូវយ៉ាងវែង និងបត់បែនបំផុតនៃប្រវត្តិសាស្ត្រកម្ពុជារហូតធ្វើឲ្យប្រទេសជាតិ និងប្រជាជនទទួលបានសន្តិភាព និងមានការអភិវឌ្ឍប្រកបដោយមោទនភាពនាពេលបច្ចុប្បន្ននេះ ។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងទៀតថា រយៈពេល ៦៨ឆ្នាំ កន្លងទៅនេះ ទោះបីត្រូវប្រឈមនឹងការវិវត្តន៍ដ៏ស្មុគស្មាញបំផុតនៃសភាពការណ៍ជាតិ និងសភាពការណ៍អន្តរជាតិយ៉ាងណាក្តី ក៏គណបក្សប្រជាជនកម្ពុជា បានស្ថិតនៅរួមសុខរួមទុក្ខជាមួយប្រជាជនក្នុងគ្រប់កាលៈទេសៈ ហើយប្រមូលកម្លាំងប្រជាជាតិទាំងមូលដែលមានឧត្តមគតិស្នេហាជាតិ មាតុភូមិ ស្រឡាញ់លទ្ធិប្រជាធិបតេយ្យ និងសន្តិភាព ដោយមិនប្រកាន់ឋានៈ ជីវភាព ជនជាតិ ជំនឿសាសនា អតីតកាល ដើម្បីរួមកម្លាំងគ្នាការពារសមិទ្ធផលសង្គមជាតិ និងកសាងប្រទេសកម្ពុជាមួយ ឯករាជ្យ សន្តិភាព សេរីភាព ប្រជាធិបតេយ្យ អព្យាក្រឹត និងវឌ្ឍនភាពសង្គម ។

លោកបានបន្តថា គណបក្សបានដឹកនាំចលនាតស៊ូប្រឆាំងរបបអាណានិគមនិយមដើម្បីឯករាជ្យជាតិ បន្ទាប់មកបានចូលរួមយ៉ាងសកម្មក្នុងការការពារឯករាជ្យ សន្តិភាព និងអធិបតេយ្យជាតិ ពីឆ្នាំ១៩៥៣ ដល់ ឆ្នាំ១៩៧០ ។ ពេលកម្ពុជាធ្លាក់ក្នុងភ្លើងសង្គ្រាម ពីឆ្នាំ១៩៧០-១៩៧៥ គណបក្សបានបន្តធ្វើការតស៊ូ ដើម្បីរំដោះជាតិពីការឈ្លានពានរបស់បរទេស ។ ពេលប្រទេសជាតិធ្លាក់ក្នុងគ្រោះមហន្តរាយប្រល័យពូជសាសន៍ គណបក្សបានដឹកនាំការតស៊ូ ដើម្បីវាយផ្តួលរំលំរបបដ៏យង់ឃ្នងនេះ ទទួលបានជ័យជម្នះជាប្រវត្តិសាស្ត្រ នៅថ្ងៃ ៧ មករា ឆ្នាំ១៩៧៩ បានសង្គ្រោះអាយុជីវិតរបស់ជាតិបានទាន់ពេលវេលា នាំមកនូវសិទ្ធិ សេរីភាព ប្រជាធិបតេយ្យ និងសេចក្តីថ្លៃថ្នូរជូនប្រជាជនវិញ ។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ជាក់ទៀតថា បន្ទាប់ពីថ្ងៃជ័យជម្នះ ៧ មករា គណបក្សបានជ្រោងខ្ពស់ទង់មហាសាមគ្គីជាតិ ដឹកនាំការស្តារ និងកសាងប្រទេសជាតិឡើងវិញពីលេខសូន្យ និងទប់ស្កាត់មិនឲ្យរបបប្រល័យពូជសាសន៍វិលត្រឡប់មកជាថ្មីទៀត ហើយបានធ្វើជាស្នូលនៃដំណើរការបង្រួបបង្រួមជាតិរហូតបញ្ចប់បាននូវសង្គ្រាមដ៏រ៉ាំរ៉ៃជិត ៣ទសវត្ស កសាងស ន្តិភាពពេញលេញ មានការឯកភាពជាតិ ឯកភាពទឹកដីទាំងស្រុង ដែលបានផ្តល់ភាពអនុគ្រោះយ៉ាងធំធេងដល់ការអភិវឌ្ឍសេដ្ឋកិច្ច សង្គម និងការកែលម្អជីវភាពរបស់ប្រជាជន ។ គណបក្សបានធ្វើជាបង្អែកដ៏រឹងមាំ ក្នុងការការពាររដ្ឋធម្មនុញ្ញ ការពាររបបរាជានិយម ការពារឯករាជ្យ អធិបតេយ្យ និងបូរណភាពទឹកដី ថែរក្សាសន្តិភាព ស្ថិរភាពនយោបាយ ទប់ស្កាត់ឧបាយកលបដិវត្តន៍ពណ៌ និងសកម្មភាពប្រទូសរ៉ាយគ្រប់បែបយ៉ាងរបស់ក្រុមប្រឆាំង និងមជ្ឈដ្ឋានអគតិនានា ដែលប៉ុនប៉ងឥតឈប់ឈរ សំដៅរាំងខ្ទប់ការអភិវឌ្ឍ និងរុញច្រានកម្ពុជាឲ្យឃ្លាតចេញពីមាគ៌ាប្រជាធិបតេយ្យ និងនីតិរដ្ឋ ។ ព្រមជាមួយនេះ កម្ពុជាបានកសាងទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការដ៏ល្អជាមួយគ្រប់ប្រទេស ហើយបានចូលរួមដោយស្មើភាព និងស្មើសិទ្ធិក្នុងរាល់កិច្ចការអន្តរជាតិ ៕

អត្ថបទទាក់ទង