ខ្មែរប៉ុស្ដិ៍ Close

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ព្រមានក្រុមប្រឆាំងកុំឱ្យយល់ច្រឡំថា យុទ្ធនាការហូបនំបញ្ចុក ឈានទៅដល់ការចរចានយោបាយ

ដោយ៖ ប្រាជ្ញ សុវណ្ណរ៉ា ​​ | ថ្ងៃព្រហស្បតិ៍ ទី៦ ខែមិថុនា ឆ្នាំ២០១៩ ទស្សនៈ - នយោបាយ 29
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ព្រមានក្រុមប្រឆាំងកុំឱ្យយល់ច្រឡំថា យុទ្ធនាការហូបនំបញ្ចុក ឈានទៅដល់ការចរចានយោបាយ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ព្រមានក្រុមប្រឆាំងកុំឱ្យយល់ច្រឡំថា យុទ្ធនាការហូបនំបញ្ចុក ឈានទៅដល់ការចរចានយោបាយ

(ភ្នំពេញ)៖ គ្មានទេការចរចានយោបាយណាមួយ ទោះបីជាគណបក្សកាន់អំណាច និងអតីតគណបក្សប្រឆាំង បានដាក់ចេញនូវយុទ្ធនាការដូ ចគ្នា គឺទទួលទាននំបញ្ចុក ទូទាំងប្រទេស នាអាទិត្យ ថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០១៩ ក៏ដោយ។ នេះបើតាមការបញ្ជាក់របស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិតសាកលវិទ្យាល័យពុទ្ធិសាស្ត្រ នៅព្រឹកថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០១៩។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា យុទ្ធនាការហូបនំបញ្ចុកសាមគ្គី និងឯកភាពជាតិ បានធ្វើឱ្យនំបញ្ចុក ដែលជាផលិតផលខ្មែរនេះត្រូវប៉ាន់ ហើយអាចនឹងមានការផលិតនំបញ្ចុករហូតដល់ រាប់ពាន់តោនក៏ថាបាន។ ទោះជាយ៉ាងនេះក្តី សម្តេចបានមើលឃើញថា អតីតប្រឆាំង ក៏បានឆ្លៀតឱកាសកេងចំណេញ ដោយវិភាគថា យុទ្ធនាការដូចគ្នានេះជំរុញឱ្យភាគីទាំងពីរ ឈានទៅការចរចានយោបាយ។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងដូច្នេះថា៖ «សុំកុំយកបញ្ហាដែលខ្ញុំនិយាយនេះ ធ្វើជាការវិភាគអ្វីផ្សេង ក្រៅពីរឿងស៊ីនំបញ្ចុក ព្រោះអ្នកខ្លះគិតថា វាជាជំហានទៅដល់ការចរចានយោបាយស្អីៗ សុំកុំភាន់ច្រឡំ ខ្ញុំនិយាយតែរឿងនំបញ្ចុកសុទ្ធសាធ និងសាមគ្គីភាព ឯកភាពជាតិ តាមរយៈការទទួលទាននំបញ្ចុកថ្ងៃ៩មិថុនានេះតែម្តង»។ កាលពីថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០១៩ បន្ទាប់ពីសម្តេចតេជោ ហ៊ុន សែន ប្រកាសឱ្យសមាជិកគណបក្សប្រជាជនកម្ពុជា បើកយុទ្ធនាការហូបនំបញ្ចុកទូទាំងប្រទេស លោក អេង ឆៃអ៊ាង បានបង្ហោះរូបលោក សម រង្ស៉ី ដែលកំពុងរត់គេចខ្លួន ជាមួយនឹងសម្តេចតេជោ ហ៊ុន សែន ហើយបង្ហាញអំពីបំណងចង់ឱ្យមេដឹកនាំទាំងពីរ អង្គុយទទួលទាននំបញ្ចុកជាមួយគ្នា។

លោកបានបង្ហោះនៅលើ Facebook យ៉ាងដូច្នេះថា៖ «ប្រសិនបើ លោក ហ៊ុន សែន និងលោក សម រង្សុី អង្គុយទទួលទាននំបញ្ចុកជាមួយគ្នា នោះទិវានំបញ្ចុកនឹងក្លាយជា ទិវាផ្សះផ្សា និងបង្រួបបង្រួមជាតិ ។ អ្នកនយោបាយ គ្មានសត្រូវ ឬមិត្ត នឹងគ្នា មួយជីវិតឡើយ!»។ ចំណែក លោក សម រង្ស៉ី ដែលតែងវាយប្រហារលើរាជរដ្ឋាភិបាល និងគណបក្សប្រជាជនកម្ពុជា បានបន្ទន់ឥរិយាបទ អំពីការបំភ័យសមាជិករបស់ខ្លួន ក្នុងការទទួលទាននំបញ្ចុកកន្លងមក ក៏បានអំពាវនាវឱ្យសមាជិកខ្លួនទទួលទាននំបញ្ចុកជុំគ្នាដោយរីករាយ នៅថ្ងៃអាទិត្យខាងមុខនេះផងដែរ។

