ខ្មែរប៉ុស្ដិ៍ Close

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ឯកភាពបន្តអនុគ្រោះពន្ធលើវិស័យអប់រំ ដើម្បីពង្រីកវិសាលភាពគរុកោល្យឱ្យកាន់តែមានប្រសិទ្ធភាព

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃព្រហស្បតិ៍ ទី១៩ ខែធ្នូ ឆ្នាំ២០១៩ ព័ត៌មានទូទៅ 60
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ឯកភាពបន្តអនុគ្រោះពន្ធលើវិស័យអប់រំ ដើម្បីពង្រីកវិសាលភាពគរុកោល្យឱ្យកាន់តែមានប្រសិទ្ធភាព លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ឯកភាពបន្តអនុគ្រោះពន្ធលើវិស័យអប់រំ ដើម្បីពង្រីកវិសាលភាពគរុកោល្យឱ្យកាន់តែមានប្រសិទ្ធភាព

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅរសៀលទី១៨ ខែធ្នូ ឆ្នាំ២០១៩ បានអនុញ្ញាតិអោយសមាគមគ្រឹះស្ថានឧត្តមសិក្សាដែលដឹកនាំដោយលោក ហេង វ៉ាន់ដា ជួបពិភាក្សាការងារ នៅវិមានសន្តិភាព រាជធានីភ្នំពេញ។ ក្នុងជំនួបនោះ លោក ហេង វ៉ាន់ដា បានគោរពរាយការណ៍ជូនលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន អំពីវឌ្ឍនភាពរបស់សមាគមគ្រឹះស្ថានឧត្តមសិក្សាកម្ពុជារយៈពេលមួយឆ្នាំកន្លងមក។

ឆ្លៀតក្នុងឱកាសនោះ លោកក៏បានគោរពស្នើសុំការណែនាំ និងអនុសាសន៍ដ៏ខ្ពង់ខ្ពស់ពីលោកនាយករដ្ឋមន្រ្តី និងសុំនូវសេចក្តីសម្រេចលើបញ្ហា៣ដែលក្នុងនោះរួមមាន៖

ទី១- គឺសុំបន្តការអនុគ្រោះលើបញ្ហាពន្ធដូចដែលបានអនុវត្តកន្លងមក គឺសូមអនុគ្រោះពីឆ្នាំ២០២០ រហូតដល់ឆ្នាំ២០២៣ ដូចដែលបានធ្វើកន្លងមក។
ទី២- គឺការវាយតម្លៃគុណភាពគ្រឹះស្ថានឧត្តមសិក្សា និង
ទី៣- គឺការពង្រីកវិសាលភាពគរុកោសល្យ។

ជាការឆ្លើយតប លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានឯកភាពលើបញ្ហាអនុគ្រោះពន្ធ គឺបន្តអនុគ្រោះពន្ធឆ្នាំ ២០២០ ដល់ឆ្នាំ២០២៣។ ទាក់ទងទៅនឹងការពង្រីកវិសាលភាពបណ្ដុះបណ្ដាលគរុកោសល្យ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានមានប្រសាសន៍ថា ករណីនេះត្រូវធ្វើតាមវិទ្យាស្ថានជាតិអប់រំបណ្ដុះបណ្ដាលគរុកោសល្យដែលមានស្រាប់។

គួរបញ្ជាក់ថា ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងយកចិត្តទុកដាក់ខ្ពស់លើការបណ្តុះបណ្តាលធនធានមនុស្ស ដោយបានចាត់ទុកថា មនុស្ស គឺជាគោលនយោបាយអាទិភាពនៅក្នុងយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤នេះ៕

អត្ថបទទាក់ទង