មូលហេតុដែល កម្ពុជាស្នើហុងគ្រី ជួយជួសជុលប្រាសាទកោះកេរ ក្នុងខេត្តព្រះវិហារ!
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានស្នើឲ្យនាយករដ្ឋមន្ត្រី ហុងគ្រី លោក វីទ័រ អូបេន (Viktor Orban) ជួយដល់កម្ពុជាក្នុងការជួយជួសជុល ប្រាសាទកោះកេរ ដែលស្ថិតក្នុងឃុំស្រយ៉ង់ ស្រុកគូលែន ខេត្តព្រះវិហារ។
ការស្នើនេះធ្វើឡើងក្នុងជំនួបកំពូលទ្វេភាគីរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលហុងគ្រី នៅវិមានកាម៉េលីតា ដែលជាវិមានរដ្ឋាភិបាល ក្នុងទីក្រុងប៊ុយដាប៉េស នារសៀលថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៩ (ម៉ោងនៅប្រទេសហុងគ្រី) នៃដំណើរបំពេញទស្សនកិច្ចផ្លូវការជាលើកដំបូងរបស់សម្តេចតេជោ ហ៊ុន សែន នៅប្រទេសហុងគ្រី។
ការដែលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ស្នើឲ្យហុងគ្រី ជួយជួសជុលប្រាសាទកោះកេរនោះ ដោយសារតែប្រទេសហុងគ្រី មានបទពិសោធន៍ ធ្លាប់អភិរក្សតំបន់ប្រវត្តិសាស្រ្តបុរាណរបស់ខ្លួន។
ប្រាសាទកោះកេរ មានទីតាំងស្ថិតនៅ ក្នុងភូមិស្រយ៉ង់ជើង ឃុំស្រយ៉ង់ ស្រុកគូលេនខេត្តព្រះវិហារ មានចំងាយ ៧២គីឡូម៉ែត្រ ពីទីរួមខេត្តសៀមរាប។ កោះកេរ គឺជារាជធានីចាស់បុរាណ មានអាយុប្រមាណជាង ១០០០ឆ្នាំមកហើយ។ ប្រាសាទនៅតំបន់កោះកេរ្តិ៍ភាគច្រើន ត្រូវបានកសាងឡើងក្នុងរជ្ជកាលព្រះបាទជ័យវរ្ម័នទី៤ ក្នុងសតវត្សរ៍ទី១០ (៩២៨-៩៤២)។
លើកពីនេះក្នុងជំនួប ដែលបានចំណាយពេលប្រមាណជិត២ម៉ោង ប្រមុខរដ្ឋាភិបាលនៃប្រទេសទាំងពីរ បានឯកភាពគ្នាក្នុងពង្រឹង និងពង្រីកទំនាក់ទំនងកិច្ចសហប្រតិបត្តិការ លើគ្រប់វិស័យសម្រាប់ប្រទេសទាំងពីរ ឲ្យកាន់តែខ្ពស់ថែម ពិសេសការជួយគាំទ្រគ្នាទៅវិញទៅមក ទាំងក្នុងក្របខណ្ឌទ្វេភាគី ពហុភាគី តំបន់ និងអន្តរជាតិ ដែលមានការយកចិត្តទុកដាក់ដូចគ្នា៕