លោកបានបញ្ជាក់ថា៖ «ថ្ងៃអាទិត្យ ទី០៩ មិថុនា ខាងមុខនេះ សូមបងប្អូនជនរួមជាតិ និងកូនក្មួយទាំងអស់ នៅប្រទេសកម្ពុជា ជួបជុំគ្នាពិសារនំបញ្ចុកជាមួយគ្នា យ៉ាងសប្បាយរីករាយទាំងអស់គ្នា ដោយគ្មានការភ័យខ្លាចអ្វីឡើយ។ សូមបងប្អូននិងកូនក្មួយ អញ្ជើញអ្នកជិតខាងមកទទួលទាននំបញ្ចុកនេះ ជាមួយយើងផង ហើយបើគេអញ្ជើញយើងទៅហូបជាមួយគេ សូមអញ្ជើញទៅដោយចិត្តរីករាយ ក្នុងស្មារតីភាតរភាព ពីព្រោះយើងទាំងអស់គ្នា ជាមហាគ្រួសារខ្មែរតែមួយ»។

ជាមួយគ្នានឹងការប្រកាសកុំឱ្យយល់ច្រឡំថា មានការចរចានយោបាយដោយសារយុទ្ធនាការនំបញ្ចុកនេះ សម្តេចតេជោ ហ៊ុន សែន ក៏បានប្រាប់ទៅសមាជិកគណបក្សប្រជាជនកម្ពុជា ដែលរៀបចំកម្មវិធីនំបញ្ចុក នៅថ្ងៃទី០៩ ខែមិថុនា ខាងមុខនេះ មិនត្រូវប្រកាន់បក្ខពួកនោះទេ។ សម្តេចថ្លែងថា នៅតាមមូលដ្ឋាន សមាជិកគណបក្សប្រជាជនកម្ពុជា ក៏អាចអញ្ជើញសមាជិកបក្សដទៃមកចូលរួមទទួលទានបានដែរ មិនតែប៉ុណ្ណោះ បើសិនជាមានបក្សដទៃហៅសមាជិកគណបក្សប្រជាជនទទួលទាននំបញ្ចុក សម្តេចក៏បានអនុញ្ញាតឱ្យសមាជិកនោះចូលរួមផងដែរ។

នំបញ្ចុកខ្មែរ ពេលនេះ បានក្លាយទៅជារបៀបវារៈនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា និងអតីតក្រុមប្រឆាំង។ នាពេលកន្លងទៅ ក្រុមប្រឆាំងបានប្រើយុទ្ធនាការហូបនំបញ្ចុក ដើម្បីកៀរគរកម្លាំងរៀបចំផែនការបះបោរ និងរង់ចាំស្វាគមន៍ ទណ្ឌិត សម រង្ស៊ី ដែលប្រកាសវិលចូលស្រុកវិញនៅឆ្នាំ២០១៩ ក្នុងគោលដៅបង្កឱ្យមានការបែកបាក់ជាតិជាថ្មី។ ដោយមើលឃើញអំពីការប្រើប្រាស់យុទ្ធនាការហូបនំបញ្ចុក ក្នុងគោលដៅទុច្ចរិតបែបនេះ សម្ដេចតេជោ ហ៊ុន សែន បានបង្វែរព្រឹត្តិការណ៍ហូបនំបញ្ចុកទៅជារឿងល្អឡើងវិញ ក្នុងគោលដៅសាមគ្គី និងឯកភាពជាតិ។ សម្តេចបានលើកឡើងថា ការហូរនំបញ្ចុកមិនអាចក្លាយទៅជាការបំបែកបំបាក់ជាតិបានទេ ហើយសម្ដេចក៏បានណែនាំដល់សមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជាទាំងអស់ រួមគ្នារៀបចំកម្មវិធីហូបនំបញ្ចុក នៅថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០១៩ ខាងមុខនេះ៕

អត្ថបទទាក់ទង