ខ្មែរប៉ុស្ដិ៍ Close

កម្ពុជា និងតាជីគីស្ថាន ព្រមព្រៀងអនុវត្តន៍ការងារ៣ចំណុច ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ

ដោយ៖ រៀម វណ្ណា ​​ | ថ្ងៃសៅរ៍ ទី១៥ ខែមិថុនា ឆ្នាំ២០១៩ ព័ត៌មានទូទៅ 36
កម្ពុជា និងតាជីគីស្ថាន ព្រមព្រៀងអនុវត្តន៍ការងារ៣ចំណុច ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ កម្ពុជា និងតាជីគីស្ថាន ព្រមព្រៀងអនុវត្តន៍ការងារ៣ចំណុច ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ

(តាជីគីស្ថាន)ក្នុងដំណើរអញ្ជើញចូលរួមកិច្ចប្រជុំកំពូលើកទី៥នៃសន្និសីទស្តីពីអន្តរសកម្មភាពនិងវិធានការកសាងទំនុកចិត្តនៅអាស៊ី(CICA) នៅលើទឹកដីតាជីគីស្ថាន, នៅព្រឹកថ្ងៃសៅរ៍ទី១៥ខែមិថុនាឆ្នាំ២០១៩នេះលោកនាយករដ្ឋមន្ត្រីហ៊ុនសែនបានអញ្ជើញជួបសម្តែងការគួរសមនិងពិភាក្សាលើការងារមួយចំនួនជាមួយលោកអ៉ីម៉ូម៉ាលីរ៉ាហម៉ុន(EMomali Rahmon) ប្រធានាធិបតីតាជីគីស្ថាន។

លោកស្រ៉ីថាមរុង្គរដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីបានថ្លែងឱ្យដឹងនៅក្រោយជំនួបថាក្នុងជំនួបនេះលោកប្រធានាធិបតីបានសម្តែងការស្វាគមន៍និងវាយតម្លៃខ្ពស់ចំពោះលោកនាយករដ្ឋមន្ត្រីហ៊ុនសែនដែលបានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ចូលរួមសន្និសីទកំពូលCICA នៅតាជីគីស្ថាន។លោកប្រធានាធិបតីបានបង្ហាញបំណងប្រាថ្នាពង្រឹងទំនាក់ទំនងជាមួយកម្ពុជាផងដែរ។

ជាកិច្ចឆ្លើយតបលោកនាយករដ្ឋមន្ត្រីហ៊ុនសែនបានថ្លែងអំណរគុណប្រធានាធិបតីតាជីគីស្ថានដែលបានអញ្ជើញសម្តេចចូលរួមក្នុងកិច្ចប្រជុំCICA និងបានទទួលបដិសណ្ឋារកិច្ចយ៉ាងកក់ក្តៅចំពោះសម្តេចនិងគណៈប្រតិភូកម្ពុជាទាំងមូល។

លោកនាយករដ្ឋមន្ត្រីហ៊ុនសែនបានអបអរសាទរនិងវាយតម្លៃខ្ពស់ចំពោះប្រធានាធិបតីតាជីគីស្ថានដែលបានធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលCICA

ក្នុងជំនួបនោះលោកនាយករដ្ឋមន្ត្រីហ៊ុនសែននិងលោកប្រធានាធិបតីតាជីគីស្ថានបានពិភាក្សាទៅលើការទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការនៃប្រទេសទាំងពីរផងដែរ។លោកនាយករដ្ឋមន្ត្រីហ៊ុនសែនបានកត់សម្គាល់ថាកម្ពុជានិងតាជីគីស្ថានបានចុះហត្ថលេខាក្នុងការកសាងទំនាក់ទំនងការទូតតាំងពីឆ្នាំ១៩៩៥មកតែរហូតមកដល់ពេលនេះមិនទាន់មានកិច្ចសហប្រតិបត្តិការល្អប្រសើរនៅឡើយនោះទេ។

