ខ្មែរប៉ុស្ដិ៍ Close

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន៖ ៩ មិថុនា កម្ពុជាហូបនំបញ្ចុកសាមគ្គីភាព និងឯកភាពជាតិខ្មែរ

ដោយ៖ ប្រាជ្ញ សុវណ្ណរ៉ា ​​ | ថ្ងៃព្រហស្បតិ៍ ទី៦ ខែមិថុនា ឆ្នាំ២០១៩ ព័ត៌មានទូទៅ 48
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន៖ ៩ មិថុនា កម្ពុជាហូបនំបញ្ចុកសាមគ្គីភាព និងឯកភាពជាតិខ្មែរ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន៖ ៩ មិថុនា កម្ពុជាហូបនំបញ្ចុកសាមគ្គីភាព និងឯកភាពជាតិខ្មែរ

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងអំពាវដល់សមាជិកសមាជិកាគណបក្សប្រជាជនកម្ពុជា និងប្រជាពលរដ្ឋទូទាំងប្រទេស សូមហូបនំបញ្ចុកទាំងអស់គ្នា នៅថ្ងៃទី៩ មិថុនា ២០១៩ ជាពិសេស នៅតាមវត្តអារាម សូមរៀបចំចង្ហាន់នំបញ្ចុកប្រគេនចង្ហាន់ព្រះសង្ឃផងដែរ។ លោកបានថ្លែងដូចនេះ នៅព្រឹកថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០១៩ ក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិតផ្នែកសុខាភិបាលមកពីសាកលវិទ្យាល័យពុទ្ធិសាស្ត្រសរុបប្រមាណជាង១៣០០នាក់ ដែលពិធីនេះប្រារព្ធធ្វើឡើងនៅមជ្ឈមណ្ឌលកោះពេជ្រ រាជធានីភ្នំពេញ។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបន្ថែមថា ចំណែកខាងបងប្អូនខ្មែរឥស្លាម និងខាងវិហារគ្រឹស្ទសាសនាវិញ ក៏សូមអញ្ជើញហូបនំបញ្ចុកទាំងអស់គ្នា។ ការហូបនំបញ្ចុក នៅថ្ងៃទី៩ មិថុនា ខាងមុខនេះ គឺបង្ហាញពីសាមគ្គីជាតិ និងឯកភាពជាតិ។ សូមកុំលាបពណ៌ដាក់គ្នា ជាពិសេសនំបញ្ចុក គឺជាអាហារអត្តសញ្ញាណជាតិរបស់យើង។ លោក ក៏បានបញ្ជាក់ផងដែរថា កុំរង់ចាំដល់ថ្ងៃទី០៩ មិថុនា បើឃ្លានថ្ងៃនេះគឺសូមហូបថ្ងៃនេះតែម្តងទៅ ហើយថ្ងៃ០៩ មិថុនា យើងហូបជុំគ្នាម្ដងទៀត។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏បានអរគុណទុកជាមុនដល់ម្ចាស់ផ្ទះជួលកម្មករ និងរោងចក្រសហគ្រាសនានា ដែលនឹងរៀបចំនំបញ្ចុកសម្រាប់បងប្អូនកូនក្មួយកម្មករ កម្មការិនី ហូបជុំគ្នាមួយពេលអោយបានសប្បាយនៅថ្ងៃទី ៩ មិថុនា ខាងមុខនេះ ដែលបង្ហាញពីសេចក្តីស្រឡាញ់ និងសាមគ្គីភាព រវាងម្ចាស់ផ្ទះជួល និង កម្មករ កម្មការិនី និងជាមួយម្ចាស់រោងចក្រសហគ្រាសផងដែរ។ លោកបានបញ្ជាក់ផងដែរថា ការញ៉ាំនំបញ្ចុកជុំគ្នានៅថ្ងៃទី៩ មិថុនា ខាងមុខនេះ គឺមិនមែនជាជំហានឆ្ពោះទៅរកការចរចារនយោបាយអ្វីឡើយ ប៉ុន្តែគឺជារឿងទទួលទាននំបញ្ចុករួមគ្នាដើម្បីពង្រឹងសាមគ្គីភាព មិត្តភាព និងឯកភាពខ្មែរតែប៉ុណ្ណោះដោយមិនរើសអើងបក្សនយោបាយណាមួយឡើយ គឺយើងអាចហូបរួមគ្នា៕

អត្ថបទទាក់ទង