លោកនាយករដ្ឋមន្ត្រីហ៊ុនសែនបានលើកឡើងជាការផ្តួចផ្តើមចំនួន៣ដើម្បីពួនជ្រុំទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការប្រទេសទាំងពីរឱ្យកាន់តែល្អប្រសើរថែមទៀត។គំនិតផ្តួចផ្តើមទាំង៣នោះរួមមាន៖

១៖ស្នើសុំឱ្យមានការតែងតាំងឯកអគ្គរាជកម្ពុជានៅប្រទេសតាជីគីស្ថានហើយតាជីគីស្ថានតែងតាំងឯកអគ្គរដ្ឋទូតនៅកម្ពុជាផងដែរ។ជាមួយសំណើនេះលោកនាយករដ្ឋមន្ត្រីហ៊ុនសែនក៏បានសម្រេចតែងតាំងឯកអគ្គរាជទូតកម្ពុជាប្រចាំនៅទីក្រុងមូស្គូប្រទេសរុស្សុីជាឯកអគ្គរាជទូតប្រចាំប្រទេសតាជីគីស្ថាន។

ទី២៖ស្នើឱ្យក្រសួងការបរទេសប្រទេសទាំងពីរពិនិត្យលទ្ធភាពរៀបចំឱ្យមានអនុស្សារណៈនៃការយោគយល់គ្នាមួយដើម្បីឱ្យមានកិច្ចពិគ្រោះនយោបាយរវាងក្រសួងការបរទេសប្រទេសទាំងពីរ។ជាពិសេសដើម្បីពិនិត្យមើលអាទិភាពនៃកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ចពាណិជ្ជកម្មវិនិយោគវប្បធម៌និងទេសចរណ៍។ល។

ទី៣៖ស្នើសុំឱ្យមានការផ្លាស់ប្តូរទស្សនកិច្ចកម្រិតខ្ពស់ដើម្បីបានពិគ្រោះយោបល់គ្នានិងយល់ដឹងគ្នាកាន់តែច្រើនថែមទៀត។ជាមួយគ្នានេះលោកនាយករដ្ឋមន្ត្រីហ៊ុនសែនក្នុងនាមជាព្រះរាជតំណាងព្រះមហាក្សត្រខ្មែរបានគោរពអញ្ជើញប្រធានាធិបតីតាជីគីស្ថានបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជាតាមពេលវេលាសមស្រប។

ប្រធានាធិបតីតាជីគីស្ថានបានឯកភាពទាំងស្រុងលើគំនិតផ្តួចផ្តើមរបស់លោកនាយករដ្ឋមន្ត្រីហ៊ុនសែន។ពាក់ព័ន្ធការជំរុញក្នុងវិស័យពាណិជ្ជកម្មសេដ្ឋកិច្ចកសិកម្មការវិនិយោគរួមគ្នាជាពិសេសក្នុងវិស័យឧស្សាហកម្មនោះ, លោកប្រធានាធិបតីតាជីគីស្ថានបានបញ្ជាក់ថាតាជីគីស្ថានមានបំណងនាំចូលនិងទិញក្រណាត់និងផលិតផលសម្លៀកបំពាក់ដែលកម្ពុជាផលិតបានដើម្បីជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសេដ្ឋកិច្ចរវាងប្រទេសទាំងពីរហើយក៏បានស្នើឱ្យបង្កើតក្រុមប្រឹក្សាធុរកិច្ចរវាងប្រទេសទាំងពីរផងដែរ។

ក្រៅពីនោះលោកប្រធានាធិបតីក៏ស្នើឱ្យជំរុញវិស័យទេសចរណ៍និងជំរុញកិច្ចសហប្រតិបត្តិការនៅអង្គការសហប្រជាជាតិនិងភ្នាក់ងារអង្គការអន្តរជាតិនានា។លោកប្រធានាធិបតីតាជីគីស្ថានក៏បានស្នើសុំអញ្ជើញលោកនាយករដ្ឋមន្ត្រីហ៊ុនសែនបំពេញទស្សនកិច្ចផ្លូវការនៅតាជីគីស្ថានតាមពេលវេលាសមស្របដើម្បីជំរុញកិច្ចសហប្រតិបត្តិការលើវិស័យដែលមានផលប្រយោជន៍ទៅវិញទៅមក៕